ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ រុស្ស៊ី បាន​ជួយ​បណ្តុះ​ធនធានមនុស្ស និង​បន្សល់ទុក​ស្នាដៃ​នៅ​កម្ពុជា​
16, Jan 2019 , 10:19 pm        
រូបភាព
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង អនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង អនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី
ដោយ: ថ្មីៗ
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួបពិភាក្សា​ជាមួយ​លោក Ilyas Umakhanov អនុប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សហព័ន្ធរុស្ស៊ី នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​នេះ​។ ក្នុងជំនួប​នោះ ប្រមុខ​រដ្ឋាភិបាល បាន​រម្លឹក​ពី​គុណសម្បត្តិ​ខ្លះៗ​របស់​រុស្ស៊ី ដែលមាន​ចំពោះ​កម្ពុជា នាពេល​កន្លងមក​។


 
​សម្តេច ហ៊ុន សែន បាន​និយាយ​ទៅកាន់​លោក  Ilyas យ៉ាង​ដូច្នេះ​ថា​៖«​ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​រុស្ស៊ី គឺជា​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​ជា​យូរ​មកហើយ ជាពិសេស​រុស្ស៊ី​បាន​ជួយ​ដល់​កម្ពុជា​នៅពេលដែល​កម្ពុជា ជួប​ការលំបាក​បំផុត ក្រោយពី​ទើប​រំដោះប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុល ពត​»​។ 
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បន្ថែមទៀតថា​៖«​រុស្ស៊ី ក៏បាន​បន្សល់ទុក​នូវ​ស្នាដៃ​ប្រវត្តិសាស្ត្រ​មួយចំនួន​នៅ​កម្ពុជា​ផងដែរ ដូចជា មន្ទីរពេទ្យ​រុស្ស៊ី និង​សាលា​តិច​ណូ ជាដើម​។ ទន្ទឹមនឹងនេះ រុស្ស៊ី​ក៏បាន​ជួយ​ដល់​កម្ពុជា ក្នុងការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​នៅ​ប្រទេស​រុស្ស៊ី​ផ្ទាល់ ដែល​សព្វថ្ងៃនេះ បញ្ញវ័ន្ត​ទាំងនោះ កំពុង​បំពេញការងារ​នៅក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​»​។​
 
​លោក Ilyas បាន​អបអរសាទរ​កម្ពុជា ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​លើក​ទី​២៧​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) និង​ការប្រកាស​បើក​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) នៅលើ​ទឹកដី​កម្ពុជា​ជា​លើកដំបូង​។ លោក Ilyas បាន​លើកឡើងថា គណៈប្រតិភូ​របស់លោក​ទាំងអស់ នឹង​ខិតខំ​ធ្វើយ៉ាងណា ដើម្បី​រួមចំណែក​ក្នុងការ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អ​។ 
 
​លោក Ilyas និង​គណៈប្រតិភូ បានមក​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ចូលរួម​អបអរសាទរ​ការប្រកាស​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​។ កិច្ចប្រជុំ​នៃ​វេទិកា​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក មាន​រយៈពេល​៤​ថ្ងៃទី គឺ​ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខាង​ស្ថាប័ន​នីតិបញ្ញត្តិ​នៃ​ប្រទេស​ចំនួន​២១ ដោយ​រួមទាំង​កម្ពុជា ជា​ម្ចាស់ផ្ទះ​ផងដែរ​៕ 

Tag:
 ​ហ៊ុន សែន​
  កម្ពុជា​-​រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com