ជាតិ
សេដ្ឋកិច្ច
EU ចាប់ផ្ដើម​គិត​ពន្ធ​លើ​អង្ករ​កម្ពុជា​ចាប់ពី​ថ្ងៃទី​១៨​មករា​
17, Jan 2019 , 2:46 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
​ភ្នំពេញ​៖ គណៈកម្មការ​សហភាព​អឺរ៉ុប បានសម្រេច​យកពន្ធ​គយ​ឡើងវិញ​លើ​ផលិតផល​អង្ករ​នាំចូល​ពី​កម្ពុជា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​នេះ នៅ​ថ្ងៃទី​១៧​ខែមករា​នេះ​។​



អត្ថបទទាក់ទង


​ការសម្រេច​យកពន្ធ​លើ​អង្ករ​នេះ ត្រូវ​គិត​ចាប់ពី​ថ្ងៃទី​១៨​ខែមករា​នេះ​តទៅ តែ​ការដក​ហូតពន្ធ​នេះ​ត្រូវ​បន្ធូរ​ប​ន្ថយ​តាម​ដំណាក់កាល​ក្នុង​រយៈពេល​៣​ឆ្នាំ​។ ឆ្នាំ​ដំបូង​គិត​ពន្ធ ១៧៥​អឺរ៉ូ (​ប្រហែល​២០០​ដុល្លារ​) ក្នុង​មួយ​តោន ឆ្នាំ​ទី​២​មកទៀត ពន្ធ​នេះ​ធ្លាក់​មក​ត្រឹម ១៥០​អឺរ៉ូ និង ១២៥​អឺរ៉ូ​នៅ​ឆ្នាំ​ទី​៣​។​ ​ការយកពន្ធ​នេះ គឺ​អនុវត្ត​សម្រាប់​អង្ករ​នាំ​ចេញពី​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា​។​
 
​ការសម្រេច​យកពន្ធ​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​បើក​ការស៊ើបអង្កេត​ជុំវិញ​សំណុំរឿង​អង្ករ​នេះ ក្រោយពី​មាន​បណ្ដឹង​របស់​ប្រទេស​អ៊ីតាលី និង​មានការ​គាំទ្រ​ពី​ប្រទេស​មួយចំនួន ដែល​បាន​ចោទថា​អង្ករ​កម្ពុជា និង​មី​យ៉ាន់​ម៉ា​ដែល​នាំចូល​សហភាព​អឺរ៉ុប បានធ្វើ​ឲ្យ​ប៉ះពាល់​អ្នក​ផលិត​នៅ​ប្រទេស​ទាំងនោះ​។​
 
​កម្ពុជា​បានទទួល​បានការ​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (EBA) ។ កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ទីផ្សារ​ដែល​នាំចូល​អង្ករ​កម្ពុ​ជាច្រើន​ជាងគេ គឺ​សហគមន៍​អឺរ៉ុប​មាន​ជិត​២៧​ម៉ឺន​តោន ជិត​ស្មើនឹង​៤៣​ភាគរយ​នៃ​ចំនួន​នាំចេញ​សរុប​។  
 
​ក្នុងចំណោម​ប្រទេស​ចំនួន​២៦​នៃ​សហភាព​អឺរ៉ុប​ដែល​នាំចូល​អង្ករ​កម្ពុជា បារាំង មាន​ចំណែក​ទិញ​ជិត​១៤​ភាគរយ ហូ​ឡង់​ជាង​៤​ភាគរយ ប៉ូឡូញ ជិត​៤​ភាគរយ រីឯ​បែលហ្ស៊ិក អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ សាធារណរដ្ឋ​ឆេ​ក និង​អេ​ស្ប៉ា​ញ ចន្លោះ​ពី​ជាង​២​ភាគរយ ទៅ​ជាង​៣​ភាគរយ​។​
 
​គួរ​បញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នៅ​រសៀល​ថ្ងៃនេះ នឹងធ្វើ​សន្និសីទកាសែត​ជុំវិញ​ការសម្រេច​យកពន្ធ​លើ​អង្ករ​នេះ​។ សារព័ត៌មាន​ថ្មីៗ នឹង​លម្អិត​ព័ត៌មាន​នេះ​បន្ថែមទៀត នៅពេល​ក្រោយ​ទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com