អន្តរជាតិ
មេទ័ព​ចិន​ប្រាប់​មេទ័ព​អាមេរិក​៖ ចិន​មិន​ឲ្យ​តៃវ៉ាន់​របេះ​ទៅណា​ឡើយ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​
16, Jan 2019 , 7:19 pm        
រូបភាព
ឧត្តមសេនីយ៍ Li Zuocheng សមាជិកគណៈកម្មការយោធាមជ្ឈិម
ឧត្តមសេនីយ៍ Li Zuocheng សមាជិកគណៈកម្មការយោធាមជ្ឈិម
​ចិន​នៅតែ​ប្រកាន់​ជំហរ​ថា តៃវ៉ាន់​ជា​ទឹកដី​មួយ​របស់ខ្លួន ដែល​មិនអាច​របូត​ទៅណា​ឡើយ​។ ជំហរ​នេះ​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​យោធា​ចិន Li Zuocheng ប្រាប់​ទៅ​មន្ត្រី​យោធា​អាមេរិក John Richardson នៅ​ថ្ងៃទី​១៥ ខែមករា​។ លោក​ឧ​ត្ត​ម​សេនីយ៍ Li ក៏​ប្រាប់​មេទ័ព​អាមេរិក​ពី​ជំហរ​របស់​ចិន​ដែល​ប្រឆាំង​រាល់​ការ​លូកដៃ​របស់​ប្រទេស​ខាងក្រៅ​ចូល​កិច្ចការ​តៃវ៉ាន់​ដែរ​។​

 
​ឧ​ត្ត​ម​សេនីយ៍ Li Zuocheng បាន​ជួប​ជាមួយ​ឧ​ត្ត​មនា​វី John Richardson មេបញ្ជាការ​កងទ័ពជើងទឹក​អាមេរិក​នៅ​ថ្ងៃទី​១៥ ខែមករា ខណៈដែល​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក​កំពុង​មិនសូវ​ល្អ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​។ ខណៈ​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​ផ្នែក​យោធា​នៅ​ល្អប្រសើរ មហាអំណាច​ទាំងពីរ​នេះ​ក៏មាន​ចំណុច​ខ្វែងគំនិត​គ្នាច្រើន​ដែរ ជាពិសេស​ទំនាក់ទំនង​កងទ័ព និង​ស៊ីវិល​រវាង​អាមេរិក និង​កោះ​តៃវ៉ាន់ ដែលជា​ចិន​ចាត់ទុកជា​ខេត្ត​មួយ​របស់ខ្លួន​។​
 
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​ចិន លោក Li ជា​សមាជិក​គណៈកម្មកា​រ​យោធា​មជ្ឈិម​ដែល​គ្រប់គ្រង​កងទ័ព​រំដោះប្រជាជន​ចិន បាន​ប្រា​ប់លោក Richardson ថា តៃវ៉ាន់​ជា​បញ្ហា​ផ្ទៃក្នុង និង​ជាការ​បារម្ភ​ចំពោះ​ផលប្រយោជន៍​ចិន និង​អារម្មណ៍​របស់​ប្រជាជន​ទាំងមូល​។ ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​រូបនេះ​បន្តថា ចិន​មិន​លើកលែង​ដល់​ការ​លូកដៃ​នៃ​កម្លាំង​ខាងក្រៅ ហើយ​ប្រសិនបើ​មាន​អ្នកណា​ចង់​បំបែក​តៃវ៉ាន់​ពី​ចិន កងទ័ព​ចិន​នឹង​ការពារ​ទឹកដី​ដូនតា​ឲ្យ​បាន​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។ 
 
​ចំពោះមុខ​ប្រមុខ​កងទ័ពជើងទឹក​អាមេរិក មេទ័ព​ចិន​ដដែល​ក៏​ស្នើ​ឲ្យ​យោធា​ទាំងពីរ​គោរព​គ្នា​ទៅមក បង្កើន​ការជឿទុកចិត្ត​គ្នា ពង្រឹង​ទំនាក់ទំនង គ្រប់គ្រង​បញ្ហា​ប្រថុយប្រថាន និង​ជំរុញ​ទំនាក់ទំនង​យោធា​ឲ្យ​ក្លាយជា​កត្តា​រក្សា​ស្ថិរភាព​ក្នុង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។ លោក Richardson ក៏​ឆ្លើយតប​វិញ​ដោយ​វិជ្ជមាន និង​បង្ហាញ​ឆន្ទៈ​របស់​អាមេរិក​ក្នុងការ​ពង្រឹង​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​ជាន់ខ្ពស់ ក៏ដូចជា​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​ដោយ​ការចរចា​ផង​។​
 
​តាមពិតទៅ បញ្ហា​តៃវ៉ាន់ តែងតែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អំណាច​ទាំងពីរ​ប្រែប្រួល​។ អាមេរិក​ដែល​មិន​ទទួល​តៃវ៉ាន់​ជា​ប្រទេស​ផង​នោះ នៅតែ​បន្ត​ជួយ​កោះ​មួយ​នេះ​ក្នុងឋានៈ​ជា​សម្ព័ន្ធមិត្ត​សន្ធិសញ្ញា ហើយ​គេ​មិនគួរ​ភ្លេច​ទេ​ថា អាមេរិក​គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​ធំជាងគេ​របស់​តៃវ៉ាន់​។ ទំនាក់ទំនង​ល្អូក​ល្អឺ​ន​បែបនេះ​ក៏​បន្ត​ដាក់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ តែ​ចិន​នៅ​មិន​សុខ​ឡើយ ដ្បិត​នៅ​តៃវ៉ាន់​ចលនា​ប្រកាស​ឯករាជ្យ​កំពុង​ដឹកនាំ​កិច្ចការ​ជាតិ​។​
 
​ក្នុង​ខែ​ថ្មីៗ​នេះ អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ដែល​ខណ្ឌ​ចែក​ដីគោក និង​ដែន​កោះ​តៃវ៉ាន់ ក្នុងន័យ​សម្ញែង​អំណាច​ផង និង​ជាការ​បញ្ជាក់​ពី​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ផង​។ ប៉ុន្តែ​ចិន​ចាត់ទុក​សកម្មភាព​រប​ស់​អាមេរិក ជាការ​បំពាន​អធិបតេយ្យ​ព្រោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ចិន​។ ថ្មី​នេះ​ទៀតសោត អាមេរិក​ក៏​ធ្វើ​ឲ្យ​ចិន​កាន់តែ​ខឹង បន្ទាប់​តំណាងរាស្ត្រ​អាមេរិក​នាំគ្នា​អនុម័ត​ច្បាប់​លើកទឹកចិត្ត​ដល់​ការធ្វើ​ទស្សនកិច្ច​រវាង​អាមេរិក និង​តៃវ៉ាន់​៕

Tag:
 ចិន​
  អាមេរិក​
  តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com