អន្តរជាតិ
កាណាដាស្នើឲ្យចិនលើកលែងទោសដល់ជនជាតិខ្លួន ដែលត្រូវតុលាការចិនកាត់ទោសប្រហារជីវិត លោក Robert Lloyd Schellenberg
× កាណាដា ទទូចឲ្យក្រុងប៉េកាំងលើកលែងទោសដល់ជនជាតិកាណាដាម្នាក់ ដែលត្រូវតុលាការចិនកាត់ទោសប្រហារជីវិតពីបទរត់ពន្ធគ្រឿងញៀន។ សម្រាប់ការកាត់ទោសថ្មីនេះ វាហាក់ដូចជាចាក់សាំងបន្ថែមទៅលើជម្លោះការទូត រវាងប្រទេសទាំងពីរ ដែលបានចាប់ផ្តើមកាលពីខែមុន។
ក្រុងអូតាវ៉ា ក៏បានព្រមានដល់ប្រជាពលរដ្ឋខ្លួនផងដែរអំពី ហានិភ័យនៃ «ការអនុវត្តច្បាប់តាមទំនើងចិត្ត» ក្នុងប្រទេសចិន ក្រោយពីតុលាការក្រុង Dalian នៅថ្ងៃទី១៤ ខែមករា បានសម្រេចបង្កើនទោសលើជនជាតិកាណាដាម្នាក់ ឈ្មោះថា Robert Lloyd Schellenberg វ័យ ៣៦ឆ្នាំ ដែលជាប់ចោទពីបទរត់ពន្ធគ្រឿងញៀនពីការជាប់ពន្ធនាគារ១៥ឆ្នាំទៅជាទោសប្រហារជីវិតវិញ។ ហើយការកាត់ទោសថ្មីនេះគឺធ្វើឡើង ស្របពេលដែលចិន និងកាណាដា កំពុងមើលមុខគ្នាមិនត្រូវដោយសារការឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ Huawei កាលចុងពីឆ្នាំមុន។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង Quebec រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland បានគូសបញ្ជាក់ថា៖«យើងបានជជែករួចរាល់ជាមួយរដ្ឋទូតចិនប្រចាំកាណាដា និងបានស្នើសុំការលើកលែងទោសដល់លោក Schellenberg ផងដែរ»។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកស្រី Freeland បាននិយាយថា កាណាដាជឿជាក់ថា វាជាអំពើមិនសមរម្យ និងអមនុស្សធម៌ ហើយកាណាដាប្រឆាំងនឹងរឿងនេះ។
តាមពិតទៅ ការដាក់ទោសជាប់ពន្ធនាគារ១៥ឆ្នាំលើជន Schellenberg ត្រូវបានសម្រេចដោយតុលាការកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុន្តែបន្ទាប់ពីមានបណ្ដឹងឧទ្ធរណ៍ តុលាការជាន់ខ្ពស់ខេត្ត Liaoning ក៏សម្រេចឲ្យបើកសវនាការជាថ្មី។ តុលាការក្រុង Dalian សន្និដ្ឋានថា ជនជាតិកាណាដារូបនេះ ដែលត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៤ បានដើរតួសំខាន់ក្នុងបណ្ដាញជួញដូរគ្រឿងញៀនអន្តរជាតិ និងរត់ពន្ធគ្រឿងញៀនចំនួន២២២គីឡូក្រាមចូលទឹកដីចិន។
ច្បាស់ណាស់ថា ករណីចុងក្រោយនេះ ធ្វើឲ្យទំនាក់ទំនងចិន និងកាណាដាកាន់តែល្អក់កករមួយកម្រិតទៀត។ សព្វថ្ងៃនេះ ក្រុងអូតាវ៉ាកំពុងស្វែងរកការដោះលែងជនជាតិកាណាដាពីរនាក់ដែលជាប់ឃុំនៅចិនជុំវិញការចោទប្រកាន់ថា ធ្វើសកម្មភាពប៉ះពាល់សន្តិសុខចិន ដែលទោសនេះក៏មិនស្រាលដែរ។ រឿងរ៉ាវដើរដល់ដំណាក់កាលនេះ ផ្ដើមចេញពីការឃាត់ខ្លួននាយកហិរញ្ញវត្ថុក្រុមហ៊ុនបច្ចេកវិទ្យា Huawei ពីសំណាក់អាជ្ញាធរកាណាដា ហើយសព្វថ្ងៃកំពុងស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន។
ប្រធានប្រតិបត្តិអង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក Kenneth Roth បាននិយាយថា ចិនកំពុងលេងនយោបាយចាប់ចំណាប់ខ្មាំង។ មតិជាច្រើនយល់ថា ករណីនេះ ជាការសងសឹករបស់ចិនលើកាណាដា ខណៈចិនបានព្រមានរួចហើយថា បើជនជាតិខ្លួនមិនត្រូវបានដោះលែងទេ កាណាដាត្រៀមខ្លួនឲ្យហើយទៅ។ ចាប់ពីពេលនោះមក ជនជាតិកាណាដាបីនាក់ត្រូវអាជ្ញាធរចិនចាប់ខ្លួន តែម្នាក់ក្នុងចំណោមនេះនឹងត្រូវបញ្ជូនទៅស្រុកវិញ។ យ៉ាងណាមិញ ចិនបានទាត់ចោលការទំនាក់ទំនងរវាងសំណុំរឿងទាំងនេះ និងអះអាងថា ខ្លួនគ្រាន់តែអនុវត្តច្បាប់ប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com