អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថានជាតិ NIPTICT ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រលើកដំបូង ដល់និស្សិតជំនាន់ទី១
× វិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានរៀបចំពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រជាលើកដំបូង ដល់និស្សិតជំនាន់ទី១របស់ខ្លួន បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សារបស់ខ្លួនក្នុងឆ្នាំ២០១៨។ សញ្ញាបត្រដែលត្រូវប្រគល់ជូននិស្សិតបញ្ចប់ការសិក្សាជំនាន់ទី១នេះ រួមមានសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ, បរិញ្ញាបត្រពាណិជ្ជកម្មអេឡិចត្រូនិក និងបរិញ្ញាបត្រទូរគមនាគមន៍ និងបណ្ដាញកុំព្យូទ័រ ។
ពិធីនេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅឯទីស្ដីការក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាពលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោក ត្រាំ អ៊ីតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ក្នុងពិធី ប្រគល់សញ្ញាបត្រនេះថា វិទ្យាស្ថានជាតិ NIPTICT បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្សនៅប្រទេសកម្ពុជា លើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ លោក ត្រាំ អ៊ីតឹក វិទ្យាស្ថានជាតិនេះ បានផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ និងតម្រូវតាមទីផ្សារ ការងារក្នុងយុគ្គសម័យសេដ្ឋកិច្ចឌីជីថល ឧស្សាហកម្មជំនាន់៤.០។ លោករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរ និងកោតសរសើរ ដល់និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ បន្ទាប់ពីបានខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេលបួនឆ្នាំកន្លងមកនោះ។
លោក សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានមានប្រសាសន៍ក្នុងពិធីនេះថា៖ នេះជាមោទកភាពមួយ ដែលវិទ្យាស្ថានជាតិ NIPTICT បានបណ្ដុះបណ្ដាលដោយជោគជ័យនូវ ធនធានមនុស្ស សម្រាប់យុគ្គសម័យសេដ្ឋកិច្ចឌីជីថ លើកដំបូងរបស់ខ្លួន។ លោក សេង សុភាព ឲ្យដឹងទៀតថា ៩៩% នៃនិស្សិតបញ្ចប់ការសិក្សាជំនាន់ទី១នេះ ទទួលបានការងារដែលមាន ប្រាក់បៀរវត្សក្នុងកម្រិតខ្ពស់ នៅតាមបណ្ដាក្រុមហ៊ុនធំៗជាច្រើន ដូចជាក្រុមហ៊ុន Smart, MetFone, Ezecom, SeaTel, Pathmazing, ក្រុមហ៊ុន e-Commerce និងឡូជីស្ទីកជាដើម។
វិទ្យាស្ថានជាតិ NIPTICT បានធ្វើកិច្ចសហប្រតិបត្តិការ និងចុះអនុស្សរណៈយោគយល់ (MOU) ជាមួយស្ថាប័នរដ្ឋ និងឯកជន ក្រុមហ៊ុនធំៗ និងដៃគូអភិវឌ្ឍន៍ជាង១០០ ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យនិស្សិត ចុះកម្មសិក្សា, ហាត់ការ និងរកការងារធ្វើ ក្រោយបញ្ចប់កាសិក្សារបស់ខ្លួន។ សូមបញ្ជាក់ថា បច្ចុប្បន្នវិទ្យាស្ថានជាតិ NIPTICT មាននិស្សិតកំពុងសិក្សាសរុបជាង ៤០០នាក់។
វិទ្យាស្ថានជាតិនិបទីក(NIPTICT) ជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ឯកទេសទូរគមនាគមន៍ និង បច្ចេកវិទ្យាព័ត៌មានតែមួយគត់នៅកម្ពុជា ដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ NIPTICT កំពុងផ្ដល់ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ E-Commerce, Telecoms និង Computer Science ដែលជាជំនាញមានតម្រូវការខ្ពស់ ក្នុងទីផ្សារការងារនាយុគសម័យសេដ្ឋកិច្ចឌីជីថល (Digital Economy) និងបដិវត្តឧស្សាហកម្មជំនាញ់ទី៤ (Industrial 4.0)។
វិទ្យាស្ថានជាតិ NIPTICT មានបេសកកម្មចម្បង៣ គឺ១.បណ្ដុះបណ្ដាលធនធានមនុស្ស។ ២.ស្រាវជ្រាវ និងអភិវឌ្ឍន៍ និងទី៣. លើកកម្ពស់សហគ្រិនភាព និងនវានុវត្តន៍លើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន ដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យប្រកបដោយគុណភាព និងជំនាញខ្ពស់ ក្នុងវិស័យ ICT ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com