ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក​សុខ ឥសាន ថា មិន​ចាញ់​គ្នា​ទេ បើ​កម្ពុជា មាន​ពេល​អភិវឌ្ឍ​២០០​ឆ្នាំ ដូច​អាមេរិក​
17, Jan 2019 , 9:39 pm        
រូបភាព
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
ដោយ: ថ្មីៗ
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច ទើស​ត្រចៀក នៅ​ពេលឮ​គេ​រិះគន់ថា សម្តេច ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​ដល់​ទៅ​៣៤​ឆ្នាំ​ហើយ តែ​មិនអាច​អភិវឌ្ឍ​ប្រទេស​ឲ្យ​ដូច​សហរដ្ឋអាមេរិក ឬ​ប្រទេស​ជឿនលឿន​ផ្សេងទៀត​។  


 
​អ្នកនាំពាក្យ​រូបនេះ សុខចិត្ត​ទទួលយក ដែលថា កម្ពុជា ពិតជា​មិនទាន់​រីកចម្រើន​ដូច​សហរដ្ឋ​អាម​រិ​ក​។ ប៉ុន្តែ លោក ឆ្លើយតប​បែប​ចំអក​ទៅវិញ​ថា ឲ្យ​ដូច​យ៉ាងដូចម្តេច បើ​សហរដ្ឋអាមេរិក បាន​កសាង​ប្រទេស ចាប់​តាំង​សតវត្សរ៍​ទី​១៨​មកម្ល៉េះ ឯ​សម្តេច ហ៊ុន សែន ទើបតែ​ធ្វើជា​នាយករដ្ឋមន្ត្រី​បាន​៣៤​ឆ្នាំ​ប៉ុណ្ណោះ​។​
 
​លោក បន្តថា បើ​ប្រៀបធៀប​ទៅ រយៈពេល​នៃ​ការអភិវឌ្ឍ​រវាង​សហរដ្ឋអាមេរិក​និង​កម្ពុជា គឺ​ខុសគ្នា​ដល់​ទៅ​ជាង​២០០​ឆ្នាំ​ឯណោះ​។ លោក បន្ថែមថា នេះ​មិន​និយាយ​ពី​ផលវិបាក​នៃ​សង្គ្រាម​និង​របប​ប្រល័យ​ពូជ​សាស​ន៍នៅ​កម្ពុជា​ផង​។​
 
​បន្ទាប់មក មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច​រូបនេះ ក៏​បង្ហាញ​ការ​ជឿជាក់ថា បើ​មាន​រយៈពេល​ស្មើគ្នា​ក្នុងការ​អភិវឌ្ឍ កម្ពុជា ច្បាស់​ជា​មិន​ចាញ់​សហរដ្ឋអាមេរិក​នោះទេ​។ លោក បាន​សរសេរ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា​៖«​បើ​មិន​ជឿ ទុក​ឲ្យ​សម្តេច​តេ​ជោ ដឹកនាំ​ប្រទេស​២០០​ឆ្នាំ​ទៀត បើ​មិន​រីកចម្រើន​ដូច​សហរដ្ឋអាមេរិក ឬ​មិន​លើស​សហរដ្ឋអាមេរិក​ទេ ហ៊ាន​ភ្នាល់ ហើយ​ចាំ​ដល់ពេល​នោះ ចាំ​អស់លោក​អ្នកវិភាគ បន្ទោស​សម្តេច​តេ​ជោ​ចុះ អត់​តវ៉ា​ឡើយ​»​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ សម្តេច ហ៊ុន សែន បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី អស់​រយៈពេល​៣៤​ឆ្នាំ​ហើយ​។ សម្តេច ហ៊ុន សែន ប្រកាសថា នឹង​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​រហូតដល់​ឆ្នាំ​២០២៨​។ 
 
​ប្រមុខ​រដ្ឋាភិបាល ធ្លាប់​អះអាងថា កម្ពុជា ទើបតែ​មានឱកាសជាង​២០​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​ការកសាង​ប្រទេស​ឡើងវិញ ពោលគឺ គិត​ចាប់តាំងពី​ចុងឆ្នាំ​១៩៩៨​មក ដែលជា​ពេលដែល​កម្ពុជា មាន​សន្តិភាព​ពេញលេញ ហើយក៏​ជា​ពេល​កម្ពុជា មាន​តំបន់​ត្រួត​ត្រាតែមួយ រដ្ឋាភិបាលតែមួយ រដ្ឋធម្មនុញ្ញតែមួយ និង​កម្លាំងប្រដាប់អាវុធ​តែមួយ​៕   
 

Tag:
 ​សុខ ឥសាន​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com