អន្តរជាតិ
លោកស្រី ម៉េ​យ៍ នៅ​រក្សា​កៅអី​នាយករដ្ឋមន្ត្រី​បាន ប៉ុន្តែ​ដំណើរការ Brexit កាន់តែ​រញ៉េរញ៉ៃ​
17, Jan 2019 , 4:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ចុងក្រោយ​លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ នៅតែមាន​លទ្ធភាព​រួច​ផុតពី​ការបញ្ចប់​តំណែង​ក្នុងការ​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ពី​សំណាក់​សមាជិកសភា​អង់គ្លេស​។ បន្ទាប់ពី​រក្សាបាន​តំណែង​នេះ លោកស្រី​បាន​ស្វះ​ស្វែងរក​លទ្ធភាព​ចរចា និង​ពិភាក្សា​បន្ថែម​ជាមួយ​អ្នកនយោបាយ​អង់គ្លេស​ផ្សេងទៀត​ដើម្បី​ឈានទៅ​កែសម្រួល​កិច្ចព្រមព្រៀង​ចាក​ចេញពី​សហភាព​អឺរ៉ុប Breixt ដែល​លោកស្រី​ចរចា​បានជា​មួយ​ក្រុង​ព្រុ​ច​សែ​ល​កន្លងមក​នោះ​។​


 
​ការបោះឆ្នោត​ដក​សេចក្តីទុកចិត្ត​លើ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ពី​សំណាក់​សមាជិកសភា​ត្រូវបាន​រៀបចំឡើង​តាម​ការព្រាង​ទុក​នៅ​ថ្ងៃ​ពុធ​ទី ១៦​ខែមករា​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ មិនបាន​របូត​បាត់​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​ឡើយ ថ្វីបើ​បញ្ហា​ចម្រូងចម្រាស​នយោបាយ​កើនឡើង​កាន់តែខ្លាំង និង​មាន​ចលនា​ទិតៀន​និង​ប្រឆាំង​លោកស្រី​ច្រើន​ក៏ដោយចុះ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុងការ​បោះឆ្នោត​នេះ វា​មាន​សមាជិកសភា ៣២៥ រូប​ដែល​បាន​បោះឆ្នោត​បន្ត​គាំទ្រ​លោកស្រី ខណៈដែល ៣០៦ សំឡេង​ផ្សេងទៀត​ប្រឆាំង​។  
 
​តាមពិតទៅ​នីតិវិធី​ដក​សេចក្តីទុកចិត្ត​លើ​រដ្ឋាភិបាល និង នាយករដ្ឋមន្ត្រី​នេះ​ធ្វើឡើង ២៤​ម៉ោង​ប៉ុណ្ណោះ​ក្រោយពី​កិច្ចព្រមព្រៀង Brexit ដាក់​ស្នើឡើង​ដោយ​លោកស្រី ម៉េ​យ៍ ផ្ទាល់​នោះ​ត្រូវបាន​សភា​ទាត់ចោល​។ ការបោះឆ្នោត​ដក​សេចក្តីទុកចិត្ត​នេះដែរ ត្រូវបាន​ស្នើឡើង​ដោយ​គណបក្ស​ការងារ​ដែលជា​គណបក្ស​ប្រឆាំង​ដែល​ចង់​ឲ្យ​មានការ​បោះឆ្នោត​សភា​បន្ទាន់​មួយ​ផង​។ 
 
​ក្រោយ​រួច​ផុតពី​ការដកហូត​តំណែង លោកស្រី ម៉េ​យ៍ ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ដូច្នេះ​៖ «​ឥឡូវនេះ​សមាជិកសភា​បានបញ្ជាក់​ច្បាស់​ហើយពី​អ្វីដែល​គេ​ចង់បាន​។ យើង​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ឈានទៅ​សម្រេចបាន​ចំណុច​ដែល​សភា​ចង់បាន​នោះ​»​។ 
 
