អន្តរជាតិ
បញ្ហាខ្យល់កខ្វក់អាចធ្វើឲ្យថៃ ខាតបង់ជាង២០០លានដុល្លារអាមេរិក
× បញ្ហាខ្យល់កខ្វក់ធ្ងន់ធ្ងរក្នុងទីក្រុងបាងកក នឹងប៉ះពាល់ដល់សេដ្ឋកិច្ចថៃ ប្រសិនបើអាជ្ញាធរពុំចាត់វិធានការឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីសម្អាតខ្យល់កខ្វក់នេះទេនោះ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវមួយ ចេញផ្សាយកាលពីថ្ងៃទី ១៥ មករា។
យោងតាមការវិភាគរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ដែលមានមូលដ្ឋាននៅរាជធានីបាងកក បញ្ហាខ្យល់កខ្វក់នេះអាចធ្វើឲ្យថៃខាតបង់លុយប្រមាន ៦,៦ ពាន់លានបាត ឬ ជាង២០៧លានដុល្លារ នៅក្នុងវិស័យសុខាភិបាល និងទេសចរណ៍ ដ្បិតឥទ្ធិពលនៃវិបត្តិ PM2.5 កាលពីថ្មីៗនេះ។
របាយការណ៍ខាងលើដដែលនេះបានបង្ហាញថា វិស័យសុខាភិបាល និងទេសចរណ៍ នឹងត្រូវរងផលប៉ះពាល់ខ្លាំងពីបញ្ហាខ្យល់កខ្វក់នេះ ដោយសារតែប្រជាជនប្រឈមមុខនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរចំពោះសុខភាពរបស់ពួកគេ ដែលបណ្តាលមកពីគុណភាពខ្យល់កម្រិត PM2.5។ មួយវិញទៀត ក្រុមអ្នកទេសចរបានសម្រេចចិត្តចាកចេញពីទីក្រុងបាងកក ដោយសារព្រួយបារម្ភពីបញ្ហាខ្យល់បំពុល ដែលវាកំពុងប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍របស់ថៃ។
បើផ្អែកលើទិន្នន័យស្តីពីអ្នកមានបញ្ហាសុខភាពទាក់ទងនឹងខ្យល់បំពុល របស់មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានរកឃើញថា កម្រិតគុណភាពខ្យល់ PM2.5 ដែលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងនេះ បានបង្កើនចំនួនអ្នកជំងឺប្រព័ន្ធដង្ហើម។ តួយ៉ាង គេបានប៉ាន់ស្មានថា យ៉ាងហោចណាស់ មនុស្សប្រមាណ ២,៤លាននាក់ ក្នុងប្រជាជនបាងកកសរុប ១១លាននាក់ កំពុងកើតជំងឺផ្លូវដង្ហើម និងអាឡាក់ស៊ី។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation របាយការណ៍ដដែលនេះបានព្រមានថា ប្រសិនបើអាជ្ញាធរថៃពុំចាត់វិធានការចាំបាច់ណាមួយដើម្បីដោះស្រាយបញ្ហាខ្យល់កខ្វក់នេះឲ្យបានឆាប់រហ័សទេនោះ ចំនួនអ្នកទេសចរដ៏ច្រើនប្រហែលជាលុបចោលដំណើរកម្សាន្តរបស់ពួកគេទៅកាន់ប្រទេសថៃ ដែលវានឹងធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍ថៃ។ ហើយគេបានប៉ាន់ស្មានថា ការខាតបង់អាចនឹងកើនដល់ ៣,៥ ពាន់លានបាត ឬស្មើនឹង ៤,៥ ភាគរយនៃប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ថៃសរុបក្នុងក្រុងបាងកក អំឡុងពេលក្នុងឆ្នាំនេះ។
ទន្ទឹមនឹងគ្នានេះដែរ មជ្ឈមណ្ឌលស្រាវជ្រាវខាងលើនេះ ក៏បានទទូចឲ្យអាជ្ញាធរពិនិត្យឲ្យបានល្អិតល្អន់ទៅលើមូលហេតុដែលបង្កឲ្យមានការបំពុលខ្យល់ និងរៀនសូត្រពីកិច្ចប្រឹងប្រែងរបស់ប្រទេសដ៏ទៃក្នុងការទប់ទល់នឹងបញ្ហាបំពុលខ្យល់ ក្នុងគោលដៅដាក់ចេញនូវគម្រោងសកម្មភាពរយៈពេលវែង៕
Tag:
របាយការណ៍
ថៃ
ខ្យល់បំពុល
© រក្សាសិទ្ធិដោយ thmeythmey.com