កីឡាករនិងអតីតកីឡាករ ONE Championship បានសាមគ្គីគ្នារៃអង្គាសថវិកាជួយដល់កីឡាករ អេ រដ្ឋា ដែលកំពុងសម្រាកព្យាបាលជំងឺនៅឡើយ។ កីឡាករ អេ រដ្ឋា ដែលមានវ័យទើប១៩ឆ្នាំបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវឡានបុកនិងកិនពីលើបណ្តាលឲ្យរងរបួសជាទម្ងន់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។
ដើម្បីជួយសម្រួលលើការចំណាយថ្លៃព្យាបាល និងមើលឃើញពីលទ្ធភាពខ្វះខាតរបស់កីឡាករ អេ រដ្ឋា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កន្លងមក ក្រុមកីឡាករនិងអតីតកីឡាករ ONE Championship បានរួមគ្នាបង្កើតមូលធិនិរៃអង្គាសថវិកាជួយដល់កីឡាកររូបនេះ។ ទោះបីមិនបង្ហាញពីចំនួនទឹកប្រាក់ដែលទទួលបាន តែថវិកាទាំងនេះត្រូវបានលោក ហ៊ុន ចាន់រាជ គ្រូបង្វឹកក្លិប Cambodia Top Team និងក្រុមការងារយកទៅប្រគល់ជូនរួចហើយកាលពីពេលកន្លងទៅថ្មីៗ។
មិនមែនមានតែក្រុមកីឡាករ ONE Championship នោះទេ សូម្បីថ្នាក់ដឹកនាំប្រទេស ពិសេសសម្តេច ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកក្របាទក្រហមកម្ពុជា ក៏បានផ្តល់ជាថវិកានិងគ្រឿងឧបភោកនិងបរិភោកជូនកីឡាកររូបនេះដែរ។ លើសពីនេះ លោក អេ ភូថង គ្រូបង្វឹកក្លិបអេភូថងកីឡា និងកីឡាករ កែវ រំចង់ បានស្វះស្វែងរកមូលនិធិក្នុងនិងក្រៅប្រទេសជួយដល់កីឡាកររូបនេះទៀតផង។ ហើយកាលពីពេលថ្មីៗ រដ្ឋា ទទួលបានថវិកាចំនួន៥០០ដុល្លារពីតារាចម្រៀងកញ្ញា ទេព បូប្រឹក្ស ដែលបានទៅសួរសុខទុក្ខរូបគេ។
«មុនមានរឿងហេតុនេះកើតឡើង គាត់បានឈ្នះក្នុងការប្រកួតវគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយកំពុងត្រៀមវាយនៅវគ្គផ្តាច់ព្រ័ត្រយកខ្សែក្រវាត់។ ស្ទើរមួយជីវិត គាត់ប្រឹងប្រកួតដើម្បីយកខ្សែក្រវាត់មួយ ដល់ពេលជិតបានសម្រេច បែរជាជួបគ្រោះថ្នាក់នេះទៅវិញ»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ចាន់រាជ ពេលយកលុយទៅប្រគល់ជូនកីឡាករ អេ រដ្ឋា។
លោក ហ៊ុន ចាន់រាជ ជាមួយអតីតកីឡាករ ONE Championship និងលោក Nicholas "JJ" Lee នៅចាំមើលការខុសត្រូវ អេ រដ្ឋា ជាប់នៅមន្ទីរពេទ្យកាល់ម៉ែត ពួកគេបានបង្កើតកម្មវិធីជាច្រើន ដើម្បីឲ្យមនុស្សទូទាំងពិភពលោកអាចចូលរួមបរិច្ចាគថវិកាសម្រាប់ការវះកាត់ និងព្យាបាលរបួស។
អេ រដ្ឋា ដែលជាកូនកំព្រាឪពុកម្តាយតាំងពីក្មេង បច្ចុប្បន្នមានអាយុ១៩ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវឡានបុកនិងកិនពីលើអំឡុងពេលកំពុងជិះម៉ូតូមកពីលេងផ្ទះបងប្អូន ដែលបណ្តាលឲ្យរងរបួសបាក់ជើង ដាច់ពោះវៀន និងបែកប្លោកនោម។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅមុខវត្តនិរោធ ម្តុំបុរីលុចសារី ក្នុងខណ្ឌច្បារអំពៅ។
ទោះបីស្ថានភាពរបួសមានភាពធូស្បើយបន្តិចក៏ដោយ តែ រដ្ឋា មិនទាន់អាចដើរបាននៅឡើយទេ ពោលគឺរូបគេនៅដេកសម្រាកព្យាបាលនៅលើគ្រែនៅឡើយ។ បើតាមការអះអាងរបស់គ្រូពេទ្យ រដ្ឋា អាចចំណាយពេលពីពីរទៅបីខែក្នុងការសម្រាកព្យាបាល តែលទ្ធិភាពដើររួចដូចធម្មតាមានតិចតួចបំផុតសម្រាប់រូបគេ ដោយសាររបួសផ្នែកខាងក្នុងធ្ងន់ធ្ងរពេល។
រដ្ឋា បានរៀបរាប់ថា៖«ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តខ្លាំង បានកីឡាករស្រុកខ្មែរយើងជួយលើកកម្លាំងចិត្តដល់កីឡាករខ្មែរដូចគ្នា។ ខ្ញុំសប្បាយចិត្ត ដូចមនុស្សបានរស់មកវិញម្តងទៀតអីចឹង។ បើសិនជាខ្ញុំអាចព្យាបាលជា ខ្ញុំបន្តប្រដាល់ទៅទៀត ពីព្រោះខ្ញុំស្រលាញ់ខ្លាំងណាស់»។
ថ្វីបើនៅឈឺចុក អេ រដ្ឋា មានស្មារតីវិជ្ជមានខ្លាំង និងមានសង្ឃឹមច្រើនថានឹងអាចឆាប់ជាសះស្បើយ ហើយជឿថាគាត់អាចធ្វើបាន បើមានការលើកទឹកចិត្តជាបន្តបន្ទាប់ពីសំណាក់បងប្អូនរួមជាតិ និងមិត្តរួមអាជីព។ ជាមួយគ្នានេះ រដ្ឋា បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានជួយឧបត្ថម្ភដល់រូបគេ៕