កីឡាជាតិ
ជាតិ
សំ ថា​រ័ត្ន ទៅ​ផ្សព្វផ្សាយ​គុន​ល្បុក្កតោ​ខ្មែរ​ដល់​គេហដ្ឋាន​របស់ Pacquiao
15, Jan 2019 , 7:19 pm        
រូបភាព
កីឡាការិនី សំ ថារ័ត្ន ជួបនិងហ្វឹកហាត់ជាមួយ Pacquiao ក្នុងអំឡុងផ្សព្វផ្សាយពីគុនល្បុក្កតោនៅសហរដ្ឋអាមេរិក
កីឡាការិនី សំ ថារ័ត្ន ជួបនិងហ្វឹកហាត់ជាមួយ Pacquiao ក្នុងអំឡុងផ្សព្វផ្សាយពីគុនល្បុក្កតោនៅសហរដ្ឋអាមេរិក
ដោយ:
​ក្នុងអំឡុងពេល​ផ្សព្វផ្សាយ​ពី​គុន​ល្បុក្កតោ​នៅ​សហរដ្ឋអាមេរិក​កាលពីពេល​ថ្មីៗ កីឡាការិនី សំ ថា​រ័ត្ន ទទួលបាន​ឱកាស​ដ៏​អស្ចារ្យ​តាមរយៈ​ការជួប​សំណេះសំណាល និង​ហ្វឹកហាត់​រួមគ្នា​ជាមួយ​ស្តេច​ប្រដាល់សកល​របស់​ហ្វីលីពីន Manny Pacquiao​។ ឆ្លៀត​ក្នុងឱកាស​នោះ ថា​រ័ត្ន បាន​ផ្សព្វផ្សាយ​ពី​គុន​ល្បុក្កតោ​ដល់​ស្តេច​ប្រដាល់​រូបនេះ​ផងដែរ​។ កីឡាការិនី​រូបនេះ បានចាត់ទុក​ការជួប​នេះ​ជា​រឿង​ដែល​នឹកស្មាន​មិន​ដល់​។

 
​កីឡាការិនី​គុន​ល្បុក្កតោ សំ ថា​រ័ត្ន អាចជា​កីឡាការិនី​កម្ពុជា​ដំបូង​គេ ដែល​បាន​ទៅលេង​ផ្ទះ​ស្តេច​ប្រដាល់សកល​របស់​ហ្វីលីពីន Manny Pacquiao​។ ក្រៅពី​ពិភាក្សា និង​ពិសា​អាហារ ពួកគេ​បាន​ហ្វឹកហាត់​រួមគ្នា​ទៀតផង​។ នេះ​ជា​ឱកាស​មួយ​ដ៏​កម្រ​នឹង​កើតមាន​សម្រាប់​កីឡាករ​កីឡា​ការ​នី​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេងៗ ព្រោះ Pacquiao ជា​បុគ្គល​ល្បីល្បាញ​របស់​ហ្វីលីពីន​ទាំង​លើ​វិស័យ​កីឡា និង​នយោបាយ​។ 
 
​ជាមួយ​ការបង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល និង​រំភើប​រីករាយ​ជាមួយ​ឱកាស​ដ៏​កម្រ​ខាងលើ សំ ថា​រ័ត្ន បាន​រៀបរាប់​បែប​កំប្លែង​ដូច្នេះ​ថា​៖«​យី​! គិត​សព្វៗ​ទៅ​ដូច​ម៉េច​មិនដឹង​ទេរ​កថា​មិនត្រូវ​] បាន​ទៅដល់​ផ្ទះ​ផ្ទាល់​ខ្លួនគេ​ហើយ មើល​ទូរទស្សន៍​ផ្ទះ​គេ ហូប​បាយកក​ផ្ទះ​គេ​ទៀត ជុំ​គ្នីគ្នា​គេ ជុំ​ឯង​អី​ណា​ណី​។ ឱកាស​ចឹ​ងៗ​មាន​មិន​ច្រើន​ទេ​ម៉ែ​! មិត្តភក្តិ​អា​គាំង សួរ​ខ្ញុំ​ថា មាន​ខ្មែរ​ប៉ុន្មាន​អ្នក បានមក​លេង​ផ្ទះ​ពូ​ប៉ាក​គី​អាវ​ចឹ​ង​? ខ្ញុំ​ថា ណា​ដឹង​! បើ​ជុំវិញ​សុទ្ធតែ​ហ្វីលីពីន និង​ពួក​អា​គាំង​! ប្រហែល​ខ្ញុំ​ជា​ខ្មែរ​ទីមួយ​? អត់​ដឹង​ដែរ តែបើ​មែន​ឡូយ​ណាស់​»​។   
 
