ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន ប្រាប់តំណាងប្រទេសទាំង២០ ពីជំនួយវៀតណាម ក្នុងការរំដោះកម្ពុជាពីសង្គ្រាម សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំលើកទី២៧នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងជាថ្មីចំពោះការរួមចំណែករបស់ភាគីវៀតណាម ក្នុងការផ្តួលរំលំរបបខ្មែរក្រហម រហូតទទួលបានជោគជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំលើកទី២៧នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅលើទឹកដីខេត្តសៀមរាប។
កិច្ចប្រជុំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងកាអភិវឌ្ឍប្រកបដោយចីរភាព» មានការចូលរួមពីថ្នាក់ដឹកនាំខាងនីតិបញ្ញត្តិនៃប្រទេសចំនួន២១ ដោយរាប់ទាំងកម្ពុជាជាផ្ទះផងដែរ។ តំណាងប្រទេសទាំងនោះ មានគណៈប្រតិភូសរុបប្រមាណ២៤០នាក់។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅដល់ថ្ងៃទី១៧ ខែមករា។
នៅចំពោះមុខតំណាងប្រទេសទាំងនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់ បក្សកុម្មុយនីស្ត រដ្ឋាភិបាល ប្រជាជន និងកងទ័ពវៀតណាម ដែលបានជួយជ្រោមជ្រែង ក្នុងការកសាងកម្លាំងប្រដាប់អាវុធ ដើម្បីឈានទៅដល់រំដោះប្រទេស ចេញពីសង្គ្រាម ហើយបានជួយសង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុត ពីសេចក្តីស្លាប់។ មេដឹកនាំកម្ពុជា និយាយសំដៅទៅកាន់អ្នកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម ដែលមានវត្តមានក្នុងកិច្ចប្រជុំនោះ យ៉ាងដូច្នេះថា៖«យើងពិតជាអរគុណ ចំពោះការចូលរួមឧបត្ថម្ភ ដែលធ្វើឲ្យយើងខ្ញុំ បានឆ្លងផុតពីសម័យកាលគ្រោះថ្នាក់នោះ ហើយមានវឌ្ឍនភាពមកដល់ពេលនេះ»។
បន្ទាប់មក សម្តេច ហ៊ុន សែន ក៏ប្រាប់បណ្តាថ្នាក់ដឹកនាំនៃប្រទេសទាំងនោះថា ចាប់តាំងពីចុងឆ្នាំ១៩៩៨មក កម្ពុជា បានក្លាយទៅជាប្រទេស ដែលមានតំបត់ត្រួតត្រាតែមួយ ព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ រដ្ឋាភិបាលតែមួយ និងកម្លាំងប្រដាប់អាវុធតែមួយ ដែលពុំធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា៖«ក្នុងប្រវត្តិសាស្ត្រកម្ពុជាប្រមាណ៥០០ឆ្នាំចុងក្រោយ មិនមានតំបន់តែមួយទេ តែមានតំបន់ត្រួតត្រាច្រើន មិនតិចជា២ រហូតមានតំបន់ត្រួតត្រាដល់ទៅ៤ និងធ្លាប់មានរដ្ឋាភិបាល២ ហើយតែងមានជម្លោះ»។
ជុំវិញរឿងរ៉ាវនៃ៧មករានេះ មានមជ្ឈដ្ឋានខ្លះ ដោយរួមទាំងអ្នកប្រឆាំងផងដែរ នៅតែមិនឲ្យតម្លៃ។ អ្នកទាំងនោះ តែងប្រកែកថា ៧មករា មិនមែនជាថ្ងៃ ដែលវៀតណាម ចូលមកជួយកម្ពុជាទេ តែជាថ្ងៃដែលវៀតណាម ចូលមកឈ្លានពាន។
យ៉ាងណាក៏ដោយ អ្នកគាំទ្ររដ្ឋាភិបាល ក៏ដូចជារដ្ឋាភិបាលខ្លួនឯង បានចាត់ទុក៧មករា ថាជាថ្ងៃកំណើតទី២ ហើយថែមទាំង យល់ថា បើគ្មាន៧មករា ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ៕
Tag:
APPF
ហ៊ុន សែន
៧មករា
© រក្សាសិទ្ធិដោយ thmeythmey.com