កីឡាអន្តរជាតិ
អន្តរជាតិ
ឈ្មោះ Muhammad Ali ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ឈ្មោះ​អាកាសយានដ្ឋាន​នៅ Louisville
17, Jan 2019 , 9:59 pm        
រូបភាព
​ព្រលានយន្តហោះ​ដែល​ស្ថិតក្នុង​ក្រុង Louisville រដ្ឋ Kentucky សហរដ្ឋអាមេរិក នឹងត្រូវ​បញ្ចូល​ឈ្មោះ​របស់​កំពូល​អ្នក​ប្រដាល់សកល​អាមេរិក Muhammad Ali ដែល​បាន​ស្លាប់​កាលពី​ឆ្នាំ ២០១៦ ក្នុង​អាយុ​៧៤​ឆ្នាំ​។ ការប្តូរឈ្មោះ​នេះ​គឺជា​ការបង្ហាញ​ការដឹងគុណ​ចំពោះ​ភាពល្បីល្បាញ​របស់ Ali ដែល​នាំ​វិស័យ​កីឡាប្រដាល់​អេ​មេ​រិ​ក​មានឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ​។​


 
​ឈ្មោះ​ថ្មី​របស់​អាកាសយានដ្ឋាន​នោះ​គឺ Louisville Muhammad Ali International Airport ដែល​ប្តូរ​ពី Louisville International Airport​។ នេះ​បើតាម​ការប្រកាស​ផ្លូវការ​របស់​មន្ត្រី​ក្នុង​ក្រុង Louisville នៅ​ថ្ងៃទី​១៦ ខែមករា​។ 


 
​នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​បាន​បង្ហោះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក្រុមប្រឹក្សាភិបាល​អាកាសយានដ្ឋាន​និយាយថា «​ការបោះឆ្នោត​នេះ​គឺមាន​ន័យ​ណាស់​» ដើម្បី​ទទួលស្គាល់​កេរ្តិ៍ដំណែល​របស់ Ali ដែលមាន​កំណើត​នៅ Louisville នេះ​ផ្ទាល់ ដោយ​យកឈ្មោះ​លោក​ដាក់ឈ្មោះ​ព្រលានយន្តហោះ​ដើម្បី​ផ្តល់​កិត្តិយស​ដល់​គាត់​។ 
 
 
​អភិបាលក្រុង Louisville លោក Greg Fischer បាន​សរសេរ​លើ​គណនី tweeter ដែរ​ថា​៖« Muhammad Ali ជា​របស់​ពិភពលោក ប៉ុន្តែ​គាត់​មានតែ​ស្រុកកំណើត​តែប៉ុណ្ណោះ​។ ការសម្រេចចិត្ត​ប្តូរ​ឈ្មោះ​អាកាសយានដ្ឋាន​អន្តរជាតិ Louisville Muhammad Ali គឺជា​បំណែក​ដ៏​ធំ​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជាការ​រំលឹក​គុណ​ដល់​គាត់​»​។​
 
 
Ali កើត​នៅ Louisville រដ្ឋ Kentucky នៅ​ថ្ងៃទី ១៧ ខែមករា​ឆ្នាំ ១៩៤២ ដែលមាន​ឈ្មោះ​ដើម​ថា Cassius Marcellus Clay Jr ប៉ុន្តែ​ក្រោយ​កីឡាករ​ប្រដាល់​ធ្លាប់មាន​ប្រវត្តិ​ប្រកួត ៦១​លើក ឈ្នះ​៥៦ ចាញ់​៥ និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៣៧​នេះ បាន​ផ្លាស់ប្តូរ​ឈ្មោះ​ទៅជា Muhammad Ali វិញ បន្ទាប់ពី​លោក​បាន​ប្រែចិត្ត​ជឿ​សាសនា​អ៊ីស្លាម​។​


 
Ali បាន​ស្លាប់ នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​អាយុ​៧៤​ឆ្នាំ មុនពេល​លោក​រស់នៅ​ត្រាំត្រែង​ជាមួយ​ជំងឺ​ញ័រ​ដៃ​ញ័រ​ជើង​អស់​រយៈពេល​៣២​ឆ្នាំ​៕
 

Tag:
 ​ប្រដាល់​
  Muhammad Ali
© រក្សាសិទ្ធិដោយ thmeythmey.com