កីឡាជាតិ
ជាតិ
ក្រុម Klach Ey ឈ្នះ​ជើងឯក MATIC 2019 ក្រោយ​បំបាក់​ក្រុម Suicide របស់​ម៉ាឡេស៊ី​
14, Jan 2019 , 9:39 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​អេ​ឡិច​ត្រូ​និ​ច Klach Ey កម្ពុជា គ្រង​ជើងឯក​ព្រឹត្តិការណ៍ MATIC អន្តរជាតិ​ប្រចាំឆ្នាំ​២០១៩ ក្រោយ​យកឈ្នះ​ក្រុម​ម៉ាឡេស៊ី Suicide នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល ២-០​។ ការអត់ធ្មត់​និង​អធ្យាស្រ័យ​គ្នា​ក្នុង​ក្រុម ត្រូវបាន​កីឡាករ គង់ សុវត្ថិ​ឌី ចាត់ទុកជា​កត្តា​ចម្បង ដែល​ជួយ​ឲ្យ​ក្រុម Klach Ey ឈ្នះ​ជើងឯក​សម្រាប់​ការចូលរួម​លើកដំបូង​របស់ខ្លួន​។

 
​ក្រោយ​ឈ្នះ​ជើងឯក​អន្តរជាតិ MATIC 2019 កីឡាករ គង់ សុវត្ថិ​ឌី ប្រធាន​ក្រុមកីឡា​អេ​ឡិច​ត្រូ​និ​ច Klach Ey ចាត់ទុក​ការចេះ​អត់ធ្មត់​និង​អធ្យាស្រ័យ​ឲ្យ​គ្នា​ពេល​សមាជិក​ណា​ម្នាក់​ក្នុង​ក្រុម​បង្កើត​កំហុស ជា​កត្តា​ចម្បង​ជួយ​ឲ្យ​ក្រុម​ខ្លួន ទទួលបាន​ជោគជ័យ​ដ៏​ធំធេង សម្រាប់​ការចូលរួម​លើកដំបូង​។ ការចេះ​បត់បែន​តាម​កាលៈទេសៈ លេង​ស៊ីសង្វាក់ និង​យល់ចិត្ត​គ្នា ក៏​ជា​កត្តា​រួមចំណែក​ក្នុង​ភាពជោគជ័យ​នេះដែរ​។​


 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌​ក្រោយ​ការប្រកួត​កីឡាករ គង់ សុវត្ថិ​ឌី បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុង​ការលេង យើង​ត្រូវ​ចេះ​អត់ឱន និង​អធ្យាស្រ័យ​គ្នា បើទោះជា​សមាជិក​ណា​ម្នាក់​បង្កកំហុស ឬ​ធ្វើ​អ្វី​ខុសពី​ក្បួន​ដែល​យើង​បាន​រៀប​ក៏ដោយ យើង​ត្រូវ​ចេះ​សម្រួល ដើម្បី​ឲ្យ​តិច​និករ​បស់​យើង​ដំណើរ​ទៅ​យ៉ាង​រលូន និង​ទទួលបាន​ជោគជ័យ​»​។​
 
​ជាមួយ​ការបង្ហាញ​អារម្មណ៍​រំភើប​រីករាយ ដែល​ក្រុម​ខ្លួន​បាន​នាំ​ជ័យជម្នះ​ដ៏​ធំធេង​ជូន​ជាតិ​មាតុភូមិ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ប្រធាន​ក្រុម​រូបនេះ​អះអាងថា ក្រុម​ពួកគេ​ក៏មាន​បញ្ហា​បន្តិចបន្តួច​ផងដែរ​ពេល​ប្រកួត​ដំបូង​។ ប៉ុន្តែ​ការខិតខំ​ស្វែងរក​តិច​និក​លេង និង​សិក្សា​ពី​ផែនទី ដែល​ភាគី​ម៉ាឡេស៊ី​ជា​អ្នក​ជ្រើសរើស ទើប​ធ្វើ​ក្រុម​គេ​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​។ 
 
​ក្រុមកីឡា​អេឡិចត្រូនិក Klach Ey ដែលជា​ម្ចាស់​ជើងឯក​ថ្នាក់ជាតិ​ទូទាំងប្រទេស បាន​យកឈ្នះ​ក្រុម Suicide របស់​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ២-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​គ្រង​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​អន្តរជាតិ MATIC 2019​។ តាមរយៈ​ជ័យជម្នះ​នេះ ក្រុម Klach Ey ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​៦​ពាន់​ដុល្លារ ខណៈ​ក្រុម​របស់​ម៉ាឡេស៊ី​ទទួលបាន​៣​ពាន់​ដុល្លារ​។ 


