កីឡាជាតិ
ជាតិ
គង់ សំបូរ នឹង​ប្រើស​ង្វៀន ONE Championship បង្ហាញ​ពិភពលោក​ថា ក្បាច់គុន​ខ្មែរ​នៅតែ​ខ្លាំង​
18, Jan 2019 , 8:59 am        
រូបភាព
ដោយ​៖ Matias Andres
 
​កីឡាករ​មកពី​ក្លិប​អាណាចក្រ​ប្រយុទ្ធ គង់ សំបូរ ត្រូវ​ប៉ះ​ជាមួយ​ជើង​ខ្លាំង​មកពី​ចិន Zhang Chenglong ក្នុងការ​ប្រដាល់សេរី​កម្មវិធី ONE Super Series នៅឯ​ប្រទេស​សិង្ហ​បុរី​ថ្ងៃទី​២២ ខែកុម្ភៈ ក្នុង​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS​។ ក្នុងនោះ ក៏មាន​កីឡាករ​តំណាង​កម្ពុជា​មួយរូប​ទៀត​គឺ ខុន ស៊ី​ចាន់ ដែល​នឹង​បញ្ចេញស្នាដៃ​ក្នុង​កម្មវិធី​ជាមួយគ្នានេះដែរ​។​

 
​អ្នកលេង​គុន​ខ្មែរ គង់ សំបូរ បានចាត់ទុក​ការចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ONE Championship ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​រូបគេ​ក្នុងការ​ផ្សព្វផ្សាយ​ពី​គុន​ខ្មែរ​ទៅកាន់​ពិភពលោក​។ រូបគេ នឹង​យក​ព្រឹត្តិការណ៍​ដ៏​ធំ​លើ​ពិភពលោក​មួយ​នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​ភាពខ្លាំង​របស់​ក្បាច់គុន​កេរតំណែល​របស់​បុព្វបុរស​ខ្មែរ ឲ្យ​ពិភពលោក​បាន​ស្គាល់​។    
 
​សំបូរ និយាយថា​៖«​ខ្ញុំ​មាន​មោទកភាព​ខ្លាំង​មែនទែន ដែល​បាន​ឡើង​បញ្ចេញ​សមត្ថភាព​នៅ ONE Championship ខ្ញុំ​ចង់បង្ហាញ​គេ​គ្រប់គ្នា​ថា ក្បាច់គុន​ខ្មែរ​នៅតែ​ខ្លាំង​មិនបាន​ចុះខ្សោយ​ឡើយ​។ ខ្ញុំ​ចង់​ប្រាប់​ទៅ​បងប្អូន​ខ្មែរ​គ្រប់រូប​ដែល​រង់​ចាំមើល​ការប្រកួត​របស់ខ្ញុំ​នៅ ONE ថា​ខ្ញុំ​នឹង​ប្រកួត​ឲ្យ​អស់ពី​លទ្ធភាព និង​មិន​ធ្វើ​ឲ្យ​បងប្អូន​បាក់​ទឹកចិត្ត​លើ​រូបខ្ញុំ​ឡើយ​»​។  
 
​ថ្វី​ដ្បិត​រូបគេ​ដឹងថា ការប្រកួត​នេះ​មិន​ងាយស្រួល​ដូច​ការប្រកួត​ក្នុងស្រុក ប៉ុន្តែ​សម្រាប់​គេ​នឹងធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​យកជ័យ​ជម្នះ​ពី​សិង្ហ​បុរី​មក​កម្ពុជា​ឲ្យ​បាន​។ រូបគេ​លើកឡើងថា​៖«​ការប្រកួត​មួយ​នេះ​វា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​។ ខ្ញុំ​នឹង​ហាត់​ឲ្យ​ខ្លាំង ហើយ​វាយ​ឲ្យ​ល្អ ព្រោះ​ខ្ញុំ​វាយ​តំណាង​ឲ្យ​ខ្មែរ ទោះ​ចាញ់ ឬ​ឈ្នះ​ក៏ដោយ ខ្ញុំ​មាន​មោទកភាព ដោយសារ​ខ្ញុំ​បាន​ប្រើ​អស់ពី​កម្លាំងកាយ​ចិត្ត​»​។ 


