អន្តរជាតិ
ហេតុ​អ្វីការ​លូតលាស់​រហ័ស​នៃ​សេដ្ឋកិច្ចវៀតណាម អាច​ជា​​មេរៀន​សម្រាប់​ប្រទេស​​កំពុង​អភិវឌ្ឍ?
14, Apr 2019 , 8:29 am        
រូបភាព
ដោយ:
សង្គ្រាម​វៀតណាម​បញ្ចប់ទៅ​ក្នុង​ឆ្នាំ​១៩៧៥  ដោយមាន​ការបង្រួបបង្រួម​វៀតណាម​ទាំងពីរ​។ ក្នុងពេលនោះ​វៀតណាម​បាន​ក្លាយជា​ប្រជាជាតិ​ក្រីក្រ​បំផុត​មួយ​នៅក្នុង​ពិភពលោក ដ្បិត​រដ្ឋ កុម្មុយនីស្ត នេះ​នៅតែ​បន្ត​អនុវត្ត​សេដ្ឋកិច្ច​ផែនការ​។ ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៨០ ប្រាក់ចំណូល ប្រចាំឆ្នាំ​របស់​ប្រជាជន​វៀតណាម​ម្នាក់ៗ ស្ថិតនៅ​ចន្លោះ ២០០ ដុល្លារ និង ៣០០ ដុល្លារ​ប៉ុ​ណោះ្ណ ។ ប៉ុន្តែ ក្រោយ​រដ្ឋាភិបាល​វៀតណាម​សម្រេច​អនុវត្ត​គោលនយោបាយ​កំណែ ទម្រង់​សេដ្ឋកិច្ច ដូ​យ មើ​យ «Đổi Mới»​ឆ្នាំ​១៩៨៦ វៀតណាម​ប្តូរ​ខ្លួន​រហ័ស​ពី​ប្រទេស​ក្រីក្រ ទៅជា​ប្រទេស​មាន សេដ្ឋកិច្ច រីកលូតលាស់​រហ័ស​ជាងគេ​មួយ​លើ​ពិភពលោក​ដែល​ប្រកាន់​«​សេដ្ឋកិច្ច​ទីផ្សារ​»​តែ​រក្សា នយោបាយ​បិទ​។ 
 
​សព្វថ្ងៃនេះ គេ​អាច​និយាយបានថា វៀតណាម​ជាតា​រា​រះ​ត្រដែត​មួយ  ក្នុងចំណោម​បណ្តា​ប្រទេស ដែលមាន​សន្ទុះ​សេដ្ឋកិច្ច​ក្លៀវក្លា​បំផុត​ក្នុង​ពិភពលោក​។ កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់​វៀតណាម ស្ថិតក្នុង​រង្វង់ ៦ ទៅ ៧​ភាគរយ ប្រកៀកប្រកើយ​នឹង​ចិន​។ ការនាំចេញ​របស់​វៀត​ណា​ម មាន​ទំហំ ទឹកប្រាក់​ច្រើន​ស្ទើរតែ​ប្រហាក់ប្រហែល​ទៅនឹង​តម្លៃ​សរុប​នៃ​ផលិតផល​ក្នុងស្រុក (GDP) របស់ខ្លួន ទៅហើយ​។ 
 
​១.តើ​កំណើន​ដ៏​អស្ចារ្យ​របស់​វៀតណាម អាច​កើតឡើង​បាន​ដោយ​របៀប​ណា​? 

​យោងតាម​ការវិភាគរ​បស់​ធនាគារពិភពលោក និង​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ  Brookings  ការ​ត្រដែត​ឡើង​នៃ​សេដ្ឋកិច្ច​វៀតណាម អាច​ត្រូវបាន​ពន្យល់​ដោ​យក​តា្ត​សំខាន់ ចំនួន​បី​៖ «​ទីមួយ​នោះ​គឺ វៀតណាម​បានធ្វើ​ពាណិជ្ជកម្ម​សេរី​។ ទី​ពីរ​នោះ​គឺ វៀតណាម បាន បើកចំហ​ទីផ្សារ ជាមួយ​ការធ្វើកំណែទម្រង់​ក្នុងស្រុក  ដោយ​លុបបំបាត់ និង​បន្ធូរបន្ថយ តម្លៃ​នៃ ការធ្វើ​ជំនួញ​។ ចុងក្រោយ​នោះ​គឺ វៀតណាម​បាន​ចាក់​ទុនវិនិយោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​លើ មូលធន​មនុស្ស និង​មូលធន​រូបវន្ត ជាពិសេស​តាម​ការវិនិយោគ​សាធារណៈ​»​។ 
 
