សភាអង់គ្លេស នៅថ្ងៃទី១៥ ខែមករា បានបោះឆ្នោតដោយសំឡេងលើសលប់ប្រឆាំងកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលអង់គ្លេសស្ដីពីការចាកចេញពីសហភាពអឺរ៉ុប។ លទ្ធផលនេះ ធ្វើដំណើរការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស ធ្លាក់ទៅក្នុងវិបត្តិធ្ងន់ធ្ងរ ដោយមិនដឹងថា អង់គ្លេសអាចលែងលះជាមួយអឺរ៉ុបដាច់ស្រេចឬយ៉ាងណាឡើយ។ មេដឹកនាំអឺរ៉ុបវិញ មិនពេញចិត្តនឹងលទ្ធផលនេះទេ ខណៈនាយករដ្ឋមន្ត្រី ថេរ៉េសា ម៉េយ៍ ក៏ប្រឈមមុខការបោះឆ្នោតសម្ដែងការទុកចិត្តដែលស្នើដោយបក្សប្រឆាំង។
ដោយសំឡេងប្រឆាំង៤៣២ទល់នឹងសំឡេងគាំទ្រ២០២ សភាអង់គ្លេសបានជំទាស់ផែនការរបស់នាយករដ្ឋមន្ត្រី ថេរ៉េសា ម៉េយ៍ ក្នុងការដកខ្លួនពីសហភាពអឺរ៉ុប។ នេះជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់អង់គ្លេស ដែលរដ្ឋាភិបាលរងបរាជ័យធ្ងន់ធ្ងរបែបនេះ។ តែវាមិនមែនជាបញ្ហាឡើយ អ្វីជាបញ្ហាសំខាន់វិញនោះ គឺអង់គ្លេសអាចនឹងចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី២៩ ខែមីនា ដោយគ្មានលក្ខខណ្ឌត្រឹមត្រូវ។
បរាជ័យធំធេងនេះ ជាលទ្ធផលដែលគេរំពឹងទុកតាំងពីលោក ម៉េយ៍ យកកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងការចរចាជាមួយសហភាពអឺរ៉ុបទាំងលំបាក ទៅសុំការយល់ព្រមពីសភាមកម្ល៉េះ។ សមាជិកសភាភាគច្រើនទាំងមកពីបក្សប្រឆាំង ទាំងបក្សកាន់អំណាច សុទ្ធតែមិនពេញចិត្តកិច្ចព្រមព្រៀងនេះ ដ្បិតពួកគេបារម្ភថា អង់គ្លេសនៅតែបន្តជំពាក់វាក់វិនជាមួយអឺរ៉ុបដដែល ទោះជាបានលែងលះចប់សព្វគ្រប់ហើយក្ដី។
តាមពិតទៅ លោកស្រី ម៉េយ៍ ប្រឹងប្រែងដើម្បីឲ្យកិច្ចព្រមព្រៀងជាមួយអឺរ៉ុប ទទួលភ្លើងខៀវពីសភា។ ពីដំបូង គ្រាន់តែឮសភាមិនពេញចិត្តកិច្ចព្រមព្រៀងនេះ លោកស្រីក៏ងាកទៅបន្តការជជែកជាមួយមេដឹកនាំអឺរ៉ុបដើម្បីស្វែងរកការធានាណាមួយដែអាចបញ្ចុះបញ្ចូលអ្នកនយោបាយក្នុងស្រុកបាន។ នាយករដ្ឋមន្ត្រីរូបនេះថែមទាំងលើកពេលបោះឆ្នោតលើកិច្ចព្រមព្រៀងនេះក្នុងសភាផង ដែលគ្រោងធ្វើតាំងពីខែធ្នូ ឆ្នាំ២០១៨ មកម្ល៉េះ។ យ៉ាងណា បរាជ័យនៅតែចៀសមិនផុត។
អឺរ៉ុបសោកស្ដាយ តែគ្មានបំណងចរចាម្ដងទៀត
នៅអឺរ៉ុបឯណោះវិញ លទ្ធផលនៃការបោះឆ្នោតនេះ គឺជារឿងសោកស្ដាយមួយ។ នេះជាលើកឡើងរបស់គណៈកម្មការអឺរ៉ុបក្រោយដឹងលទ្ធផលពីទីក្រុងឡុងដ៏។ អឺរ៉ុបនៅតែចាត់ទុកកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលលោកស្រី ម៉េយ៍ ជាជម្រើសល្អជាងគេដដែល និងជាផ្លូវដែលអង់គ្លេសអាចចាកចេញពីសហភាពអឺរ៉ុបដោយគ្មានបញ្ហាអ្វីទេ។ ប៉ុន្តការចរចាជាថ្មីទៀត ទំនងមិនអាចកើតឡើងបានឡើយ ខណៈមេដឹកនាំរដ្ឋសមាជិកអឺរ៉ុបជាច្រើន ជំទាស់គំនិតនេះតួយ៉ាងអធិការបតីអូទ្រីស Sebastian Kurz ។
