ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ កម្ពុជា អភិវឌ្ឍ​ដល់​សព្វថ្ងៃ គឺមាន​ការរួមចំណែក​ពី​វៀតណាម​
15, Jan 2019 , 8:19 pm        
រូបភាព
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជានិងប្រធានរដ្ឋសភាវៀតណាម
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជានិងប្រធានរដ្ឋសភាវៀតណាម
ដោយ: ថ្មីៗ


«​ប្រទេស​កម្ពុជា ដែលមាន​ការអភិវឌ្ឍ​រហូតមកដល់​សព្វថ្ងៃ​នេះ ក៏បាន​មកពី​ការចូលរួមចំណែក​ពី​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម​ផងដែរ​»​។ នេះ​ជាស​ម្តី​របស់​សម្តេច ហ៊ុន សែន ដែល​លើកឡើង​នៅ​ចំពោះមុខ​អ្នកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភា​វៀតណាម ក្នុងជំនួប​ទ្វេភាគី នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩​នេះ។​
 
​ក្នុងជំនួប​នោះ អ្នកស្រី Nguyen Thi Kim Ngan បាន​សរសើរ​ពី​ការដឹកនាំ​របស់​សម្តេច ហ៊ុន សែន​។ សម្តី​របស់​អ្នកស្រី ត្រូវបាន​ស្រង់​យកទៅ​បង្ហោះ​ល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន យ៉ាង​ដូច្នេះ​ថា​៖«​ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ លោកជំទាវ បាន​សង្កេតឃើញ កម្ពុជា មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។ ទន្ទឹមនឹងនេះ លោកជំទាវ បាន​កោតសរសើរ​ចំពោះ​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ដែល​បាន​រក្សាសុខ​សន្តិភាព ស្ថិរភាព និង​មានការ​អភិវឌ្ឍ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​»​។​
 
​អ្នកស្រី Nguyen Thi Kim Ngan បាន​ដឹកនាំ​គណៈប្រតិភូ​ម មក​ចូលរួម​កិច្ចប្រជុំ​លើក​ទី​២៧​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) រហូតដល់​ថ្ងៃទី​១៧ ខែមករា ក្រោម​ការរៀបចំ​របស់​កម្ពុជា ក្នុងតួនាទី​ជា​ម្ចាស់ផ្ទះ​។ កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​នៅ​ខេត្តសៀមរាប ក្រោម​ប្រធានបទ «​ពង្រឹង​ភាពជា​ដៃគូ​សភា ដើម្បី​សន្តិភាព និង​សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខាង​នីតិបញ្ញត្តិ​នៃ​ប្រទេស​ចំនួន​២១ ដោយ​រាប់ទាំង​កម្ពុជា​ផងដែរ​។ 
 
​ជំនួប​ដាច់ដោយឡែករ​វាង​សម្តេច ហ៊ុន សែន និង អ្នកស្រី Nguyen Thi Kim Ngan ធ្វើឡើង​ក្រោយពី​អ្នក​ទាំងពីរ បាន​ចូលរួម​ជាមួយ​បណ្តា​តំណាង​ប្រទេស​ផ្សេង​ទៀត ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា​នេះ​។ 
 
​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នៃ​វេទិកា​អាស៊ី​-​ប៉ាស៊ីហ្វិក ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​រម្លឹក​ពី​ការរួមចំណែក​របស់​ភា​គី​វៀតណាម ក្នុងការ​ផ្តួលរំលំ​រប​ប​ខ្មែរក្រហម រហូត​ទទួលបាន​ជោគជ័យ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ បន្ទាប់មក មេដឹកនាំ​កម្ពុជា ក៏​ថ្លែងអំណរគុណ​ដល់​បក្ស​កុម្មុយនីស្ត រដ្ឋាភិបាល ប្រជាជន និង​កងទ័ព​វៀតណាម នៅ​ចំពោះមុខ​តំណាង​ប្រទេស​ទាំងនោះ​។ 
 
​មេដឹកនាំ​រូបនេះ និយាយ​សំដៅទៅ​កាន់​អ្នកស្រី  Nguyen Thi Kim Ngan ប្រធានរដ្ឋសភា​វៀតណាម យ៉ាង​ដូច្នេះ​ថា​៖«​យើង​ពិតជា​អរគុណ ចំពោះ​ការចូលរួម​ឧបត្ថម្ភ ដែល​ធ្វើ​ឲ្យ​យើងខ្ញុំ បាន​ឆ្លង​ផុតពី​សម័យកាល​គ្រោះថ្នាក់​នោះ ហើយ​មាន​វឌ្ឍនភាព​មកដល់​ពេលនេះ​»​។​
 
​អ្នកគាំទ្រ​រដ្ឋាភិបាល ក៏ដូចជា​រដ្ឋាភិបាល​ខ្លួនឯង បានចាត់ទុក​៧​មករា ថា​ជា​ថ្ងៃកំណើត​ទី​២ ហើយ​ថែមទាំង យល់ថា បើ​គ្មាន​៧​មករា ក៏​គ្មានអ្វីៗ​ដូច​សព្វថ្ងៃ​នេះដែរ​។
 
​យ៉ាងណាក៏ដោយ មាន​មជ្ឈដ្ឋាន​ខ្លះ ដោយ​រួមទាំង​អ្នកប្រឆាំង​ផងដែរ នៅតែ​មិន​ព្រម​ឲ្យ​តម្លៃ​លើ​ថ្ងៃ​៧​មករា​នេះ ។ អ្នក​ទាំងនោះ តែង​ប្រកែក​ថា ៧​មករា មិនមែនជា​ថ្ងៃ ដែល​វៀតណាម ចូល​មកជួយ​កម្ពុជា​ទេ តែ​ជា​ថ្ងៃ​ដែល​វៀតណាម ចូលមក​ឈ្លានពាន​៕ 

Tag:
 ហ៊ុន សែន​
  ទៀត​ណា​ម​
  APPF
© រក្សាសិទ្ធិដោយ thmeythmey.com