អន្តរជាតិ
លោក ត្រាំ ទាត់ចោល​សំណើ​បើក​រដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បី​ចរចា​បញ្ហា​ព្រំដែន​
16, Jan 2019 , 8:39 am        
រូបភាព
លោក ដូណាល់ ត្រាំ ពេលទៅពិនិត្យព្រំដែនអាមេរិក-ម៉ិកស៊ិកនៅរដ្ឋកាលីហ្វ័រនីញ៉ា (រូបភាព៖ AFP)
លោក ដូណាល់ ត្រាំ ពេលទៅពិនិត្យព្រំដែនអាមេរិក-ម៉ិកស៊ិកនៅរដ្ឋកាលីហ្វ័រនីញ៉ា (រូបភាព៖ AFP)
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពីដើម​សប្តាហ៍  បាន​បដិសេធ​ការស្នើសុំ​របស់​សមាជិក​បក្ស​សាធារណៈរដ្ឋ​ម្នាក់ ដែល​ចង់​ឲ្យ​មានការ​បើកទ្វារ​រដ្ឋាភិបាល​អាមេរិក​ឡើងវិញ​ជា​បណ្តោះអាសន្ន ក្នុង​គោលបំណង​លើកទឹកចិត្ត​ការចរចា​ជាមួយ​បក្ស​ប្រជាធិបតេយ្យ​លើ​បញ្ហា​សន្តិសុខ​ព្រំដែន​។ សំណើ​នេះ​គឺធ្វើឡើង ស្រប​ពេលដែល​ការបិទទ្វារ​នៃ​ផ្នែក​ខ្លះ​របស់​រដ្ឋាភិបាល​អាមេរិក បានអូសបន្លាយ​ដល់​សប្តាហ៍​ទី​បួន​ទៅហើយនោះ​។​

 
​ប្រមាណ​១​ភាគ​៤​នៃ​ប្រតិបត្តិការ​សហព័ន្ធ​ត្រូវបាន​បិទ ដ្បិត​ខ្វះខាត​លុយ​ចាប់តាំងពី​ថ្ងៃទី​២២​ខែធ្នូ​មក ពោលគឺ​ក្រោយពី​លោក ដូ​ណា​ល់ ត្រាំ បានទាមទារ​ប្រាក់​ប្រមាណ ៥,៧ ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំនេះ​ពី​សភា​អាមេរិក សម្រាប់​សាងសង់​ជញ្ជាំង​នៅលើ​ព្រំដែន​អាមេរិក​ភាគ​នីរ​តី ជាប់​នឹង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទី​ភ្នា​ក់​ព័ត៌មាន Reuters លោក ត្រាំ ជាថ្មី​ម្តងទៀត​បាន​ទទូច​ឲ្យ​សភា​អាមេរិក​ផ្តល់​លុយ​ឲ្យ​លោក ដើម្បី​សាងសង់​ជញ្ជាំង​ព្រំដែន ដោយបាន​អះអាងថា ដ្រូ​ន និង​សម្ភារៈ​បច្ចេកវិទ្យា​ផ្សេងទៀត​ពុំ​អាច​បញ្ឈប់​ការឆ្លង​ដែន​ខុសច្បាប់​បានឡើយ​។  មែនទែនទៅ បក្ស​ប្រជាធិបតេយ្យ​ដែល​បាន​ដណ្តើម​ក្តោប​ក្តាប់​សភា​តំណាង​មកវិញ កាលពី​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ បាន​បដិសេធ​ការទាមទារ​លុយ ៥,៧ ពាន់​លាន​ដុល្លារ​របស់លោក​ត្រាំ ដើម្បី​យកទៅ​សាងសង់​ជញ្ជាំង​។  
 
​ដោយ​យក​លេស​ពុំ​ចង់​ផ្តល់​លុយ សមាជិក​បក្ស​ប្រជាធិបតេយ្យ​ធ្លាប់បាន​បញ្ជាក់ថា វា​មាន​វិធី​ងាយស្រួល ថោក​ជាង និង​មាន​ប្រសិទ្ធិភាព ក្នុងការ​ពង្រឹង​សន្តិសុខ​ព្រំដែន​ជាង​ការសាងសង់​ជញ្ជាំង ដែល​អាច​ចំណាយលុយ​ដល់​ទៅ​ជាង  ២៥ ពាន់​លាន​ដុល្លារ​ឯណោះ​។ ហើយ​ក្នុង​ឆ្នាំ ២០១៩ នេះ បក្ស​ប្រជាធិបតេយ្យ​បានផ្តល់​លុយ​ចំនួន ១,៣ ពាន់​លាន​ដុល្លារ​ក្នុង​ជំនួយ​ផ្នែក​សន្តិសុខ​ព្រំដែន​ថ្មី ដើម្បី​ចំណាយ​ទៅលើ​សម្ភារៈ​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ប្រភេទ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ការច្រានចោល​របស់លោក​ត្រាំ គឺធ្វើឡើង​ក្រោយពី​សមាជិក​ព្រឹទ្ធសភា​ម្នាក់​មកពី​បក្ស​សាធារណៈរដ្ឋ  លោក Lindsey Graham កាលពី​ថ្ងៃអាទិត្យ បាន​ទទូច​ឲ្យ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បើក​រដ្ឋាភិបាល​ឡើងវិញ​ក្នុង​រយៈពេល​ខ្លី ក្នុង​គោលបំណង​ចាប់ផ្តើម​កិច្ចពិភាក្សា​ជាថ្មី​។ ហើយ​វា​ក៏​ជា​គំនិត​ដែល​បណ្តា​សមាជិក​បក្ស​ប្រជាធិបតេយ្យ​បានលើកឡើង នា​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លងទៅនេះ​ផងដែរ​៕
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  បញ្ហា​ព្រំដែន​
© រក្សាសិទ្ធិដោយ thmeythmey.com