អន្តរជាតិ
អាមេរិក​អាច​ប្រើ​ទាហាន​ស៊ីឈ្នួល​ជំនួស​ទ័ពថ្មើរជើង​ដែល​ត្រូវ​ដកចេញ​ពី​ស៊ី​រី​
17, Jan 2019 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន Blackwater បានផ្តល់​យោបល់​នៅ​សប្តាហ៍​នេះ ឲ្យ​រដ្ឋបាល​អាមេរិក​ប្រើប្រាស់​ទាហាន​ស៊ីឈ្នួល​នៅក្នុង​សង្គ្រាម​ស៊ី​រី​វិញ បន្ទាប់ពី​មាន​ការដក​កងទ័ព​ថ្មើរជើង ២០០០​នាក់​ចេញពី​ទីនោះ​។


 
​យោបល់​ស្តីពី​ការប្រើប្រាស់​ទាហាន​ស៊ី​ឈ្នួ​លនៅ​ស៊ី​រី​របស់លោក Erik Prince ដែល​ធ្លាប់​ធ្វើជា​ទាហាន Navy SEAL ដែរនោះ​ត្រូវបាន​លើកឡើង​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទូរទស្សន៍ Fox កាលពី​ថ្ងៃ​អង្គារ​ទី ១៥ ខែមករា​។ 
 
​លោក Prince បាន​និយាយថា វា​ជា​រឿង​ចាំបាច់​ដែល​អាមេរិក​ត្រូវ​ប្រើប្រាស់​ទាហាន​ស៊ីឈ្នួល​ជំនួស​កងទ័ព​អាមេរិក​នៅ​ស៊ី​រី ដ្បិតថា អាមេរិក​គ្មាន​យុទ្ធសាស្ត្រ​យូរអង្វែង​ក្នុង​ការបន្ត​វត្តមាន​យោធា​នៅ​ទីនោះ​ឡើយ​។ 
 
​លោក និយាយ​បែបនេះ​៖ «​អាមេរិក​មិនមាន​កាតព្វកិច្ច​យុទ្ធសាស្ត្រ​យូរអង្វែង​ឡើយ​សម្រាប់​ការបន្ត​វត្ត​មាននៅ​ស៊ី​រី ប៉ុន្តែ​ខ្ញុំ​គិតថា វា​មិនមែនជា​គំនិតល្អ​ឡើយ​ដែល​ត្រូវ​បោះបង់ចោល​សម្ព័ន្ធមិត្ត​នៅ​ទីនោះ​។ ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​គឺ​តែងតែមាន​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​។ វា​កើត​មាននៅ​កន្លែង​ណា​ដែល​វិស័យ​ឯកជន​អាចជួយ​បំពេញបន្ថែម​បាន រួមទាំង​កន្លែង​ទាំងឡាយណា​ដែល​ការចំណាយ​លើ​វិស័យ​យោធា​ច្រើន​សន្ធឹកសន្ធាប់​មិនគួរ​កើតមាន​ដែរ​»​។​
 
​វា​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ហើយក៏​មិនមែនជា​លើកទីមួយ​ដែរ ដែល​លោក Prince បានផ្តល់​យោបល់​ដល់រ​ដ្ឋ​បាល​អាមេរិក​ពី​ការប្រើប្រាស់​ទាហាន​ស៊ីឈ្នួល​ក្នុង​សង្គ្រាម​នោះ​។ កាលពី​ឆ្នាំមុន លោក Prince បានដាក់​សំណើរ​ទៅកាន់​ក្រសួងការពារជាតិ​អាមេរិក​ដើម្បី​ធ្វើ​ឯកជន​ភាវូបនីយកម្ម​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែរ ដោយ​លុយ​ចំណាយ​លើ​គម្រោង​នេះ​មាន​ទំហំ ប្រាំ​ពាន់​លាន​ដុល្លារ​អាមេរិក​។ 
 
​ប៉ុន្តែ​អតីតរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជេ​ម ម៉ា​ធី​ស បាន​ទាត់ចោល​សំណើរ​នេះ​។ លើក​នេះ ដោយ​គ្មាន​វត្តមាន​លោក ម៉ា​ធី​ស ទៀត សំណើរ​ឈានទៅ​ប្រើប្រាស់​ទាហាន​ស៊ីឈ្នួល​នៅ​ស៊ី​រី ពេល​ទាហាន​អាមេរិក​ដកចេញ​អស់នោះ​ក្លាយជា​រឿង​មួយ​ដែល​អាចទៅរួច​។ មកដល់ពេលនេះ គេ​មិនដឹងថា វា​នឹងមាន​ការសម្រេចចិត្ត​បែបណា​ឡើយ​។ ក្នុងករណី ដែលមាន​ការយល់ព្រម​ទទួល​សំណើរ​មែន​នោះ សំណួរ​សំខាន់​មួយ​លេចឡើង​គឺថា​តើ​អ្នកណា​ទទួលខុសត្រូវ​ថ្លៃ​ចំណាយ​លើ​ទាហាន​ស៊ីឈ្នួល​ទាំងនោះ​។ 
 
​ដោយឡែក ក្នុងករណី​ដែល​សម្រេច​ប្រើប្រាស់​ទាហាន​ស៊ីឈ្នួល​នៅ​ស៊ី​រី មហាអំណាច​នេះ​ក៏​មិនមែនជា​ប្រទេស​ទីមួយ​ដែរ​។ រុស្ស៊ី​បាន​បញ្ជូនទាហាន​ស៊ីឈ្នួល​របស់ខ្លួន​រួចរាល់​ហើយ​ទៅ​ជួយ​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម រាប់​ចាប់តាំងពី​ពេលដែល​មហាអំណាច​នេះ​ចូលប្រឡូក​ក្នុង​សង្គ្រាម​នៅក្នុង​ឆ្នាំ ២០១៥​មក​នោះ​។ មានការ​ផ្សព្វផ្សាយ​ថា ទាហាន​ទាំងនោះ​ស្ថិតក្រោម​ក្រុមហ៊ុន Wagner Group ដែល​ដើមឡើយ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ក្រឡុក​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ ក្រុមហ៊ុន​នេះ​មាន​ខ្សែរយៈ​ជាមួយ​អ្នកជំនួញ​ដ៏​ល្បី​ម្នាក់​គឺ​លោក Yevgeny Prighozin ដែលជា​មនុស្ស​ស្និទ្ធ​នឹង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​៕ 
 

Tag:
 អាមេរិក​
  ទាហាន​ស៊ីឈ្នួល​
  ស៊ី​រី​
  Erik Prince
  Blackwater
© រក្សាសិទ្ធិដោយ thmeythmey.com