ជាតិ
សម្ដេច សាយ ឈុំ ៖ ការមិនប្រើឥទ្ធិពលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង គឺជាកត្តាចាំបាច់សម្រាប់កសាងពិភពលោក រូបពីហ្វេសប៊ុកព្រឹទ្ធសភាកម្ពុជា
× សៀមរាប៖ ការមិនប្រើឥទ្ធិពលកៀបសង្កត់ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ក្នុងការទាញយកផលប្រយោជន៍ភូមិសាស្ត្រនយោបាយនោះ គឺជាកត្តាចំបាច់មួយ សម្រាប់កសាងពិភពលោកដ៏សុខសាន្ត ហើយអហិង្សា។ នេះជាការលើកឡើងរបស់សម្ដេច សាយ ឈុំ ប្រធានរដ្ឋសភាកម្ពុជា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែមករា ។
សម្ដេច សាយ ឈុំ បានបញ្ជាក់ថា ប្រទេសនីមួយៗនៅក្នុងពិភពលោក សុទ្ធតែចង់បានអធិបតេយ្យភាព និងឯករាជ្យពេញលេញ ដោយមិនចង់ឲ្យមានការលូកដៃចូលពីប្រទេសមានអំណាចឡើយ។ ថ្លែងបែបនេះហើយ សម្ដេច សាយ ឈុំ ក៏បានលើកពីវឌ្ឍនភាពរបស់រដ្ឋសភាកម្ពុជា ដែលតែងតែការពារសន្តិសុខ សន្តិភាព តាមរយៈការធ្វើសេចក្តីស្នើច្បាប់ និងការអនុវត្តច្បាប់សំខាន់ៗ រួមទាំងការគាំទ្រនូវវិធានការនានារបស់រដ្ឋាភិបាល ដើម្បីការពារឯករាជ្យ និងសិទ្ធិស្វ័យសម្រេចប្រជាជនកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ដូច្នេះថា៖«ការមិនរើសអើងប្រទេសធំនិងតូច ការរាប់រកគ្នាដោយមេត្រីភាព និងសហប្រតិបត្តិការស្មើភាព ការមិនជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងផងគ្នា និងការមិនប្រើឥទ្ធិពលកៀបសង្កត់ផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ការមិនរត់ប្រណាំងសព្វាវុធ និងការមិនប្រើប្រាស់កម្លាំងយោធា សុទ្ធតែជាកត្តាអនុគ្រោះ ដ៏គាប់ប្រសើរសម្រាប់តំបន់ និងពិភពលោកទាំងមូល»។
ដើម្បីដោះស្រាយបញ្ហានានា រួមទាំងការបញ្ចៀសភាពអវិជ្ជមាននៃការកៀបសង្កត់ពីប្រទេសមានអំណាចនោះ ប្រធានព្រឹទ្ធសភាកម្ពុជា ស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់បង្កើនការសន្ទនា ដោយស្មារតីសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ។ ជាពិសេសតួអង្គពាក់ព័ន្ធនានា លើបញ្ហាសន្តិសុខ អន្តោប្រវេសន៍ បញ្ហជម្លោះពាណិជ្ជកម្ម និងបញ្ហាផ្សេងទៀត ដោយត្រូវមានការដោះស្រាយផ្អែកលើមូលដ្ឋាននៃច្បាប់អន្តរជាតិ តាមរយៈយន្តការដែលមានស្រាប់។ បើតាមសម្ដេច សាយ ឈុំ ការអនុវត្តបែបនេះ វានឹងបម្រើផលប្រយោជន៍សង្គម និងប្រជាជន ក្នុងការថែរក្សាសន្តិភាព សន្តិសុខក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកទាំងមូលផង។
វេទិកាសភាសភាអាស៊ីប៉ាស៊ីហ្វិក លើកទី២៧នេះ ធ្វើឡើងក្រោមមូលបទ«ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ក្នុងនោះបញ្ហានយោបាយ និងសន្តិសុខក្នុងតំបន់មួយចំនួន ដែលប្រធាន និងថ្នាក់ដឹកនាំសភាពីបណ្ដាប្រទេសផ្សេងទៀតត្រូវពិភាក្សាគ្នានោះ គឺផ្តោតទៅលើទំនាស់រវាងបណ្ដាប្រទេស ដែលខ្វែងគំនិតគ្នា លើបញ្ហាដែនសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ បញ្ហាសិទ្ធមនុស្សរ៉ូហ៊ីងយ៉ាជាដើម។ ក្រៅពីបញ្ហាសន្តិសុខតំបន់ ក៏នៅមានបញ្ហាសេដ្ឋកិច្ច ការអភិវឌ្ឍក្នុងតំបន់ដោយគ្មានការរើសអើង រួមទាំងបញ្ហាស្ត្រីក្នុងវិស័យនយោបាយ ក៏ជារបៀបវារៈដែលត្រូវពិភាក្សាគ្នាដែរ។
កិច្ចប្រជុំសភាអាស៊ីប៉ាស៊ីហ្វិក លើកទី២៧ មានបណ្ដាថ្នាក់ដឹកនាំស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា សរុប២៣៩រូប មកពី២១ប្រទេស។ ថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិទាំងនោះ រួមមាន អូស្ត្រាលី ឡាវ រុស្ស៊ី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីក្រូណេស៊ី ចិន វៀតណាម ហ្វ៊ីជី នូវែលសេឡង់ ម៉ុងហ្គោលី ម៉ិកស៊ិក ថៃ ជប៉ុន សាធារណរដ្ឋកូរ៉េ កាណាដា ស៊ីលី ប៉ាពូអាស៊ីនូវែលហ្គីណេ ហ្វីលីពីន សិង្ហបុរី និងព្រុយណេ។ នេះបើតាមរដ្ឋសភាកម្ពុជា។
សូមបញ្ជាក់ថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (The Asia Pacific Parliamentary Forum) បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភានៃកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធចំនួន២៧ប្រទេស៕
Tag:
សាយ ឈុំ
APPF
អាស៊ីប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com