 
​សំបូរ ដែល​កំពុង​រស់នៅ និង​ហ្វឹកហាត់​នៅ​ខេត្តសៀមរាប បាន​ព្យាយាម​អភិវឌ្ឍន៍​សមត្ថភាព​យ៉ាងខ្លាំង ដើម្បី​ត្រៀមខ្លួន​ឲ្យ​បានល្អ​មុន​ចូល​សង្វៀន​ប្រដាល់​ធំជាងគេ​នេះ​។ សំបូរ ជាមួយ​គ្រូបង្វឹក​ផ្ទាល់​នៅ​ក្លិប​អាណាចក្រ​ប្រយុទ្ធ ក៏​កំពុង​រៀបចំ​ស្នៀត ដើម្បី​តទល់​ជាមួយ​ដៃគូ​ចិន ឲ្យ​ទស្សនិកជន​មើល​យ៉ាង​ជក់ចិត្ត​ផងដែរ​។ 
 
​ដើម្បី​ត្រៀម​តទល់​ជាមួយ​កីឡាករ​ចិន Zhang Chenglong នៅ​ថ្ងៃទី​២២ ខែកុម្ភៈ  នៅ​ប្រទេស​សិង្ហ​បុរី​ខាងមុខ កីឡាករ​រូបនេះ​អះអាងថា រូបគេ​ហ្វឹកហាត់​មិនដែល​សម្រាក​ឡើយ សូម្បី​ថ្ងៃ​បុណ្យជាតិ​ក៏ដោយ​។ ក្រៅពី​ហ្វឹកហាត់​នៅក្នុង​ក្លិប សំបូរ បាន​ព្យាយាម​ហ្វឹកហាត់​នៅ​ខាងក្រៅ​បន្ថែម ដើម្បី​កាយសម្បទា​ឲ្យ​កាន់តែ​រឹងមាំ​។ 
 
​ទោះបី​កីឡាករ​ចិន Zhang ជា​កីឡាករ​មានកេរ្តិ៍ឈ្មោះ​ល្អ និង​បទពិសោធ​ច្រើន​ប្រហែល​ជាង​៥០​ប្រកួត​រួចមកហើយ​នៅ​ស្ថាប័ន​ប្រដាល់​ដូចជា Glory ជាដើម​។ តែ​អ្នក​ប្រដាល់​តំណាង​ក្លឹប​អាណាចក្រ​ប្រយុទ្ធ​រូបនេះ ជឿថា ឱកាស​ដែល​បាន​ប្រកួត​ជាមួយ​ជើង​ខ្លាំង Zhang នឹង​ជំរុញ​ឲ្យ​គេ​កាន់តែ​ល្អ​ជាង​មុន​។ 
 
​ទន្ទឹមនឹងនេះ កីឡាករ​មកពី​ខេត្តសៀមរាប​រូបនេះ​អះអាងថា រូបគេ​បានដឹង​ពី​ចំណុចខ្សោយ​ក្នុងការ​យកឈ្នះ​កីឡាករ​ចិន​នេះ​រួចហើយ​។ រូបគេ​មើលឃើញ​យ៉ាង​ដូច្នេះ​ថា​៖«Zhang គាត់​ខ្លាំង​ដែរ ប៉ុន្តែ​ប៉ះ​ជាមួយ​អ្នកខ្លាំង បានធ្វើ​ឲ្យ​យើង​ល្អ ប៉ះ​អ្នកខ្សោយៗ វា​អត់​សូវ​ល្អ​ទេ​។ ខ្ញុំ​ដឹង​គាត់​ល្អ​តែ​ប្រើ​ដៃ តែ​ជើង​គាត់​អត់​សូវ​ល្អ​ទេ​។ អញ្ចឹង​ឥឡូវ​កំពុង​ហាត់​ការពារ​ច្រើន​»៕  
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  គង់ សំបូរ​
  ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com