 
​សម្រាប់​ការប្រកួត​ដែល​រៀបចំ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​២ កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ ក្រុម​តំណាង​កម្ពុ​ជាមួយនេះ បាន​យកឈ្នះ​ក្រុម​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ៥-៣ ក្នុង​ហ្គេម​ទី​១ និង​បន្ត​យកឈ្នះ ៥-៣ ក្នុង​ហ្គេម​ទី​២ ដែល​ជួយ​ឲ្យ​ក្រុម​នេះ​ឈ្នះ​ជើងឯក​តែម្តង​។ មុន​ឡើងមក​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម Klach Ey បាន​យកឈ្នះ​គូប្រកួត​ជា​បន្តបន្ទាប់​ក្នុង​វគ្គ​ជម្រុះ​វិលជុំ ក្នុងនោះ​យកឈ្នះ​ក្រុម ម៉ាឡេស៊ី Suicide ៣-០, ឈ្នះ​ក្រុម​ថៃ Safety First ៣-១ និង​បន្ត​ឈ្នះ​ក្រុម​ចិន Ali Huaye ៣-២​។​
 
​ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា លោក ជា ច័ន្ទ​បរិបូរណ៍ បានចាត់ទុក​ជ័យជម្នះ​ខាងលើ​ជា​សមិទ្ធផល​ដ៏​ធំធេង និង​ជា​មោទកភាព​សម្រាប់​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត MATIC នៅ​ឆ្នាំ​២០១៩​នេះ​។ ជាមួយ​ការអបអរ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​រូបនេះ​បាន​បន្ថែមថា​៖«​បើ​និយាយ​ពី​វិញ្ញាសា MATIC កម្ពុជា​យើង​ឈរលើ​លទ្ធផល​មួយ គួរ​ឲ្យ​មោទកភាព​ណាស់​។ បើ​និយាយ​ពី​ប្រវត្តិ​ប្រកួត​កន្លងមក​ក្នុងចំណោម​៦​លើក កម្ពុជា​គ្រង​ជើងឯក​៣​លើក និង​ប្រទេស​ដទៃ​៣​លើក​»​។ 


 
​សម្រាប់​លោក ជា ច័ន្ទ​បរិបូរណ៍ កីឡា E-Sports ជា​ប្រភេទ​កីឡា​ដ៏​ពិបាក បើ​ធៀប​ទៅនឹង​កីឡា​ផ្សេងៗ​។ ព្រោះ​កីឡា​នេះ​គ្មាន​វិ​ញ្ញា​ជាក់លាក់​សម្រាប់​ប្រកួត​នោះទេ ពោលគឺ​ផ្លាស់ប្តូរ​ទៅតាម​ការវិវត្ត​នៃ​ប្រភេទ​ស​ហ្គេម​។ «​ខ្ញុំ​សុំ​បញ្ជាក់​បន្តិច​ថា វិញ្ញាសា E-Sports គឺ​ពិបាក​ណាស់ ព្រោះ​វា​មាន​វិញ្ញាសា​ច្រើន​។ បើ​យើង​ពង្រឹង​ផ្នែក​វិញ្ញាសា MATIC ជា​វិញ្ញាសា​មួយ​ក្នុងចំណោម​វិញ្ញាសា​ជាច្រើន យើង​ក៏ត្រូវ​ពង្រឹង​វិញ្ញាសា​ផ្សេងៗ​ផងដែរ ដើម្បី​ត្រៀម​ប្រកួត​លើ​ឆាក​អន្តរជាតិ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ជា ច័ន្ទ​បរិបូរណ៍​។  
 
​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត MATIC 2019 នេះដែរ​មាន​៤​ប្រទេស​ចូលរួម គឺ​ក្រុម Klach Ey របស់​ម្ចាស់ផ្ទះ​កម្ពុជា​, ក្រុម Ali Huaye របស់​ចិន​, ក្រុម Safety First របស់​ថៃ និង​ក្រុម Suicide របស់​ម៉ាឡេស៊ី​។ ក្នុងការ​ប្រកួត​នោះដែរ លោក ជា ច័ន្ទ បរិបូរណ៍ ក៏បាន​ប្រគល់​ទង់​ព្រឹត្តិការណ៍ MATIC ឲ្យ​ប្រទេស​ចិន ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ​នៅ​ឆ្នាំ​២០២០ ផងដែរ​៕  










 

Tag:
 អេ​ឡិច​ត្រូ​និ​ច​
  E-Sports
  ជា ច័ន្ទ​បរិបូរណ៍​
  គង់ សុវត្ថិ​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com