​ទាក់ទិន​នឹង​កត្តា​ទីមួយ អ្នកជំនាញ បានចង្អុលបង្ហាញ​ពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សំខាន់ៗ មួយចំនួន ដែល​វៀតណាម​បាន​ចុះហត្ថលេខា​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​។ ក្នុង​ឆ្នាំ​១៩៩៥ វៀតណាម បាន​ចូលរួម​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​របស់​អាស៊ាន​។ ក្នុង​ឆ្នាំ​២០០០ វៀតណាម​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហរដ្ឋអាមេរិក​។ ក្នុង​ឆ្នាំ​២០០៧ វៀតណាម​បាន​ក្លាយជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​ជា​ផ្លូវការ​។ 
 
​ចាប់តាំងពី​ពេលនោះ​មក​គឺមាន​បន្តបន្ទាប់​កិច្ចព្រមព្រៀង​ជាមួយ ចិន ឥណ្ឌា ជប៉ុន និង កូរ៉េខាងត្បូង​។ ហើយ​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ វៀតណាម​ក៏​ជា​សមាជិក​មួយ​ដែរ​នៅក្នុង ភាពជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក​ជឿនលឿន និង​គ្រប់​ជ្រុងជ្រោយ ដែល​កើតចេញពី កិច្ចព្រមព្រៀង​អន្តរ​ប៉ាស៊ីហ្វិក​(TPP)  ទោះបីជា​គ្មាន​អាមេរិក​ក្តី​។ 
 
​សម្រាប់​កត្តា​ទី​ពីរ  ក្នុង​ឆ្នាំ​១៩៨៦ រដ្ឋាភិបាល​វៀតណាម បានសម្រេច​បើកចំហ​សេដ្ឋកិច្ច ដោយបាន​បង្កើត​ច្បាប់​ស្តីពី​វិនិយោគ​បរទេស​ដំបូងបង្អស់​របស់ខ្លួន ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន បរទេស​អាច​ចូលទៅក្នុង​ប្រទេស​វៀតណាម​ដោយ​សេរី និង​ងាយស្រួល​។  ចាប់តាំងពី​ពេលនោះ មក​ច្បាប់​នេះ ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម ធ្វើ​វិសោធនកម្ម​ជាច្រើនលើក​ក្នុង​គោលដៅ​ចម្បង មួយ​គឺ អនុវត្ត​មធ្យោបាយ​គាំទ្រ​អ្នកវិនិយោគ​កាន់តែខ្លាំង និង​ជួយ​សម្របសម្រួល វិនិយោគ​បរទេស​ក្នុងប្រទេស​វៀតណាម​ឲ្យ​កាន់តែ​ប្រសើរ​។ 
 
​កិច្ចប្រឹងប្រែង​របស់រ​ដ្ឋា​ភិ​បាល បានទទួល​លទ្ធផល​យ៉ាង​គាប់ប្រសើរ​នៅលើ​ឆាក​អន្តរជាតិ​។ យោងតាម​របាយការណ៍​ស្តីពី​ការប្រកួតប្រជែង​សកល​របស់​អង្គការ​វេទិកា​សេដ្ឋកិច្ចពិភពលោក វៀតណាម​បាន​ងើបឡើង​ពី​ចំណាត់ថ្នាក់​លេខ ៧៧ ក្នុង​ឆ្នាំ​២០០៦ ទៅកាន់​ចំណាត់ថ្នាក់​ទី ៥៥​ក្នុង​ឆ្នាំ​២០១៧​។ ចំណែក​ក្នុង​របាយការណ៍​មួយទៀត ស្តីពី​ប្រទេស​ដែល​ងាយស្រួល ក្នុង​ការធ្វើ​ជំនួញ​របស់​ធនាគារពិភពលោក  វៀតណាម​បាន​ហក់​ឡើង​ពី​ចំណាត់ថ្នាក់​ទី​១០៤ ក្នុង ឆ្នាំ​២០០៧ ទៅកាន់​លេខ​រៀង​ទី ៦៨​ក្នុង​ឆ្នាំ​២០១៧​។​
 
