ជាតិ
នយោបាយជាតិ
សមាជិកព្រឹទ្ធសភាជប៉ុន ប្រាប់សម្តេច ហ៊ុន សែន ថា «ជប៉ុន បន្តជួយកម្ពុជា» ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង សមាជិកព្រឹទ្ធសភាជប៉ុន
× លោក Takuji Yanagimoto សមាជិកព្រឹទ្ធសភាជប៉ុន បានលើកឡើងនៅចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនថា «ប្រទេសជប៉ុន នឹងបន្តគាំទ្រនិងជួយដល់កម្ពុជាបន្ថែមទៀត»។ អ្នកទាំងពីរ បានជួបគ្នា នៅខេត្តសៀមរាប នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ។
ក្នុងជំនួបនោះ លោក Takuji Yanagimoto បាននិយាយថា បច្ចុប្បន្ន អ្នកវិនិយោគជប៉ុន បានមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ លោក បន្តថា ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក៏មានទំនាក់ទំនងកាន់តែល្អផងដែរ។
លើសពីនេះ សមាជិកព្រឹទ្ធសភាជប៉ុនរូបនេះ បានសរសើរពីការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា។ ទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បានសរសេរពីសម្តីរបស់លោក បែបនេះថា៖«ចំពោះសេដ្ឋកិច្ចកម្ពុជា ក៏កំពុងតែមានសន្ទុះរីកចម្រើនយ៉ាងលឿន ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងដ៏ល្អរបស់កម្ពុជា»។
សម្តេច ហ៊ុន សែន ឆ្លើយតបថា ជប៉ុន បានដើរតួនាទីសំខាន់ណាស់ ក្នុងការស្វែងរកសន្តិភាពឲ្យកម្ពុជា និងបានបញ្ជូនកងកម្លាំងជាលើកដំបូងជួយដល់កម្ពុជា។ ប្រមុខរដ្ឋាភិបាលកម្ពុជា បន្តថា បន្ទាប់ពីកម្ពុជាបោះឆ្នោតឆ្នាំ១៩៩៣ ជប៉ុន នៅតែបន្តជួយដល់កម្ពុជា ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍ។
លោក Takuji Yanagimoto និងគណៈប្រតិភូ បានមកចូលរួមកិច្ចប្រជុំលើកទី២៧នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងសន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព» ដែលមានរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩៕
Tag:
ហ៊ុន សែន
កម្ពុជា-ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com