ជាតិ
កសិករជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរី ២រូប ទៅទស្សនកិច្ចចម្ការកាហ្វេនៅទីម័រខាងកើត
× ភ្នំពេញ៖ អង្គការសេដាក បាននាំជនជាតិដើមភាគតិចព្នង ឬពូនង ដែលជាកសិករដាំកាហ្វេសរីរាង្គនៅខេត្តមណ្ឌលគិរី ២នាក់ ទៅទស្សនកិច្ចចម្ការកាហ្វេ Arabica នៅប្រទេសទីម័រខាងកើត។ ទស្សនកិច្ចនេះនិងរៀបចំដោយអង្គការ YCMA និង PEACE COFFEE ទីម័រខាងកើត និងសហការឧបត្ថម្ភដោយ Koica និងបានចាប់ផ្តើមពីថ្ងៃទី ១៥-១៧ មករា។
ជនជាតិដើមភាគតិចព្នង២នាក់ គឺលោក រ៉ូយ ទើប និងលោក ព្រូ ថា បានទៅទស្សនាចម្ការកាហ្វេ Arabica នៅប្រទេសទីម័រខាងកើត ជាមួយលោកបណ្ឌិត យ៉ង សាំងកុមារ ស្ថាបនិកអង្គការសេដាក និងលោក យស ចាន់ថា ម្ចាស់ក្រុមហ៊ុនទីម័រកាហ្វេ។ កសិករទាំង២នាក់ គឺអ្នកជាអ្នកដាំកាហ្វេសរីរាង្គ នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោកបណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មានថ្មីៗថា ទស្សនកិច្ចនេះធ្វើឡើងក្នុងបំណងឲ្យកសិករជនជាតិដើមភាគតិចរៀនពីរបៀបដាំដុះ,ការប្រមូលផល,ការកែច្នៃកាហ្វេ និងការកសាងសង្វាក់ទីផ្សារ រួមទាំងពង្រឹងការសហការ រវាងកសិករដាំកាហ្វេក្នុងតំបន់អាស៊ាន។
បើតាមលោកបណ្ឌិត យ៉ង សាំងកុមារ កាហ្វេ Arabica នៅប្រទេសទីម័រខាងកើតនេះ ត្រូវបានដាំដុះតាមបែបធម្មជាតិក្នុងព្រៃ នៅតំបន់មានរយៈកម្ពស់ខ្ពស់ជាង ១,២០០ម៉ែត្រ ដែលមានអាកាសធាតុត្រជាក់ និងសំណើមខ្ពស់។ តាមរយៈដំណើរទស្សនកិច្ចនេះ សេដាក គ្រោងអញ្ជើញកសិករដាំកាហ្វេនៅទីម័រខាងកើត មកទស្សនកិច្ចចម្ការកាហ្វេនៅកម្ពុជាវិញដែរ។
សូមបញ្ជាក់ថា ប្រទេសទីម័រខាងកើត មានអំណោយផលសម្រាប់ដំណាំកាហ្វេប្រភេទ Arabica ដោយសារតែតំបន់នោះមានរយៈកម្ពស់ខ្ពស់ និងត្រជាក់ខ្លាំង ខណៈខេត្តមណ្ឌលគិរី របស់កម្ពុជា មានអំណោយផលលើកាហ្វេប្រភេទ Robusta។ កាហ្វេ Robusta មានគ្រាប់មានរាងពងក្រពើ ហើយមានជាតិកាហ្វេអ៊ីនខ្លាំង ជាងកាហ្វេ Arabica ទ្វេដង។ ចំណែកកាហ្វេ Arabica វិញ មានរសជាតិជូរ និងមានគ្រាប់រាងមូល៕
Tag:
កសិកម្ម
កសិករ
ជនជាតិដើមភាគតិច
កាហ្វេ
ទីម័រ
© រក្សាសិទ្ធិដោយ thmeythmey.com