ជាតិ
សុខភាព
កង្វះ​ទឹកស្អាត​-​អនាម័យ ជា​ប្រធានបទ​ស្នូល នៃ​ជ័យលាភី​អ្នកសារព័ត៌មាន ៦​នាក់​
14, Jan 2019 , 1:04 pm        
រូបភាព
រូបពី DMC
រូបពី DMC
​ភ្នំពេញ​៖ អ្នកសារព័ត៌មាន ៦​នាក់ បាន​ជាប់​ជ័យលាភី​ការរាយការណ៍​ស្ដីពី «​វិស័យ​ទឹក និង​អនាម័យ​ជនបទ​ឆ្នាំ​២០១៨» ដែល​រៀបចំ​ដោយ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ និង​ឧបត្ថម្ភ​ដោយ​អង្គការ WaterAid ។ ជ័យលាភី​ទាំង​៦​នាក់​នេះ ត្រូវបាន​បែងចែក​ជា​បី​ផ្នែក គឺ​សិក្ខាកាម​ថ្នាក់​ស៊ីជម្រៅ​, សិក្ខាកាម​ថ្នាក់មូលដ្ឋាន និង​អ្នកសារព័ត៌មាន​ចូលរួម​ប្រកួតប្រជែង​។


​កាលពី​ថ្ងៃទី​១២ មករា​កន្លងមក ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ (DMC) បាន​រកឃើញ​ជ័យលាភី​រាយការណ៍​ពី «​វិស័យ​ទឹក និង​អនាម័យ​ជនបទ​ឆ្នាំ​២០១៨» ចំនួន ៦​នាក់ ដែលជា​សិក្ខាកាម​ថ្នាក់​ស៊ីជម្រៅ​, សិក្ខាកាម​ថ្នាក់មូលដ្ឋាន និង​អ្នកសារព័ត៌មាន​ចូលរួម​ប្រកួតប្រជែង​។ ជ័យលាភី​ទាំង​៦​នាក់​នេះ ត្រូវបាន​បែងចែក​ជា​បី​ផ្នែក គឺ​សិក្ខាកាម​ថ្នាក់​ស៊ីជម្រៅ​, សិក្ខាកាម​ថ្នាក់មូលដ្ឋាន និង​អ្នកសារព័ត៌មាន​ចូលរួម​ប្រកួតប្រជែង​។ ក្នុងការ​ប្រកួតប្រជែង​នេះ ជ័យលាភី​លេខ​១ ទទួលបាន​ថវិកា​ចំនួន ៦៥០​ដុល្លារ​, លេខ ២ ទទួល​ថវិកា​ចំនួន ៣៥០​ដុល្លារ និង​ពានរង្វាន់​ម្នា​ក់មួយ​។ 

​សិក្ខាកាម​ថ្នាក់​ស៊ីជម្រៅ ដែល​ទទួលបាន​ជ័យលាភី​លេខ​១ បាន​លើ​លោក ម៉ៅ សំណាង អ្នកសារព័ត៌មាន​ទូរទស្សន៍ PNN ស្ដីពី​«​អាសេនិច​ឃាតក​លាក់​មុខ​ក្នុង​ទឹក​អណ្តូង​បន្ត​អន្ទង​ជីវិត​អ្នកភូមិ​ទួល​ស្វាយ​» និង​លេខ ២ លោក កែវ សុខា អ្នកសារព័ត៌មាន​វិទ្យុ​ស្ត្រី ស្ដីពី​«​ពលរដ្ឋ​ជនបទ​មួយចំនួន​នៅតែ​ទម្លាប់​ខ្ចី​បង្គន់​គ្នា​ប្រើ​ដោយ​មិន​សង់​ទោះបី​ជីវភាព​ល្អប្រសើរ​ក្តី​»​។ សម្រាប់​សិក្ខាកាម​ថ្នាក់មូលដ្ឋាន លេខ​១ បាន​លើ​លោកស្រី សែម ពិសី អ្នកសារព័ត៌មាន MJQTV ស្ដីពី​«​ការកែលម្អ​បង្គន់​អនាម័យ​នៅ​មណ្ឌល​សុខ​ភាពជា​តម្រូវ​ការចាំបាច់​របស់​ស្ត្រី​មាន​ផ្ទៃពោះ​» និង​លេខ ២ លោក ថេ​ង ខេមរា អ្នកសារព័ត៌មាន​វិទ្យុ​សំឡេង​យុវជន VOY ស្ដីពី​«​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​នៅតែ​ជា​បញ្ហា​ចម្បង​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​»​។ 

​ដោយឡែក​អ្នកសារព័ត៌មាន​ចូលរួម​ប្រកួតប្រជែង លេខ​១ បាន​លើ លោក ទ្រី ស៊ុ​ង​ហ៊ី អ្នកសារព័ត៌មាន​វិទ្យុ​វាយោ ស្ដីពី​«​អ្នកភូមិ​នៅក្បែរ​រណ្ដៅ​សំរាម​ជើងឯក​បារម្ភ​ពី​សុខភាព​ខណៈ​បន្ត​ប្រើ​ទឹក​អណ្ដូង​មាន​ក្លិនស្អុយ​» និង​លេខ ២ កញ្ញា អេង គីម​ហុង អ្នកសារព័ត៌មាន​វិទ្យុ​បារាំង​អន្តរជាតិ ស្ដីពី​«​រដូវ​៖ កង្វះ​ការអប់រំ និង​ភាព​អៀនខ្មាស នៅតែ​ជា​បញ្ហា​ប្រឈម​របស់​សិស្សស្រី​ជនបទ​»​។ 

​សូមបញ្ជាក់ថា ការប្រកួតប្រជែង​ស្នាដៃ​ព័ត៌មាន​អំពី​វិស័យ​ទឹក និង​អនាម័យ​ជនបទ​នេះ មាន​អ្នកចូលរួម​ប្រកួត​ចំនួន ៤០​នាក់ ក្នុងនោះ​សិក្ខាកាម​ថ្នាក់​ស៊ីជម្រៅ​ចំនួន ១៦​នាក់​, សិក្ខាកាម​ថ្នាក់​មូលដ្ឋានចំនួន ២០​នាក់ និង​អ្នកសារព័ត៌មាន​ចូលរួម​ប្រកួតប្រជែង​ចំនួន ៤​នាក់​។ កម្មវិធី​ប្រកួតប្រជែង​នេះ រៀបចំ​ដោយ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​, ឧបត្ថម្ភ​ដោយ​អង្គការ WaterAid ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​វិស័យ​ទឹកស្អាត​របស់​អង្គការសហប្រជាជាតិ​៕

Tag:
 ជ័យលាភី​
 ​ទឹកស្អាត​
© រក្សាសិទ្ធិដោយ thmeythmey.com