Theerathon បន្ត​ខ្ចី​ជើង​នៅ J.League ដោយ​ចូលរួម​ជាមួយ​ក្លិប Yokohama
កីឡាអន្តរជាតិ
អន្តរជាតិ
Theerathon បន្ត​ខ្ចី​ជើង​នៅ J.League ដោយ​ចូលរួម​ជាមួយ​ក្លិប Yokohama
16, Jan 2019 , 8:39 pm        
រូបភាព
​ក្លិប Muangthong United នៃ​លី​គ​កំពូល​ថៃ នៅ​ថ្ងៃទី​១៦ ខែមករា​នេះ បាន​បញ្ជាក់ថា​កីឡាករ​របស់ខ្លួន Theerathon Bunmathan បាន​វិលត្រឡប់​ទៅលេង​នៅ J.League វិញ​ហើយដោយ​ចូលរួម​ជាមួយ Yokohama F. Marinos ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល​។​


 
Theerathon ដែល​បច្ចុប្បន្ន​កំពុងមាន​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​ថៃ​ក្នុង​យុទ្ធនាការ​ដណ្តើមពានរ​ង្វាន់ AFC Asian Cup ឆ្នាំ ២០១៩ ត្រូវបាន Vissel Kobe ខ្ចី​ទៅលេង​មួយ​រដូវ​កាល​ផងដែរ​កាលពី​ឆ្នាំ​២០១៨​។ ប៉ុន្តែ​សម្រាប់​រដូវ​កាល ២០១៩​នេះ ខ្សែការពារ​ដែលជា​កម្ម​សិទ្ធ​របស់​ក្លិប Muangthong United ត្រូវបាន Yokohama F. Marinos ខ្ចី​ទៅលេង​ឲ្យ​ក្រុម​ពួក​វិញ​ម្តង​ដោយមាន​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​។​

 
 
​ខ្សែការពារ​ស្លាប​ឆ្វេង វ័យ​២៨​ឆ្នាំ​រូបនេះ​បានបង្ហាញ​ខ្លួន​ឲ្យ Vissel Kobe ចំនួន​២៨​ប្រកួត និង​ជួយ​ក្រុម​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ ១០ ក្នុង​ក្របខណ្ឌ​កំពូល​របស់​ជប៉ុន J.League សម្រាប់​រដូវ​កាល​២០១៨​។ ដោយឡែក​ក្លិប​ថ្មី​របស់គេ Yokohama បានបញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​១២ ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​អតីត​គ្រូ​ជម្រើសជាតិ​អូស្ត្រាលី​លោក Ange Postecoglou​។​
 
​ការ​ត្រឡប់​ទៅលេង​នៅ​ជប៉ុន​នេះ មានន័យថា Theerathon នឹងចូលរួម​ជាមួយ​មិត្ត​រួម​ជាតិ​របស់គេ Chanathip Songkrasin ដែល​បាន​បន្ត​ស្នាក់នៅ​ជាមួយ​ក្លិប Hokkaido Consadole Sapporo មួយឆ្នាំ​ទៀត​។ Chanathip ដែល​ត្រូវបាន​ខ្ចី​ពី Muangthong ដែរនោះ បាន​ជួយ​ក្រុម Sapporo បាន​ចំណាត់ថ្នាក់​ទី​៤​ក្នុង​តារាង J.League រដូវ​កាល​មុន​ផងដែរ​។​


Theerathon Bunmathan កាលនៅលេងឲ្យ Vissel Kobe
 
​ដោយឡែក​មិត្ត​រួម​ជាតិ​របស់គេ​មួយរូប​ទៀត​គឺ Teerasil Dangda ត្រូវ​ត្រឡប់​ទៅកាន់ Muangthong United វិញ​ក្រោយ​បញ្ចប់​ការខ្ចី​ជើង​ពី​សំណាក់​ក្លិប Sanfrecce Hiroshima រយៈពេល​១​រដូវ​កាល​។​
 
​សូមបញ្ជាក់ថា Theerathon, Dangda និង Chanathip បានរួម​ចំណែក​ជួយ​ក្រុម​រហស្សនាម​ដំរី​ឲ្យ​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល ទៅកាន់​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី Asian Cup លើក​ទី​១៧ ដោយ​ទទួលបាន​ចំណាត់ថ្នាក់​ទី​២ ពូ​ល A៕
 

Tag:
 បាល់ទាត់​
  Theerathon Bunmathan
  Muangthong United
  Yokohama F. Marinos
© រក្សាសិទ្ធិដោយ thmeythmey.com