អន្តរជាតិ
​កុំ​យក​គំរូ​តាម​! យុវជន​ឥណ្ឌា​ម្នាក់​ប្រារព្ធ​ខួបកំណើត​ដោយ​យក​កាំភ្លើង​បាញ់​នំ​ខេ​ក​របស់ខ្លួន​
16, Jan 2019 , 10:39 pm        
រូបភាព
ដោយ: ធីតា
​វីដេអូ​មួយ​របស់​យុវជន​ម្នាក់ ដែល​បាញ់​នំ​ខួបកំណើត​របស់ខ្លួន កំពុង​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​នៅ​ឥណ្ឌា​។ ក្នុង​វីដេអូ ជំនួស​ដោយ​ការយក​កាំបិត​កាត់​នំ យុវជន​ម្ចាស់​ខួប បែរជាយក​កាំភ្លើង​បាញ់​លើ​នំ ដើម្បី​ឲ្យ​មាន​លក្ខណៈ​ខុសប្លែកៗ​ទៅវិញ​។

 
​មិនមាន​ប្រភព​ណាមួយ​អះអាង​ពី​អត្តសញ្ញាណ​យុវជន​ម្ចាស់​ខួប​នោះឡើយ ប៉ុន្តែ​គេ​សន្និដ្ឋានថា សកម្មភាព​នេះ កើតឡើង​នៅ​ក្រុង Meerut រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា​។ ក្នុង​វីដេអូ គេ​ឃើញ​មាន​យុវជន​៣​នាក់ រួមទាំង​អ្នក​ថត បាននាំគ្នា​ឈរ​ប្រារព្ធ​ខួបកំណើត​នៅក្បែរ​រថយន្ត​មួយគ្រឿង ហើយ​នំ​ខួបកំណើត​ត្រូវបាន​ដាក់​លើ​ខឿន​នៃ​ផ្លូវ​មួយ​។​
 
​ដើម្បី​ឲ្យ​ខុសប្លែក​ពី​គេ យុវជន​ម្ចាស់​ខួប បានធ្វើ​រឿង​ដ៏​ឆ្កួត​លីលា ដោយ​យក​កាំភ្លើង​បាញ់​ទៅលើ​នំ ហើយ​មិត្តភក្តិ​របស់គេ បីនាក់​ផ្សេងទៀត នាំគ្នា​ស្រែក​អបអរ​ដោយ​រំភើប​រីករាយ​។​
 
​ក្រោយ​ចែករំលែក​វីដេអូ​ពេញ​បណ្តាញ​សង្គម TikTok សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត​ដើម្បី​ដាក់​ចំណាត់ការ​លើ​ក្រុម​ក្មេងៗ​ទាំងនោះ ព្រោះ​សកម្មភាព​នេះ ជា​គំរូ​មិនល្អ​មួយ​ក្នុងសង្គម​ឥណ្ឌា​៕
 

Tag:
 ​ខួបកំណើត​
© រក្សាសិទ្ធិដោយ thmeythmey.com