ប្រធានគណៈកម្មការអឺរ៉ុប ហ្សង់-ក្លូដ ចាំងគើ បានទទូចឲ្យអង់គ្លេសបញ្ជាក់ជំហរឲ្យបានច្បាស់ថា ពួកគេចង់បានអ្វីឲ្យប្រាកដ។ លោក ថា កិច្ចព្រមព្រៀងដែលសមាជិកសភាអង់គ្លេសប្រឆាំងនោះ គឺជាកិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងល្អជាងគេ ព្រោះវាបានកាត់បន្ថយការខូចខាតលើជនជាតិអង់គ្លេស និងពាណិជ្ជកម្មអង់គ្លេសនៅទូទាំងអឺរ៉ុប។ លោក ចាំងគើ ព្រមានថា ការប្រថុយប្រថានដែលអង់គ្លេសចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងកើនឡើងខ្លាំងក្រោយការបោះឆ្នោតនេះ។
បារាំង និងអាល្លឺម៉ង់ ដែលអាចចាត់ទុកជាបងធំប្រចាំអឺរ៉ុប សុទ្ធតែខកចិត្តដូចគ្នានឹងលទ្ធផលនៅអង់គ្លេស។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និយាយថា សម្ពាធកំពុងធ្លាក់លើអង់គ្លេសហើយ និងបានព្រមានថា ប្រជាជនអង់គ្លេស គឺជាអ្នកចាញ់ពិតប្រាកដ បើការលែងលះគ្មានកិច្ចព្រមព្រៀងទេនោះ។ ដោយឡែករដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ Olaf Scholz លើកឡើងថា ការចាកចេញដាច់ស្រេច ជាជម្រើសមានភាគរយតិចជាងគេ។
អ្វីជាជំហានបន្ទាប់?
ភ្លាមៗក្រោយការប្រកាសលទ្ធផល មេដឹកនាំបក្សប្រឆាំង Jeremy Corbyn ក៏ស្នើបោះឆ្នោតសម្ដែងការមិនទុកចិត្តលើរដ្ឋាភិបាលលោកស្រី ម៉េយ៍ ដែលការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមករានេះ។ យ៉ាងណាមិញ លោកស្រី ម៉េយ៍ ទំនងអាចឆ្លងផុតការបោះឆ្នោតនេះ។
ក្រោយបរាជ័យក្នុងការបោះឆ្នោតថ្ងៃទី១៥ ខែមករា លោកស្រី ម៉េយ៍ មានដល់ថ្ងៃទី២១ ខែមករា ដើម្បីដាក់ផែនការថ្មីទៅសុំការយល់ព្រមពីសភាម្ដងទៀត។ ប្រមុខរដ្ឋាភិបាលអង់គ្លេសទំនងងាកទៅរកសហភាពអឺរ៉ុបដើម្បីសម្បទានខ្លះទៀតដើម្បីបំពេញបំណងសមាជិកសភា តែវាអាចជារឿងពិបាក ដ្បិតអឺរ៉ុបក៏មានជំហរតឹងតែងខ្លាំង មិនចង់ចរចា ហើយអ្វីដែលខ្លួនអាចផ្ដល់បានឲ្យអង់គ្លេសនោះ ក៏បានបញ្ចូលក្នុងកិច្ចព្រមព្រៀងរួចហើយដែរ។
លើសពីនោះ លោកស្រី ម៉េយ៍ អាចប្រកាសបោះឆ្នោតមុនអាណត្តិទៀតផង សំដៅប្រមូលកម្លាំងឲ្យបានច្រើនក្នុងសភាដើម្បីបើកផ្លូវដល់កិច្ចព្រមព្រៀងរវាងលោកស្រី និងសហភាពអឺរ៉ុប។ លោកស្រីធ្លាប់ប្រើប្រាស់ផ្លូវនេះម្ដងហើយកាលពីឆ្នាំមុន ប៉ុន្តែបែរជាបាត់សំឡេងក្នុងសភាទៅវិញ។ ការប៉ុនប៉ងណាមួយបោះឆ្នោតមុនអាណត្តិនោះ អាចធ្វើឲ្យរដ្ឋាភិបាលលោកស្រីកាន់តែចុះខ្សោយ ឬក៏អាចចាញ់ការបោះឆ្នោតក៏ថាបាន។
កិច្ចព្រមព្រៀងឆ្លងមិនផុតសភា ព្រោះតែគ្មានសំឡេងគាំទ្រគ្រប់គ្រាន់។ បោះឆ្នោតមុនអាណត្តិអាចជាវិធីសាស្ត្រមួយដើម្បីប្រមូលក្រុមអ្នកគាំទ្រ ប៉ុន្តែផ្លូវមួយទៀតសម្រាប់លោកស្រី ម៉េយ៍ ក៏ធ្វើការជាមួយបក្សពលករ ដែលជាបក្សប្រឆាំងធំជាងគេ។ នាយករដ្ឋមន្ត្រីរូបនេះអាចបញ្ចុះបញ្ចូលបក្សប្រឆាំងតាមរយៈការធ្វើសម្បទានឲ្យបក្សនេះ រួចសុំការគាំទ្រក្នុងការបោះឆ្នោត។ យ៉ាងណាមិញ សមាជិកបក្សកាន់អំណាច ទំនងមិនព្រមឡើយ។
ប្រជាមតិម្ដងទៀត ឬពន្យារពេលចាកចេញ ឬចាកចេញដោយគ្មានកិច្ចព្រមព្រៀង?
