កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា ចាកចេញពីកម្ពុជាទៅចូលរួមជាមួយក្លិប PKNS ហើយ
× ក្រោយការប្រកាសពីក្លិបបាល់ទាត់បឹងកេតកាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា បានចាកចេញពីកម្ពុជា ដើម្បីចូលរួមជាមួយក្លិបក្របខណ្ឌលីកកំពូលម៉ាឡេស៊ី PKNS FC នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ។ នេះជាការចេញទៅប្រកបអាជីពជាលើកទី២នៅលើទឹកដីម៉ាឡេស៊ី សម្រាប់កីឡាករមកពីខេត្តកំពតរូបនេះ។
«ជំរាបលា ពុកម៉ែ បងប្អូន អ៊ុំពូមីង ទាំងអស់គ្នា»។ នេះជាសារជំរាបលាប្រជាពលរដ្ឋកម្ពុជារបស់កីឡាករ ចាន់ វឌ្ឍនាកា ដែលបានសរសេរលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន មុនចាកចេញពីកម្ពុជាទៅប្រកបអាជីពជាមួយក្លិបថ្មី PKNS FC នៅម៉ាឡេស៊ី កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ ទោះបីមិនទាន់មានការបង្ហាញពីសាមីក្លិប ឬការចុះកិច្ចសន្យាជាផ្លូវការក៏ដោយ តែកីឡាកររូបនេះទំនងជាលេងឲ្យក្លិបនេះ សម្រាប់រដូវកាលឆ្នាំ២០១៩-២០២០។
ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅ ក្លិបបាល់ទាត់បឹងកេតបានអះអាងថា កីឡាករ ចាន់ វឌ្ឍនាកា ត្រូវបានផ្ទេរពីបឹងកេតទៅលេងឲ្យក្លិបក្របខណ្ឌលីគកំពូលម៉ាឡេស៊ី PKNS FC ក្រោយចរចាអស់រយៈពេលជិត១ខែ។
បើសិន ចាន់ វឌ្ឍនាកា ពិតជាលេងឲ្យក្លិបខាងលើពិតប្រាកដមែន នោះរូបគេនឹងត្រូវប្រជែងជាមួយមិត្តរួមជាតិ ធារី ចន្ថាប៊ីន ក្នុងពានរង្វាន់ក្របខណ្ឌលីកកំពូលម៉ាឡេស៊ី ដែលបានបន្តកិច្ចសន្យារយៈពេល១ឆ្នាំលេងឲ្យក្លិប Terangganu។ វឌ្ឍនាកា ជាកីឡាករកម្ពុជាទីពីរបន្ទាប់ពី ធារី ចន្ថាប៊ីន ដែលបានមកលេងឲ្យក្លិបនៅម៉ាឡេស៊ីក្នុងឆ្នាំ២០១៩។
នេះជាការចាកចេញទៅប្រកបអាជីពលើកទី២លើទឹកដីម៉ាឡេស៊ីរបស់កីឡាករ ចាន់ វឌ្ឍនាកា ក្រោយពីរដូវកាលមុនរូបគេបានចុះកិច្ចសន្យារយៈពេល១ឆ្នាំលេងឲ្យក្លិប Pahang FA។ ប៉ុន្តែកីឡាកររូបនេះ បានចែកផ្លូវគ្នាវិញមុនកិច្ចសន្យា ក្រោយរួមរស់បានពាក់កណ្តាលរដូវកាល។
បើគិតទាំងលើកនេះ កីឡាករ ចាន់ វឌ្ឍនាកា ចេញទៅប្រកបអាជីពនៅក្រៅប្រទេសលើកទី៣ ខណៈលើកទី១លេងឲ្យក្លិបក្របខណ្ឌលីគទី៣របស់ជប៉ុន Fujieda MYFC ដែលរូបគេមិនបានបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការ។ ចំណែកលើកទី២និងលើកទី៣នៅលីគកំពូលម៉ាឡេស៊ីជាមួយ Pahang FA និង PKNS FC តែម្តង៕
Tag:
បាល់ទាត់
ចាន់ វឌ្ឍនាកា
PKNS FC
© រក្សាសិទ្ធិដោយ thmeythmey.com