ជាតិ
សេដ្ឋកិច្ច
ផ្លូវ​ក្រវាត់ក្រុង​ទី​៣​ប្រវែង ៥៣​គីឡូម៉ែត្រ ចំណាយ​ថវិកា ២៧៣​លាន​ដុល្លារ
14, Jan 2019 , 2:19 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ប្រវែង ៥៣​គីឡូម៉ែត្រ នៅ​ថ្ងៃទី​១៤​ខែមករា​នេះ​។​


 
​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ត​ភ្ជាប់​ចេញពី​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៤.១០៥ ទៅ​ចំណុច​បញ្ចប់​នៅ​គីឡូម៉ែត្រ ២៤.៨៤០ នៃ​ផ្លូវជាតិ​លេខ​១​។ ផ្លូវ​នេះ​មាន​ប្រវែង ៥៣​គីឡូម៉ែត្រ ដែល​ក្នុងនោះ ១៥​គីឡូម៉ែត្រ​ស្ថិតក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ចម្ងាយ​៣៨​គីឡូម៉ែត្រ ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តកណ្ដាល​។ មុននឹង​ត​ភ្ជាប់​ដល់​ផ្លូវជាតិ​លេខ​១ គម្រោង​នេះ​ក៏​នឹងត្រូវ​សាងសង់​ស្ពាន​ឆ្លងទន្លេ​ចំនួន​ពីរ​នៅ​តំបន់​កោះអន្លង់ចិន​ផងដែរ​។ 
 
​ផ្លូវ​នេះ​មាន​ទំហំ​ទទឹង ២៧​ម៉ែត្រ​នៅ​ទីប្រជុំជន និង ២៥​ម៉ែត្រ​នៅក្រៅ​ទីប្រជុំជន​។ ហើយ​គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​នេះ នឹង​បង្កើត​ស្ពាន​អាកាស​ចំនួន​៤ ។​
 
​ការស្ថាបនា​ផ្លូវ​នេះ នឹង​ប្រើ​រយៈពេល ៤២​ខែ ដែល​នឹង​បញ្ចា​ប់​នៅ​ខែធ្នូ​ឆ្នាំ​២០២១ ។ ហើយ​ការសាងសង់​នេះ គ្រោង​ចំណាយ ២៧៣ លាន​ដុល្លារ​អាមេរិក ដែលជា ប្រាក់កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​ចិន និង​ថវិកាបដិភាគ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​លើ​ផ្នែក​ដោះស្រាយ​ផលប៉ះពាល់ និង​ពន្ធអាករ​។ នេះ​បើតាម​ការ​ថ្លែង​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ​។​
 
​គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ​ផងដែរ ក៏​នឹងធ្វើ​ឲ្យ​មាន​ការតភ្ជាប់​ទៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ​៥ កាត់​ស្ពាន​ព្រែក​ព្នៅ មហាវិថី​ឈ្នះ​ឈ្នះ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៦ ។ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា គម្រោង​ផ្លូវ​ក្រវាត់ក្រុង​មួយ​នេះ នឹង​ក្លាយជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ចាំបាច់ ដែល​ត​ភ្ជាប់​ផ្លូវ និង​ទីតាំង​សំខាន់ៗ ដូចជា ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​២១ ផ្លូវជាតិ​លេខ​១ និង​ចំណត​ផែ​កុង​តេ​ន័​រ​ថ្មី​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ព្រមទាំង​ផ្លូវ​របៀង​សេដ្ឋកិច្ច​សំខាន់ៗ​មួយចំនួន​ផងដែរ​៕

Tag:
 ផ្លូវ​ក្រវាត់ក្រុង​ទី​៣
© រក្សាសិទ្ធិដោយ thmeythmey.com