កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ហ្វីលីពីន និង​វៀតណាម សល់​ឱកាស​ដណ្តើម​លេខ​៣​ល្អ​បំផុត​
16, Jan 2019 , 3:57 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ពី​តំបន់​អាស៊ាន​ពីរ​រួមមាន​ហ្វីលីពីន និង​វៀតណាម​នឹងត្រូវ​ប្រជែង​ជាមួយ​គូប្រកួត​រៀងៗ​ខ្លួន​ក្នុងជំនួប​ចុងក្រោយ​ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​ទី​៣​ក្នុង​ពូ​ល​ដែលជា​ឱកាស​ចុងក្រោយ​តែមួយគត់​សម្រាប់​ពួកគេ​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ នៃ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩​។


 
​ហ្វីលីពីន​ដែល​ដឹកនាំ​ដោយ​គ្រូវ​បង្វឹក​មានឈ្មោះ​ល្បី​លោក Sven-Goran Eriksson ត្រូវ​តទល់​ជាមួយ កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ក្នុងជំនួប​ផ្តាច់ព្រ័ត្រ​ពូ​ល C នៅ​ថ្ងៃទី​១៦ ខែមករា វេលា​ម៉ោង ៨:៣០​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​] ដើម្បី​ដណ្តើមយក​៣​ពិន្ទុ សម្រាប់​តំណែង​លេខ​៣​ក្នុង​ពូ​ល ខណៈ​ក្រុម​ទាំងពីរ​មិនទាន់​ស្គាល់​ឈ្នះ​ដូចគ្នា​។​
 
​កូរ៉េខាងត្បូង និង​ចិន​ដែល​កក់​កៅអី​ទៅកាន់​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​រួចហើយនោះ​ក៏ត្រូវ​ប្រជែង​គ្នា​យក​ចំណាត់ថ្នាក់​ទី​១​ពូ​ល C នៅ​ម៉ោង​ដំណាល់គ្នា​នេះដែរ​។​
 
​មិន​ខុសពី​ហ្វីលីពីន និង​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ឡើយ ម្ចាស់​ជើងឯក AFF Suzuki Cup 2018 វៀតណាម​ក៏​ត្រៀមខ្លួន​តតាំង​ជាមួយ​យេ​ម៉ែន​ដែលមាន​សូន​ពិន្ទុ​ដូចគ្នា​នៅវេលា​ម៉ោង ១១:០០​នាទី​យប់​នេះដែរ ដើម្បី​ប្រជែង​គ្នា​យក​៣​ពិន្ទុ​សម្រាប់​ចំណាត់ថ្នាក់​ទី​៣​ពូ​ល D​។ ក្នុង​ពូ​ល​នេះដែរ អ៊ីរ៉ាក់​ត្រូវ​ប៉ះ​អ៊ីរ៉ង់​ដើម្បី​យក​តំណែង​កំពូល​តារាង ដ្បិត​ក្រុម​ទាំងពី​ឡើង​ដោយ​ស្វ័យប្រវត្តិ​រៀងខ្លួន​។​
 
​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​លើក​ទី​១៧​នេះ ចំណាត់ថ្នាក់​ទី​៣​ក្នុង​ពូ​ល​ទាំង​៦ នឹងត្រូវ​ជ្រើស​យក​៤​ក្រុម​ដែលមាន​ពិន្ទុ​ល្អ​បំផុត ដើម្បី​យកទៅ​បំពេញ​បង្គ្រប់​១២​ក្រុម​ដែល​យកបាន​ចំណាត់ថ្នាក់​ទី​១ និង​ទី​២​តាម​ពូ​ល សម្រាប់​ប្រជែង​គ្នា​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​៕
 

Tag:
 បាល់ទាត់​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com