​ឆ្លៀ​ង​ក្នុងឱកាស​ជួប​សំណេះសំណាល​រយៈពេល​២​ថ្ងៃ​នោះដែរ ថា​រ័ត្ន បាន​និយាយ​ពី​គុន​ល្បុក្កតោ​ប្រាប់ Pacquiao ហើយ​ស្តេច​ប្រដាល់​រូបនេះ ក៏បាន​ប្រើពាក្យ​ល្បុក្កតោ និង​កម្ពុជា​ដែរ​។ កីឡាការិនី​រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​បើ​ខ្ញុំ​ស្ដាប់​មិន​ច្រឡំ អ្វីដែល​ខ្ញុំ​បានលឺ​ពី​គាត់ គឺ​ពាក្យ Bokator និង​ពេល​ក្រោយមកទៀត​គឺ Cambodia​។ មិនជា​ជោរ​អី​ប៉ុន្មាន​ទេ តែ​សប្បាយចិត្ត ដែល​ខ្ញុំ​បាន​អួត​ពី​ខ្មែរ​។ អរគុណ​លោក Robert Lyons ដែល​តែងតែ​ទៅ​និយាយ​អួត​ដាក់​ត្រចៀក ប៉ា​គី​អាវ ជា​ញយៗ​ពី​ឈ្មោះ ល្បុក្កតោ និង​កម្ពុជា​ជំនួស​ខ្ញុំ​រហូត​»​។  
 
 
​លើសពីនេះ ថា​រ័ត្ន ត្រូវបាន​ស្តេច​ប្រដាល់​រូបនេះ ហៅ​ទៅ​ទស្សនាការ​ប្រកួត​របស់​គេ​ជាមួយ​កីឡាករ​អាមេរិក Adrien Broner ដែល​រៀបចំ​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ នៅក្នុង​រដ្ឋ Las Vegas សហរដ្ឋអាមេរិក​។ ប៉ុន្តែ​សំណើរ​នេះ​ត្រូវបាន​កីឡាការិនី​កម្ពុជា​រូបនេះ បដិសេដ​ដោយសារ​រឿង​ទិ​ដ្ឋ​ការ ពោលគឺ​នាង​ត្រូវ​ចាក​ចេញពី​សហរដ្ឋអាមេរិក​មក​កម្ពុជា​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​។​
 
​ការជួប​សំណេះសំណាល ហូប​អាហារ និង​ហ្វឹកហាត់​រួមគ្នា​ជាមួយ​ស្តេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao ខាងលើ​ធ្វើឡើង​ក្នុងអំឡុងពេល​កីឡាការិនី សំ ថា​រ័ត្ន ទៅ​ផ្សព្វផ្សាយ​ពី​គុន​ល្បុក្កតោ​នៅ​សហរដ្ឋអាមេរិក​។ ថា​រ័ត្ន ជួប Pacquiao ពីរលើក គឺ​នៅ​ថ្ងៃទី​១១ និង ១៣ មករា​។ «​អត់​ចង់​ជឿថា ខ្ញុំ​បានមក​ដល់​គេហដ្ឋាន​គាត់​ទេ មិន​ចង់​ជឿ​សោះឡើយ​។ ភ្លាមៗ​ពេក​!»​។ នេះ​ជាការ​បង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​របស់​កីឡាការិនី សំ ថា​រ័ត្ន​៕ 

Tag:
 ល្បុក្កតោ​
  សំ ថា​រ័ត្ន​
  Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com