​សម្រាប់​កត្តា​ចុងក្រោយ​វិញ​នោះ វៀតណាម​បាន​បោះទុន​វិនិយោគ​យ៉ាង ច្រើន​ទៅលើ​ការ អភិវឌ្ឍ​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​។  វៀតណាម​បច្ចុប្បន្ន មាន​ប្រជាជន​ប្រមាណ ៩៥​លាន​នាក់  ហើយ​ពាក់កណ្តាល​នៃ​ប្រជាជន​ទាំងនោះ​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ​។ ការណ៍​នេះ​បានធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បានសម្រេច​បង្កើន​ការវិនិយោគ​លើ​សេវាសាធារណៈ យ៉ាងច្រើន​សម្បើម​ជាពិសេស​ក្នុង​វិស័យ​អប់រំ​។ 
 
 វៀតណាម​ក៏បាន​ចាក់​បញ្ចូល​ទុនវិនិយោគ​យ៉ាងច្រើន​ក្រាស់ក្រែល​នៅក្នុង វិស័យ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​។ ការវិនិយោគ​ទាំងនេះ​បាន​ហុច​ផល​ល្អប្រសើរ​ដល់​វៀតណាម​។ ភ្ជាប់​ជាមួយ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ដ៏​ចាំបាច់ និង​គោលនយោបាយ​ដែល​បង្ក​ភាពងាយស្រួល​ដល់ទី​ផ្សារ  វៀតណាម បាន​ក្លាយជា​មជ្ឈមណ្ឌល​សម្រាប់​ការវិនិយោគ​បរទេស និង​រោងចក្រ​ផលិត​ក្នុង​តំបន់​អាស៊ី អាគ្នេយ៍​។ 
 
​តួយ៉ាង ក្រុមហ៊ុន​អេឡិចត្រូនិក​ជប៉ុន និង​កូរ៉េខាងត្បូង​ដូចជា Samsung, LG រួមទាំង ក្រុមហ៊ុន​ផលិត​សំលៀកបំពាក់​អាមេរិក និង​អឺរ៉ុប​រាប់មិនអស់​ទៀត បាន​បង្កើត​ហាង​របស់​ពួកគេ​នៅក្នុង​ប្រទេស​វៀតណាម​ដែរ​។ យោងតាម​ការចុះផ្សាយរ​បស់​កាសែត  Financial Times ក្នុង​ឆ្នាំ​២០១៧ វៀតណាម​បាន​ក្លាយជា​ប្រទេស​នាំចេញ​សំលៀកបំពាក់​ធំ​បំផុត​នៅក្នុង តំបន់ និង​ប្រទេស​នាំចេញ​គ្រឿង​អេឡិចត្រូនិក​ធំ​លំដាប់​ទី​ពីរ តាម​ពីក្រោយ​សិង្ហ​បុរី​។ 
 
​គិត​ចាប់ពី​ឆ្នាំ​២០១០​មក សេដ្ឋកិច្ច​វៀតណាម​មាន​កំណើន​យ៉ាងហោចណាស់ ៥ ភាគរយ ក្នុង មួយឆ្នាំៗ ហើយ​ក្នុង​ឆ្នាំ​២០១៧ វា​បាន​ហក់​ឡើងដល់ ៦,៨ ភាគរយ​។ ជាមួយ​កំណើន សេដ្ឋកិច្ច ដ៏​លឿន​រហ័ស​បែបនេះ​វៀតណាម​បាន​រួច​ផុតពី​ប្រទេស​ក្រីក្រ​បំផុត​មួយ​ក្នុង​ពិភពលោក ក្លាយ​ទៅ ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​ដ៏​សមរម្យ​មួយ​។ ម្យ៉ាងវិញទៀត ប្រាក់ចំណូល​ប្រចាំឆ្នាំ របស់​ប្រជាជន​វៀតណាម​ម្នាក់ៗ ដែល​ធ្លាប់​ស្ថិតនៅ​ត្រឹមតែ ២៣០ ដុល្លារ​ប៉ុណ្ណោះ​ឆ្នាំ​១៩៨៥ បាន​កើនឡើង​ជាង​១០​ដង ក្នុង​ឆ្នាំ​២០១៧ ស្មើនឹង ២៣៤៣ ដុល្លារ​។ 
 
​អ្វីដែល​សំខាន់​នោះ​គឺ  សេដ្ឋកិច្ច​វៀតណាម  មាន​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​។ យោងតាម​ស​ន្ទ​ស្សន៍​អភិវឌ្ឍន៍​ប្រកបដោយ​បរិ​យា​ប័ន្ន របស់​អង្គការ​វេទិកា​សេដ្ឋកិច្ចពិភពលោក   វៀតណាម​ជា​ផ្នែក​មួយ​នៃ​ក្រុម​ប្រទេស ដែលមាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ បរិ​យា​ប័ន្ន និង​ស្ថិរភាព​។ 
 
