ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គង់ គាំ នឹងធ្វើ​ជាទី​ប្រឹក្សា ឬក៏​ជា​ប្រធានកិត្តិយស​ក្នុង​បក្ស​ឆន្ទៈ​ខ្មែរ​
16, Jan 2019 , 11:54 am        
រូបភាព
លោក គង់ មុនីកា (ឆ្វេងដៃ) លោក គង់ គាំ (អង្គុយ) និង លោក គង់ បូរ៉ា (ស្តាំដៃ) ថតក្រោយបោះឆ្នោតរួច ក្នុងឆ្នាំ២០១៨កន្លងទៅ។ រូបពីហ្វេសប៊ុកលោក គង់ បូរ៉ា
លោក គង់ មុនីកា (ឆ្វេងដៃ) លោក គង់ គាំ (អង្គុយ) និង លោក គង់ បូរ៉ា (ស្តាំដៃ) ថតក្រោយបោះឆ្នោតរួច ក្នុងឆ្នាំ២០១៨កន្លងទៅ។ រូបពីហ្វេសប៊ុកលោក គង់ បូរ៉ា
ដោយ: ថ្មីៗ
​នៅក្នុង​គណបក្ស​ឆន្ទៈ​ខ្មែរ មាន​តំណែង​ខ្ពស់​ពីរ គឺ​តំណែង​ជាទី​ប្រឹក្សា​និង​តំណែង​ជា​ប្រធានកិត្តិយស ដែល​នឹងត្រូវ​ជ្រើសរើស​មួយ សម្រាប់​លោក គង់  គាំ​។ នេះ​បើតាម​លោក គង់ មុនី​កា កូនប្រុស​ពៅ​របស់លោក គង់ គាំ និង​ជា​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​។ 


 
​លោក គង់ មុនី​កា លើកឡើងថា គណបក្ស​ឆន្ទៈ​ខ្មែរ នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅក្នុង​អំឡុង​ខែមករា​នេះ ដើម្បី​សម្រេច​ឲ្យ​លោក គង់ គាំ ធ្វើជា​ទីប្រឹក្សា​របស់លោក ឬក៏​ធ្វើជា​ប្រធានកិត្តិយស​។ លោក បង្ហើប​ថា គណបក្ស អាច​នឹង​ឲ្យ​លោក គង់ គាំ ធ្វើជា​ទីប្រឹក្សា ជាជាង​ប្រធានកិត្តិយស ព្រោះនេះ ជា​បំណង​របស់​ឪពុក​លោក​។  
 
​លោក គង់ មុនី​កា បញ្ជាក់​បែបនេះ​ថា​៖«​យើង​ដឹង​ហើយ​ថា គណបក្ស​ឆន្ទៈ​ខ្មែរ គឺជា​ប៉ូល​នយោបាយ​ថ្មី​។ នៅពេល​គាត់ ជួយ​ជ្រោមជ្រែង យើង​សង្ឃឹមថា យើង នឹង​ទទួលបាន​ដំបូន្មាន និង​សក្តានុពល​បន្ថែម ដើម្បី​ឈានទៅ​មុខ ហើយ​អាច​នឹង​ទាញ​បាន​អាសនៈ​នៅ​អាណត្តិ​ក្រោយ​»​។​
 
​ដោយឡែក ចំពោះ​ករណី​របស់លោក គង់ បូរ៉ា ដែលជា​បងប្រុស​នោះ លោក គង់ មុនី​កា មិនទាន់​អាចនិយាយបាន​ទេ​ថា នឹង​ផ្តល់​តំណែង​អ្វី​ឲ្យ ដោយសារតែ​កន្លងមក លោក គង់ បូរ៉ា មិនដែល​ប្រកាស​ជំហរ​របស់លោក ថា​ចូលទៅក្នុង​គណបក្ស​ឆន្ទៈ​ខ្មែរ ឬ​យ៉ាងណា​។ សារព័ត៌មាន​ថ្មីៗ មិនអាច សុំ​ចម្លើយ​ពី​លោក គង់ បូរ៉ា បានទេ ដោយសារតែ​ហៅ​ទូរ​សព្ទ​មិន​ចូល​។ 
 
​លោក គង់ គាំ និង លោក គង់ បូរ៉ា ដែលជា​កូនប្រុស​ច្បង ទើបនឹង​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ប្រោស​ព្រះរាជ​ប្រទាន​នូវ​នីតិសម្បទា ដើម្បី​បាន​ចូលធ្វើ​នយោបាយ​វិញ​។ លោក​ទាំង​២ ស្ថិត​ក្នុងចំណោម​ថ្នាក់ដឹកនាំ​ទាំង​១១៨ (​ស្លាប់​ម្នាក់​) នៃ​អតីត​គណបក្សប្រឆាំង ដែល​ត្រូវបាន​តុលាការ​កំពូល​ហា​មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​។ 

អត្ថបទទាក់ទង
  
​ក្រៅពី​លោក គង់ គាំ និង លោក គង់ បូរ៉ា គេ មិនទាន់​ឃើញ​មាន​អ្នកណា​ផ្សេង ដែល​ធ្វើ​សំណើសុំ​សិទ្ធិ​នយោបាយ​វិញ​ឡើយ​។ លោក សម រង្ស៊ី ប្រកាស​ពី​ក្រៅប្រទេស​ថា អ្វីដែល​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង ត្រូវ​ទាមទារ​នាពេលនេះ គឺ​ទាមទារ​ឲ្យ​ឲ្យ​ដោះលែង​លោក កឹម សុខា ពុំមាន​មែន​ទៅសុំ​សិទ្ធិ​នយោបាយ​ពី​រដ្ឋាភិបាល​នោះទេ​។ 
 
​លោក គង់ គាំ គឺជា​អតីត​អ្នកនយោបាយ​ជាន់ខ្ពស់​ម្នាក់​ក្នុង​គណបក្សប្រឆាំង ហើយក៏​ធ្លាប់ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី ដែរ​។ ពីមុន លោក គឺជា​សមាជិក​ព្រឹទ្ធសភា ជា​ប្រធាន​គណបក្ស សម រង្ស៊ី និង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ចំណែក លោ គង់ បូរ៉ា ធ្លាប់ជា​តំណាងរាស្ត្រ​ផង​និង​ធ្លាប់ជា​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផង​។ 
 
​លោក គង់ គាំ រួមទាំង​កូនប្រុស ដែល​ធ្លាប់​គាំទ្រ​លោក សម រង្ស៊ី បានប្រែក្លាយ​ទៅជាជំទាស់វិញ។ យ៉ាងណា លោក សម រង្ស៊ី នៅសល់​កូនប្រុស​របស់លោក គង់ គាំ ម្នាក់ទៀត គឺ​លោក គង់ សភា ដែល​បន្ត​ដើរ​តាម​និង​គាំទ្រ​លោក​។ 
 
​លោក គង់ សភា ក៏​ធ្លាប់ជា​តំណាងរាស្ត្រ​ដែរ​។ លោក និង អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ម្នាក់ទៀត គឺ​លោក ញ៉យ ចំរើន ធ្លាប់​រង​នូវ​ការវាយដំ​នៅមុខ​រដ្ឋសភា កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៥៕ 

Tag:
 ​គង់ គាំ​
© រក្សាសិទ្ធិដោយ thmeythmey.com