ជាតិ
រដ្ឋមន្ត្រីកសិកម្ម ទៅទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្កាត់ពូជ និងតម្លៃស្រូវ
× ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញផ្នែកដំណាំស្រូវទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ នៅប្រទេសហ្វីលីពីន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្កាត់ពូជ និងតម្លៃស្រូវ។ ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់បណ្ឌិត Matthew Morell នាយកវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI)។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចពិភាក្សារវាងភាគីទាំងពីរ នឹងផ្លាស់ប្តូរបទពិសោធន៍អំពីយន្តការនៃផលិតកម្មពូជ, ការបង្កាត់ពូជ, ទីផ្សារ, តម្លៃបន្ថែមលើផលិតកម្មស្រូវ និងការបំពេញខ្សែចង្វាក់ផលិតកម្មកសិកម្ម ដើម្បីលើកកម្ពស់ផលិតកម្មដំណាំស្រូវ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន និងលោកនាយកវិទ្យាស្ថាន IRRI នឹងចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិស្តីពីគ្រាប់ពូជរបស់់កម្ពុជាផងដែរ។
ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៦-១៨ មករានេះ លោក វេង សាខុន នឹងជួបសម្តែងការគួរសមជាមួយភាគីក្រសួងកសិកម្មហ្វីលីពីន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។ បន្ទាប់ពីការជួបសម្ដែងការគួរសមហើយ រដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងជួបពិភាក្សាការងារជាមួយនាយកវិទ្យាស្ថាន និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រពី IRRI ដើម្បីរួមគ្នាវាយតម្លៃវឌ្ឍនភាពនៃគម្រោង IRRI និងគម្រោងពាក់ព័ន្ធ ដែលបាននិងកំពុងអនុវត្តនៅកម្ពុជា។ នេះបើតាមហ្វេសប៊ុកក្រសួងកសិកម្ម៕
Tag:
កសិកម្ម
ស្រូវ
ទស្សនកិច្ច
វេង សាខុន
ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com