កីឡាជាតិ
ជាតិ
អ៊ិន សូ​ដា​វីដ​៖ ការបោះ​ជុំរុំ​ហ្វឹកហាត់​នៅ​ថៃ ជា​បទពិសោធ​ដ៏​ល្អ​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​
16, Jan 2019 , 5:53 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្លិបបាល់ទាត់វិសាខា
រូបភាពពីហ្វេសប៊ុកក្លិបបាល់ទាត់វិសាខា
ដោយ:
​កីឡាករ អ៊ិន សូ​ដា​វីដ ដែល​កំពុង​ស្ថិតនៅ​លើទឹក​ដី​ថៃ​ដែលជា​កន្លែង​បោះជុំរុំ​ហ្វឹកហាត់​របស់​ក្រុម​វិសាខា បានចាត់ទុក​ការបោះ​ជុំរុំ​នេះ​ថា វា​ជាការ​ពង្រឹង​ខ្លួន​ដ៏​ល្អ​សម្រាប់​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​រដូវ​កាល​ថ្មី​។ ក្នុងអំឡុងពេល​បោះជុំរុំ​ហ្វឹកហាត់​ចំនួន​១០​ថ្ងៃ​មកនេះ វិសាខា​បាន​ប្រកួត​មិត្ត​ភាពជា​បន្តបន្ទាប់ និង​មិនទាន់​ស្គាល់​បរាជ័យ​នោះទេ​។

 
​កីឡាករ អ៊ិន សូ​ដា​វីដ ដែល​ទើប​ផ្ទេរ​ពី​ក្លិប​ភ្នំពេញ​ក្រោ​ន​ទៅកាន់​ក្លិប​វិសាខា បានចាត់ទុក​ការបោះ​ជុំរុំ​ហ្វឹកហាត់​នៅ​ថៃ ថា​ជា​បទពិសោធ និង​ជាការ​ពង្រឹងសមត្ថភាព​ដ៏​ល្អ សម្រាប់​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​លី​ក​កំពូល​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៩​។ ព្រោះ​ការបោះ​ជុំរុំ​នេះ ជួយ​ឲ្យ​វិសាខា​ដឹង​ពី​ចំណុចខ្លាំង និង​ចំណុច​ខ្វះខាត​ដែល​ត្រូវ​កែតម្រូវ​ដើម្បី​រៀបចំ​ក្រុម​កាន់តែ​ប្រសើរ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ប្រទេស​ថៃ​ខ្សែបម្រើ​វ័យក្មេង​រូបនេះ​រៀបរាប់​ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ​ការបោះ​ជុំរុំ​មួយរយៈ​កន្លងមកនេះ គឺ​បទពិសោធ​មួយ​ដ៏​សម្រាប់​ក្រុម​យើង ព្រោះ​វា​មាន​ទាំង​ចំណុច​ល្អ និង​ចំណុច​មិនល្អ ដែល​ត្រូវ​កែតម្រូវ​នៅ​ប្រទេស​យើង​បន្ថែម​។ តាមរយៈ​ការប្រកួត​មិត្តភាព​ជាមួយ​ក្រុម​មកពី​ម៉ាឡេស៊ី និង​ក្រុម​នៅ​ប្រទេស​ថៃ​មួយចំនួន គឺជា​បទពិសោធ​ដ៏​ល្អ​ក្នុងការ​ប្រជែង​ក្នុង​លី​ក​កំពូល​។ ខ្ញុំ​សង្ឃឹមថា ក្រុម​យើង​នឹងធ្វើ​បានល្អ​នៅ​លី​ក​ឆ្នាំនេះ​»​។​



​ក្រោយ​ចូលរួម​ជាមួយ​វិសាខា​បាន​មួយរយៈ អ៊ិន សូ​ដា​វីដ មានការ​យល់ចិត្ត​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម និង​លេង​ស៊ីសង្វាក់​បានល្អ​ច្រើន​។ ប៉ុន្តែ ដា​វីដ អះអាងថា នៅក្នុង​ក្រុម​វិសាខា​មានការ​ប្រកួតប្រជែង​ខ្លាំង ដ្បិត​កីឡាករ​ភាគច្រើន​មាន​សមត្ថភាព និង​បច្ចេកទេស​ខ្ពស់​ទាំង​កីឡាករ​ជំនាន់​មុន និង​ជំនាន់​ក្រោយ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ ក្លិប​វិសាខា​បាន​ចំណាយពេល​១០​ថ្ងៃ​ហើយ ដើម្បី​បោះជុំរុំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​។ ក្នុងអំឡុងពេល​បោះជុំរុំ​នេះ វិសាខា​បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​៤​លើក ដោយ​លទ្ធផល​ឈ្នះ​៣ និង​ស្មើ​១​លើក​។ ក្នុង​នោះបាន​យកឈ្នះ​អតីត​ក្រុម​របស់​កីឡាករ ចាន់ វឌ្ឍនាកា Pahang FA ៣-១, ឈ្នះ​ក្រុម RSU FC ៥-០ និង​ឈ្នះ MOF Customs United ១-០ មួយដង និង​ស្មើ ១-១ មួយដង​៕  

Tag:
 ​វិសាខា​
  អ៊ិន សូ​ដា​វីដ​
  Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com