មាត្រា៥០ សន្ធិសញ្ញា Lisbon ទុកផ្លូវឲ្យលោកស្រី ម៉េយ៍ អាចសុំពន្យារពេលចាកចេញពីសហភាពអឺរ៉ុបដើម្បីរកច្រកចេញ។ តាមមាត្រានេះ អង់គ្លេសត្រូវចាកចេញនៅថ្ងៃទី២៩ ខែមីនាខាងមុខ ប៉ុន្តែលោកស្រី ម៉េយ៍ អាចស្នើទៅសហភាពអឺរ៉ុបឲ្យលើកពេលបាន ដែលការលើកពេលណាមួយត្រូវការការយល់ព្រមពីសមាជិកអឺរ៉ុបទាំង២៧ ប្រទេស។ ប៉ុន្តែបើគ្រាន់តែពន្យារពេលដើម្បីមានឱកាសជជែកសុំសម្បទានថែមនោះ លោកស្រី ម៉េយ៍ ទំនងត្រូវខកចិត្តទុកមុនហើយ។
មកទល់ពេលនេះ សេណារីយោដែលអាចជាជម្រើស ហើយគ្មាននរណាចង់បាន គឺការធ្វើប្រជាមតិម្ដងទៀត ឬក៏ចេញដោយគ្មានកិច្ចព្រមព្រៀងតែម្ដង។ ជារឿងល្អបំផុតដែលនាយករដ្ឋមន្ត្រីអង់គ្លេសអាចគាំទ្របានក្នុងរយៈពេលដែលនៅសេសសល់នេះ។ បើមិនអាចទេ ការធ្វើប្រជាមតិម្ដងទៀត ក៏អាចជាផ្លូវមួយដែរ។ ក្នុងប្រជាមតិថ្មី អ្នកបោះឆ្នោតអាចត្រូវជ្រើសរើសរវាងកិច្ចព្រមព្រៀងចាកចេញរបស់លោកស្រី ម៉េយ៍ ឬបន្តនៅជាមួយអឺរ៉ុប។
យ៉ាងណាក្ដី ការធ្វើប្រជាមតិម្ដងទៀត គឺជាសោកស្ដាយបំផុត ដ្បិតប្រជាជនអង់គ្លេសសម្រេចចិត្តចាកចេញពីអឺរ៉ុបតាមរយៈប្រជាមតិខែមិថុនា ឆ្នាំ២០១៦ ទៅហើយ។ នាយករដ្ឋមន្ត្រី ម៉េយ៍ បានទាត់ចោលជម្រើសនេះ ប៉ុន្តែបើលោកស្រីគ្មានដំណោះស្រាយផ្សេងទេ វានៅតែអាចកើតឡើងដដែល។
ចាកចេញដោយគ្មានកិច្ចព្រមព្រៀង អាចចាត់ទុកជា ជម្រើសចុងក្រោយមួយ។ បើសភាមិនគាំទ្រកិច្ចព្រមព្រៀង អឺរ៉ុបមិនធ្វើសម្បទានខ្លះ ហើយរដ្ឋាភិបាលមិនអាចរកការគាំទ្រគ្រប់គ្រាន់ទេ អង់គ្លេសអាចដើរចេញពីអឺរ៉ុបនៅថ្ងៃទី២៩ ខែមីនា ដោយមិនចាំចាច់មានកិច្ចព្រមព្រៀងឡើយ។ នេះជាសេណារីយោដ៏អាក្រក់បំផុតសម្រាប់ភាគីទាំងពីរ ហើយបញ្ហារញ៉ៃរញ៉ៃនឹងកើតឡើងក្នុងទំនាក់ទំនងរវាងអង់គ្លេស និងអឺរ៉ុបមិនថាសេដ្ឋកិច្ច ពាណិជ្ជកម្ម ឬនយោបាយឡើយ៕