រថយន្ត
អន្តរជាតិ
រថយន្ត​ចំណាស់​ជាង​១០​ម៉ូ​ដែល ដែល​បង្ហាញ​ពី​ភាពខ្លាំង​របស់​អាល្លឺម៉ង់​ក្នុង​ឧស្សាហកម្ម​យានយន្ត​
14, Jan 2019 , 7:19 pm        
រូបភាព
ដោយ: ធីតា
​អាល្លឺម៉ង់​ត្រូវបាន​ចាត់ទុកជា​ទឹកដី​នៃ​ឧស្សាហកម្ម​យានយន្ត​ឈានមុខ​គេ​មួយ​លើ​ពិភពលោក មិន​ចាញ់​ចិន សហរដ្ឋអាមេរិក និង​ជប៉ុន​នោះឡើយ​។ នា​រយៈពេល​ជាង​១០០​ឆ្នាំ​កន្លងមកនេះ ឧស្សាហកម្ម​រថយន្ត​អាល្លឺម៉ង់ ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ជាពិសេស​លើ​គំនិត​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន​ម៉ាក​រថយន្ត​ល្បីៗ ដូចជា Mercedes-Benz, Audi, BMW, Opel, Porsche និង Volkswagen ជាដើម​។​

 
​ក្នុង​ទំព័រ​រថយន្ត​របស់ខ្លួន MNS.COM បានបង្ហាញ​ពី​រថយន្ត​ចំណាស់​ម៉ូ​ដែល ដែល​បង្ហាញថា អាល្លឺម៉ង់​ជា​ទឹកដី​ដែល​ពោរពេញ​គំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ឧស្សាហកម្ម​យានយន្ត ក្នុងនោះ​មានដូចជា Benz Patent Motor Car, Volksawegen Beetle និង BMW 328 Roadster ជាដើម​។​


 
Benz Patent Motor Car ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា Benz-Patent-Motorwagen​។ នេះ​ជា​ស្នាដៃ​ដំបូង​របស់លោក Carl Benz ដែល​បំពាក់​ដោយ​ម៉ាស៊ីន​ប្រើ​សាំង​។ Benz Patent ចរាចរ​លើកដំបូង​នៅ​ឆ្នាំ​១៨៧៩ មុននឹង​ដំណើរការ​ផ្លូវការ​នៅ​ឆ្នាំ​១៨៨៥ ។​


 
Volkswagen Beetle ចាប់កំណើត​នៅ​ឆ្នាំ​១៩៣៨ ហើយ​បន្ត​មាន​វត្តមាន​នៅលើ​ទីផ្សារ​រហូតដល់​ឆ្នាំ​២០០៣​។ រថយន្ត​នេះ ក៏​ស្ថិតក្រោម​ការ​ផ្ចុងផ្តើម​គំនិត​របស់​មេដឹកនាំ​ណា​ស៊ី Adolf Hiltler ផងដែរ​។ ក្នុង​រយៈពេល​ប្រមាណ​ជាង​៦០​ឆ្នាំ ក្រុមហ៊ុន​ផលិត​បាន​ជាង​២១​លាន​គ្រឿង​។​


 
​ចំណែក​រថយន្ត​ខ្នាតតូច BMW 328 Roadster ត្រូវបាន​ផលិតឡើង​ចន្លោះ​ពី​ឆ្នាំ​១៩៣៦  ដល់​ឆ្នាំ​១៩៤០ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗ​។ សង្គ្រាមលោកលើកទី​២ បានបញ្ចប់​សង្វាក់​ផលិតកម្ម​នៃ​រថយន្ត​នេះ ប៉ុន្តែ​ក្រុមហ៊ុន BMW មានការ​ច្នៃប្រឌិត​ថ្មី​លើ​ម៉ូ​ដែលជា​បន្តបន្ទាប់​ទៀត​។​


 
Porshe 356 ស្ថិតក្នុង​ចំណោម​ស្នាដៃ​ដ៏​លេចធ្លោ​របស់​វិស្វករ Ferdiand Porsche ផលិត​កាលពី​ឆ្នាំ​១៩៤៨ រថយន្ត Mercedes-Benz 300 SL ផលិត​ឆ្នាំ​១៩៥៤ រថយន្ត BMW 02 Series ផលិត​ឆ្នាំ​១៩៦៦ រថយន្ត Audi Quattro ផលិត​ឆ្នាំ​១៩៨០ រថយន្ត Porsche 959 ដែល​ផលិត​នៅ​ឆ្នាំ​១៩៨៦ ហើយ​បន្ត​ផលិត​ម្តងទៀត​នៅ​ឆ្នាំ​១៩៩២ និង​រថយន្ត Bugatti Veyron ដែល​ល្បីល្បាញ​ចន្លោះ​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៥​។ 


 
​បន្ថែម​ពីលើ​នេះ រថយន្ត​យ៉ាងហោចណាស់​ចំនួន​៥​ម៉ូ​ដែល​បុរាណ​របស់​អាល្លឺម៉ង់​បន្ត​ទទួលបាន​នូវ​ការពេញនិយម​នៅលើ​ផ្សារ​នាពេល​បច្ចុប្បន្ន ដោយ​រថយន្ត​ទាំងនោះ មានដូចជា Volkswagen Golf GTI ឆ្នាំ​១៩៧៤, Porsche 911 ឆ្នាំ​១៩៦៣, Mercedes-Benz S-Class ឆ្នាំ​១៩៧២, BMW E30 M3 និង BMW M5 ដែល​ផលិត​តាំងនៅ​ឆ្នាំ​១៩៨៥៕
 

© រក្សាសិទ្ធិដោយ thmeythmey.com