ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! បើ​មិន​ចង់ឱ្យ​ស្បែក​ឆាប់​ចាស់​ជាង​វ័យ ជៀសឱ្យផុត​ពី​សកម្មភាព​ទាំងនេះ​
16, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មិន​ចង់ឱ្យ​ស្បែក​ឆាប់​ចាស់​ជាង​វ័យ ប៉ុន្តែ​មិន​ចង់​ចំណាយ​ប្រាក់​អស់​ច្រើន​លើ​ផលិតផល​ថែរក្សា​ស្បែក ឬ​វះកាត់​កែ​សម្ផស្ស​មែន​ទេ​? បើទោះជា​ស្បែក​នឹង​គង់តែ​ប្រែប្រួល​ចាស់​ទៅតាម​វ័យ​ក៏ដោយ ក៏​នៅមាន​គន្លឹះ​ងាយៗ​ជាច្រើន​ជួយ​ពន្យឺត​ភាព​ចាស់​តាម​វ័យ​នៃ​ស្បែក ហើយ​មួយ​ក្នុងចំណោម​នោះ គឺ​ការ​ជៀសឱ្យផុត ឬ​កាត់បន្ថយ​សកម្មភាព​ដែល​បង្ក​ឱ្យ​ស្បែក​ឆាប់​ចាស់​ជាង​វ័យ​!



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​សកម្មភាព​ដែល​អ្នក​គួរ​ជៀសវាង​ដើម្បី​រក្សាបាន​នូវ​ស្បែក​ក្មេង​ជាង​វ័យ​រយៈពេល​យូរ ៖
 
១. តម​អាហារ​ដើម្បី​សម្រក​ទម្ងន់​
 
​អ្នក​ប្រហែលជា​មើលទៅ​ស្គម​ជាង​មុន​ក៏ពិតមែន​តាមរយៈ​សក​ម្ម​ភាព​តម​មិន​ទទួលទាន​អាហារ​ច្រើន​អស់​រយៈពេល​ប្រមាណ​ពី ២ ទៅ ៣ សប្តាហ៍​។ ប៉ុន្តែ​ទោះជា​យ៉ាងណា អ្នក​ក៏​ប្រហែលជា​មើលទៅ​មាន​រូប​សម្រស់​ចាស់​ជាង​មុន​ផងដែរ​ដោយសារ​ការធ្វើ​បែបនេះ​។ ដើម្បី​ទទួលបាន​ស្បែក​មាន​សុខ​ភាពល្អ​តឹង​ណែន​ស្រស់ថ្លា​នោះ​អ្នក​គួរ​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ផ្សេងៗ​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​។ ការ​តម​អាហារ​ដើម្បីឱ្យ​ស្រក​ទម្ងន់​បាន​ច្រើន​គីឡូ​ក្នុង​រយៈពេល​ខ្លី​មួយ​មិនល្អ​សម្រាប់​សុខភាព​ស្បែក​របស់​អ្នក​ឡើយ ដោយ​ការធ្វើ​បែបនេះ​អាច​បណ្ដាលឱ្យ​ស្បែក​ខ្វះ​នូវ​ការទទួលបាន​វីតាមីន និង​ជាតិ​រ៉ែ​ចាំបាច់​គ្រប់គ្រាន់​ដើម្បី​រក្សាសុខ​ភាពល្អប្រសើ​រ​, ស្រស់ស្អាត និង​ក្មេង​ជាង​វ័យ​។​
 
២. មិន​ទទួលទាន​ជាតិ​ខ្លាញ់​
 
​ក៏​ព្រោះ​មិនបាន​ដឹងថា​ខ្លាញ់​មាន​ល្អ និង​អាក្រក់ មនុស្ស​ភាគច្រើន​សម្រេច​ចិត្ត​មិន​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់​តែម្ដង​។ ប្រភេទ​នៃ​ខ្លាញ់​ល្អ គឺ​ត្រូវការ​ចាំបាច់​ដើម្បី​រក្សា​សុខភាព​ខួរក្បាល​, បេះដូង​, សន្លាក់ឆ្អឹង និង​ស្បែក​។ គ្រាប់​ធញ្ញជាតិ​, គ្រាប់ពូជ និង​ត្រី​សម្បូរ​ខ្លាញ់ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ខ្លាញ់​ល្អ​។​
 
៣. ត្រូវ​កម្ដៅ​ព្រះអាទិត្យ​ច្រើនពេក​
 
​ការ​ត្រូវ​កម្ដៅ​ព្រះអាទិត្យ​ច្រើនពេក​អាច​បង្ក​រោគសញ្ញា​នៃ​ភាព​ចាស់​មុន​វ័យ ហើយក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក​ផងដែរ​។ ទោះជា​យ៉ាងណា ការ​ត្រូវ​ពន្លឺ ឬ​កម្ដៅ​ព្រះអាទិត្យ​ក៏​ល្អ​សម្រាប់​សុខភាព​ស្បែក និង​សុខភាព​រាងកាយ​ផងដែរ ប្រសិនបើ​នៅ​ចន្លោះ​ម៉ោង ១០ ព្រឹក និង ៤ ល្ងាច​។ ហើយក៏​កុំ​ភ្លេច​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​ដែលមាន SPF ៣០ ឬ​ខ្ពស់ជាង​នេះ​ដើម្បី​ការពារ​ស្បែក​ពី​កម្ដៅ​ខ្លាំង​នៃ​ព្រះអាទិត្យ​រាល់ពេល​ចេញទៅ​ក្រៅ​ក្រោម​កម្ដៅថ្ងៃ​។​
 
៤. ទទួលទាន​ជាតិ​ស្ករ​ច្រើនពេក​
 
​ការទទួល​ទាន​អាហារ​ផ្អែម ឬ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​មិន​ត្រឹមតែ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ស្បែក​ធ្វើឱ្យ​ឆាប់​ចាស់​ជាង​វ័យ​ផងដែរ​។ នោះ​ក៏​ព្រោះតែ​ស្ករ​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​ដែល​ផ្សារភ្ជាប់​ទៅនឹង​ភាព​ឆាប់​ចាស់​នៃ​ស្បែក​។​
 
៥. ស្ត្រេ​ស​រយៈពេល​យូរ​
 
​តានតឹង​ក្នុង​អារម្មណ៍​សឹងតែ​រាល់ថ្ងៃ​ទៅហើយ​មែន​ទេ​? ដូច្នេះ​កុំ​ភ្ញាក់ផ្អើល ប្រសិនបើ​អ្នក​មើលទៅ​ចាស់​ជាង​វ័យ​របស់ខ្លួន​! ភាព​តានតឹង ឬ​ស្ត្រេ​ស​ដែល​មិនអាច​គ្រប់គ្រង​បាន​អាចធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​គួរឱ្យកត់សម្គាល់​។ ដូច្នេះ​ព្យាយាម​កាត់បន្ថយ​ភាព​តានតឹង ហើយ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​ទើប​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com