ជាតិ
រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ហ្វូង​ត្រី​ដ៏​មហាសាល បាន​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប ឆ្ពោះទៅ​ទន្លេមេគង្គ
17, Jan 2019 , 7:19 pm        
រូបភាព
 ​ត្រឹម​រយៈពេល​៣០​នាទី​ម្តង នៅ​ដាយ​ត្រី អឺ​១៥ អាច​ចាប់​ត្រី​បាន​ពី​២​តោន ទៅ​៣​តោន​។ នៅក្នុង​ថ្នក់​ដាយ ដែល​កម្មករ​កំពុង​លើក​ចេញពី​ទឹក​នេះ អាចមាន​ទម្ងន់​ជិត​៣​តោន​។ រូបភាពៈ ឈុត ឈា​ណា​/​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​ត្រឹម​រយៈពេល​៣០​នាទី​ម្តង នៅ​ដាយ​ត្រី អឺ​១៥ អាច​ចាប់​ត្រី​បាន​ពី​២​តោន ទៅ​៣​តោន​។ នៅក្នុង​ថ្នក់​ដាយ ដែល​កម្មករ​កំពុង​លើក​ចេញពី​ទឹក​នេះ អាចមាន​ទម្ងន់​ជិត​៣​តោន​។ រូបភាពៈ ឈុត ឈា​ណា​/​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​ស្របទៅនឹង​សេចក្តីជូនដំណឹង​បន្ថែម របស់​រដ្ឋបាល​ជលផល រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ហ្វូង​ត្រី​ដ៏​មហាសាល បានធ្វើ​ចរាចរ ចេញពី​បឹង​ទន្លេ ឆ្លងកាត់​ទន្លេសាប ឆ្ពោះទៅ​ទន្លេមេគង្គ​។ នៅ​គន្លង​ដាយ អឺ​១៥ តាម​ដង​ទន្លេសាប ស្ថិតនៅ​ក្នុងភូមិ​កោះ​ចិន ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល ត្រឹមតែ​រយៈពេល​កន្លះ​ម៉ោង​ម្តង គេ​អាច​ចាប់​ត្រី​បាន​ពី ២​តោន ទៅ​៣​តោន ដែលជា​ប្រភេទ​ត្រី​រៀល (Gymnostomus siamensis) និង​ត្រី​ចម្រុះ​ផ្សេងទៀត ដែលជា​ប្រភេទ​ត្រី​សម្រាប់ធ្វើ​ប្រហុក ផ្អក និង​ត្រីឆ្អើរ​។ នៅ​គន្លង​ដាយ​ទី​១៥​នេះ មាន​៤​មាត់ «​ដាយ​»​។ ដូច្នេះ​សរុប​ទាំង​បួន​មាត់​ដាយ ក្នុង​រយៈពេល​មួយ​ម៉ោង គេ​អាច​ចាប់​ត្រី​បាន មិនតិចជាង​១០​តោន​ទេ​។ ចំណែកឯ​គន្លង​ដាយ ១៤ គន្លង​ផ្សេងទៀត នៅតាម​ដង​ទន្លេសាប សុទ្ធតែ​ចាប់​ត្រី​បាន​ច្រើន​គ្នា តែ​តិចជាង​គន្លង​ទី​១៥​។​

 

បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន (​រូប​ខាង​ធ្វេ​ង​) លោក អេង ជា​សាន (​រូប​កណ្តាល​) និង ម្ច​ស់ដាយ​អឺ​១៥ ។ រូបភាពៈ ឈុត ឈា​ណា​/​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល ព្រមទាំង​សាស្ត្រាចារ្យ និង​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ ណេ​វ៉ា​ដា រ៉េ​ណូ និង​មកពី​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក រួមមាន​៖ បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន​, បណ្ឌិត ស៊ូ​ឌី​ប សាន់​ដ្រា​, បណ្ឌិត ហ្គោ​ដុន ហ៊ោ​ត​គ្រី​វ និង​សាស្ត្រាចារ្យ ហន ឃេ ហន បាន​ចុះទៅ​គន្លង​ដាយ​អឺ​១៥ ដើម្បី​ពិនិត្យមើល​ការប្រើ​បច្ចេកវិទ្យា​អេកូ​សោ​ន ដែលជា​បច្ចេកវិទ្យា​ថ្មី​មួយ អាច​ប៉ាន់ប្រមាណ​បរិមាណ​ត្រី ដែល​កំពុង​ធ្វើចរាចរ ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប នៅតាម​ដង​ទន្លេសាប​ឆ្ពោះទៅ​ទីជម្រក​ក្នុង​រដូវប្រាំង និង​ជាទី​កន្លែង​ដែល​ពួកវា​ពង​កូន​ផងដែរ នៅ​តំបន់​មេគង្គ​លើ​។
 
​លោក អេង ជា​សាន បាន​មានប្រសាសន៍ថា​៖«​តួលេខ​ដែល​ចេញពី​បច្ចេកវិទ្យា​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​ការគ្រប់គ្រង​ធនធាន​ជល​នៅក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ធនធាន​ជលផល នៅក្នុង​ទន្លេមេគង្គ​ទាំងមូល​ផង​»​។ 
 
​បន្ទាប់ពី លោក អេង ជា​សាន ក៏បាន​អញ្ជើញ​សាស្ត្រ​ចា​រ្យ និង​ក្រុម​អ្នកស្រាវជ្រាវ​ទាំងអស់ ទៅ​មើល​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍ «​ម៉ាញ់​» នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល​។ ដោយ​មើលឃើញ​ផល ចាប់​ត្រី​ទទួលបាន​ច្រើន​គួរ​ជាទី​មោទកភាព ថ្លែងប្រាប់​ក្រុម​អ្នកស្រាវជ្រាវ បន្ទាប់ពី​បាន​ទស្សនកិច្ច​ដល់​កន្លែង​ដោយផ្ទាល់​ក្នុង​ទន្លេមេគង្គ លោក អេង ជា​សាន បាន​មានប្រសាសន៍ថា​៖«​ត្រី​ដែល​ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប ត្រឹមតែ ១​ភាគរយ ដែល​អាច​ទៅដល់​គោលដៅ​ដោយ​សុវត្ថិភាព​រហូតដល់រ​ដូ​វ​ទម្លាក់​ពង នោះ​ត្រី​នៅក្នុង​បឹង​ទ​ន្ល​សាប​នឹង​សម្បូរ​ត្រី​ខ្លាំងណាស់​។ ព្រោះថា ក្នុង​ត្រី​មួយ​ក្បាល វា​អាច​ទម្លាក់​ពង​បាន​រាប់មិនអស់​»​។​


លោក អេង ជា​សាន ព្រមទាំង​ក្រុម​អ្នកស្រាវជ្រាវ និង​សាស្ត្រាចារ្យ​ក្នុងពេល​ជិះទូក​ទៅ​មើល​ការនេសាទ ដោយ​ប្រើ​ឧបករណ៍​នេសាទ «​ម៉ាញ់​» នៅក្នុង​ទន្លេមេគង្គ ក្នុងស្រុក​មុខកំពូល ខេត្តកណ្តាល ។ រូបភាពៈ ឈុត ឈា​ណា​/​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ រដ្ឋបាល​ជលផល បានចេញ​សេចក្តីជូនដំណឹង​មួយ ស្តីអំពី​រដូវ​ធ្វើ​ប្រហុក ផ្អក គឺ​ចាប់​ថ្ងៃ​៦​កើត ដល់​ថ្ងៃ​១២​កើត ខែបុស្ស ត្រូវ​នឹង​ថ្ងៃទី​១១ រហូតដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ នឹងមាន​ត្រី​ចុះមក​យ៉ាងច្រើន ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ​៕

© រក្សាសិទ្ធិដោយ thmeythmey.com