ជាតិ
សង្គមជាតិ
ក្រសួងសាធារណការ គ្រោងដូរទីតាំងថ្មី នៅផ្លូវ ជា សុផារ៉ា ដែលមានទំហំដីជិត៤ហិកតា
× រដ្ឋាភិបាល យល់ព្រមឲ្យក្រសួងសាធារណការនិងដឹកជញ្ជូន ប្តូរទៅទីតាំងថ្មី ដែលមានទំហំដី៣,៩៣ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវ ជា សុផារ៉ា។ នេះបើតាមសេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចុះតាំងពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨មកម្ល៉េះ តែទើបនឹងត្រូវបានផ្សព្វផ្សាយ។
ទីតាំង ដែលត្រូវបានជ្រើសរើសធ្វើជាទីស្តីការថ្មីរបស់ក្រសួងសាធារណការ គឺជាអតីតទីតាំងរបស់អគ្គនាយកដ្ឋានដឹកជញ្ជូន។ ទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជាក់ក្នុងសេចក្តីសម្រេចថា ការយល់ព្រមនេះ គឺយោងតាមលិខិតស្នើសុំរបស់ក្រសួងសាធារណការ និង ចំណាររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បើតាមសេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដដែល ទីតាំងថ្មី ដែលក្រសួងសាធារណការ គ្រោងប្តូរលើកដំបូង គឺនៅអូរដឹមឯណោះទេ ដែលមានទំហំដីដល់ទៅជាង១១ហិកតា។ ប៉ុន្តែ ក្រោយមក ក៏មានការសម្រេចចិត្តជាថ្មី ដោយប្តូរពីអូរដឹម ទៅផ្លូវ ជា សុផារ៉ា វិញ។
លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ ពុំទាន់អាចបកស្រាយបានឡើយថា ការផ្លាស់ប្តូរទីតាំងថ្មីនេះ នឹងត្រូវធ្វើឡើងនៅពេលណា ហើយទាក់ទងនឹងព័ត៌មានផ្សេងទៀត ក៏លោក សុំមិនអត្ថាធិប្បាយដែរ ដោយលោក អះអាងថា មិនទាន់ទទួលបានព័ត៌មានលម្អិត។ លោក គ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ខ្លឹមសារក្នុងលិខិតនោះ គឺមានន័យគ្រប់គ្រាន់ហើយ។
ចំណែក ក្នុងសេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក៏ពុំបានបង្ហាញពីការចំណាយក្នុងការប្តូរទីតាំងថ្មីនេះដែរ។ ប៉ុន្តែ សេចក្តីសម្រេចនេះ បញ្ជាក់ថា តម្លៃនៃការដោះដូរនេះ ត្រូវមានការឯកភាពពីគណៈកម្មការឯកជនភាវូបនីយកម្ម។
សូមបញ្ជាក់ថា ទីតាំងបច្ចុបន្បន្នរបស់ក្រសួងសាធារណការ គឺស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ៕
Tag:
ក្រសួងសាធារណការ
ដូរទីតាំង
© រក្សាសិទ្ធិដោយ thmeythmey.com