​យ៉ាងណាក៏ដោយ ទន្ទឹមនឹង​ចំណុច​វិជ្ជមាន វៀតណាម​នៅមាន​ចំណុច​អវិជ្ជមាន​ច្រើន​ដែរ​។ ទីមួយ​គឺ​ទាក់ទង​នឹង​ការបន្ត​រឹតត្បិត​ឯកជន​ភាព និង​សិទ្ធិមនុស្ស​។ សេរីភាព​នៃ​សារព័ត៌មាន ក្នុងប្រទេស​វៀតណាម ត្រូវបាន​ចាត់ទុកថា មាន​កម្រិត​ទាប​បំផុត​មួយ​លើ​លោក​។ ប្រជាជន​ត្រូវបាន​ឃ្លាំមើល​យ៉ាង​ល្អិតល្អន់ តាម​ប្រព័ន្ធ​អន​ឡាញ ហើយ​សកម្មជន​សិទ្ធិមនុស្ស​ច្រើន មិន​ទទួល​ការស្វាគមន៍​និង​រងគ្រោះ​ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​ចាប់ចង​ឬ​ដាក់ពន្ធនាគារ ជាដើម​។ 
 
​ជា​ឧទាហរណ៍ សកម្មជន​សិទ្ធិមនុស្ស​២​រូប ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​វេទិកា​សេដ្ឋកិច្ច ពិភពលោក​ស្តីពី​អាស៊ាន ក្នុង​ឆ្នាំ​២០១៨ ដែល​បាន​រៀបចំឡើង​ក្នុងប្រទេស​វៀតណាម ពុំ​ត្រូវបាន គេ​អនុញ្ញាត​ឲ្យ​ចូលក្នុង​ប្រទេស​នេះឡើយ​។
 
២.​តើ​មាន​អ្វី​អាច​បង្អាក់​កំណើន​ដ៏​ខ្លាំងក្លា​របស់​សេដ្ឋកិច្ច​វៀតណាម​ឬទេ​?  
 
​សេដ្ឋកិច្ច​វៀតណាម ហាក់​មាន​ភាពផុយស្រួយ​នៅឡើយ ដ្បិតថា ការនាំចេញ​របស់​រដ្ឋ អាស៊ាន មួយ​នេះ ដែលមាន​ទំហំ​ស្មើនឹង ៩៩,២ ភាគរយ​នៃ GDP របស់ខ្លួន គឺ​ពឹងផ្អែក​ខ្លាំង​លើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​បរទេស​។ នេះ​បើតាម​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត Financial Times កាលពីដើមឆ្នាំ​២០១៨​។ 
 
​ប៉ុន្តែ​សម្រាប់​ស្ថានការណ៍​បច្ចុប្បន្ននេះ វៀតណាម​ទំនងជា​ទទួលបាន​ផលចំណេញ​ច្រើន​ជាជាង ការខាតបង់ ដោយសារ​ការកើនឡើង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​សកល​។ និយាយ​ឲ្យ​ចំ គឺ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ពីរ ដែល​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ភ័យព្រួយ​។ 
 
​យ៉ាងណាមិញ ព្រោះតែ​រដ្ឋាភិបាល​អាមេរិក​បានសម្រេច​ដំឡើង​ពន្ធ​លើ​ផលិតផល​នាំចូល​របស់​ចិន ដែល​គិត​ជា​ទឹកប្រាក់​រាប់រយ​ពាន់​លាន​ដុល្លារ​។ កត្តា​នេះ​បាន​បង្ខំ​ឲ្យ​បណ្តា​ក្រុមហ៊ុន​ដែលមាន រោងចក្រ ផលិត ក្នុងប្រទេស​ចិន សម្រេចចិត្ត​ផ្លាស់ប្តូរ​ទីតាំង​របស់ខ្លួន​ទៅកាន់​ប្រទេស​ផ្សេងៗ ទៀត ដូចជា វៀតណាម​។ ហេតុផល​នោះ​គឺថា ប្រទេស​នេះ មាន​គោលនយោបាយ​ដែល​គាំទ្រ​លើ​ការវិនិយោគ បរទេស តម្លៃ​កម្លាំង​ពលកម្ម​ថោក ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​ក្នុង​រចនា សម្ព័ន្ធ​ដឹកនាំ និង​ក​តា្ត​សំខាន់​ផ្សេងៗ​ទៀត​៕
 

Tag:
 ​វៀតណាម​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com