​គេ​ឃើញ នាយករដ្ឋមន្ត្រី​អង់គ្លេស​រូបនេះ​រួសរាន់​ស្កាត់​ទៅ​ជួប​បណ្តា​សមាជិកសភា​បក្សប្រឆាំង​និង​រាល់​អ្នក​ដែល​ជំទាស់​កិច្ចព្រមព្រៀង Brexit ដែល​លោកស្រី​ចរចា​បាន​កន្លងមក​នោះ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មានការ​ឯកភាពគ្នា​លើ​បញ្ហា​នេះ​។​
 
អ្នកនយោបាយ​ដែល​លោកស្រី ម៉េ​យ៍​ស្កាត់​ទៅ​ជួប​នោះ​មាន​សមាជិក​គណៈបក្ស​ជាតិនិយម​ស្កុ​តឡែ​ន​, សមាជិក​បក្ស​ជាតិនិយម​វ៉ែល (Welsh Nationalist) រួមជាមួយ​សមាជិក គណបក្ស​ប្រជាធិបតេយ្យ​សេរី​ដែលមាន​និន្នាការ​គាំទ្រ​សហភាព​អឺរ៉ុប​នោះ​។ ចំណែក​បក្ស​ការងារ​ដែលជា​បក្សប្រឆាំង​សំខាន់​ជាងគេ​ដឹកនាំ​ដោយ​លោក Jeremy Corbyn នោះ​មិន​ចង់​ជួបពិភាក្សា​ជាមួយ​លោកស្រី ម៉េ​យ៍​ឡើយ។ 
 
​លោកស្រី ម៉េ​យ៍ មាន​ពេលវេលា​ដល់​ត្រឹម​ថ្ងៃ​ចន្ទ​ដើម្បី​រៀបចំ​ផែនការ​ថ្មី​មុននឹង​ត្រូវ​ត្រឡប់​យក​កិច្ចព្រមព្រៀង​នេះ​មក​ដាក់​ឆ្លង​សភា​ជាថ្មីទៀត​។ វា​ច្បាស់​ណាស់​ថា លោកស្រី​ពិបាក​យក​កិច្ចព្រមព្រៀង​នេះ​ទៅ​ចរចា​ជាថ្មី​ជាមួយ​សហភាព​អឺរ៉ុប ដ្បិត​មេដឹកនាំ​អឺរ៉ុប​ប្រកាស​ហើយ​ថា គ្មាន​ឡើយ​ការចរចា​ឡើងវិញ​លើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាពគ្នា​ក្នុង​សន្និសីទ​ក្រុង​ព្រុ​ច​សែ​ល​កាលពី​ខែធ្នូ​កន្លងទៅ​។ 
 
​វា​មានន័យថា អ្វីដែល​លោកស្រី ម៉េ​យ៍ ត្រូវធ្វើ​គឺ​ប្រឹង​បញ្ចុះបញ្ចូល​សមាជិកសភា​ដែល​ប្រឆាំង​កិច្ចព្រមព្រៀង​លោកស្រី​ចរចា​បាន​មុន​ដល់​ថ្ងៃ​ចន្ទ​។ យ៉ាងណាក៏ដោយ សមាជិកសភា​ប្រឆាំង​ជាច្រើនលើក​លក្ខខណ្ឌ​មួយចំនួន​សម្រាប់​លោកស្រី ម៉េ​យ៍ ក្នុងនោះ​មានការ​ពន្យារពេល​នៃ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​ថ្ងៃ ២៩ ខែមីនា និង​បដិសេធចោល​ស្ថានភាព​ដែល​អង់គ្លេស​ត្រូវ​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​សោះ​នោះ​។ ខ្លះទៀត​ក៏​ចង់​ឲ្យ​មានការ​ពិចារណា​លើ​លក្ខខណ្ឌ​រៀបចំ​ប្រជាមតិ​ជា​លើក​ទី​ពីរ​ទៀត​ដែរ​ដើម្បី​ឲ្យ​ប្រជាជន​អង់គ្លេស​បង្ហាញ​យោបល់​និង​ឆន្ទៈ​ចុងក្រោយ​ផង​៕
 

Tag:
 ថេ​រ៉េ​សា ម៉េ​យ៍​
  Brexit
  អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com