ពីនេះ ពីនោះ
«​នំ​ឆា​ខ្វៃ​»​ជា​ពាក្យ​ចិន មានន័យ​ពិតប្រាកដ​ដូចម្តេច​?
18, Jan 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​នំ​ឆា​ខ្វៃ​» ដែលមាន​ឈ្មោះ​ដើម​របស់​វា​គឺ​«​នំ​យ៉ាវឆាខ្វៃ​» នោះ​មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ តែ​ជា​ពាក្យ​ចិន ដែល «​យ៉ាវ​» មានន័យថា ខ្លាញ់​, «​ឆា​» មានន័យថា ចម្រាញ់ និង​«​ខ្វៃ​» មានន័យថា មនុស្ស​ក្បត់​ឈ្មោះ​ខ្វៃ​។ «​នំ​យ៉ាវឆាខ្វៃ​» មានន័យ​ពិត​ប្រាកដថា ឈ្មោះ​នំ​មួយបែប ដែល​គេ​ធ្វើ​ទុក​សម្រាប់​សម្គាល់​លើ​មនុស្ស​ក្បត់​ឈ្មោះ​ខ្វៃ ក្នុង​រាជការ​សឹក​ចិន​បុរាណ​។


  
​កាលពី​សម័យ​ចិន​បុរាណ គេ​បាន​ចាប់យក​បុរស​ឈ្មោះថា ខ្វៃ ធ្វើ​ទារុណកម្ម ដោយ​អារ​សាច់​ទាំង​រស់ ចម្រាញ់​ធ្វើជា​នំ​ឲ្យ​ឈ្មោះ ខ្វៃ ស៊ីសាច់​របស់​វា ហើយ​គេ​ឲ្យ​ជាង​ឆ្លាក់​ថ្ម​ធ្វើជា​រូបចម្លាក់​សម្រាប់​សញ្ញា ផ្ចាញ់ផ្ចាល កុំ​ឲ្យ​យក​គំរូ​តាម​។ 
 
​ពាក្យ​នេះ​ត្រូវបាន​ចិន​នៅ​កម្ពុជា ពពាយនាយ​លក់​នំ​នេះ​ថា «​នំ​យ៉ាវឆាខ្វៃ​» ខ្លះ​ហៅថា «​នំ​ឆា​ខ្វៃ​» ខ្លះ​ហៅថា​«​នំប្រៃ​» ពីព្រោះ នំ​នេះ​មាន​រសជាតិ​ប្រៃ​បន្តិចៗ  ហើយ​ខ្លះទៀត​ហៅថា «​នំប្រៃ​ឡ​មៗ​» គឺ​នំ​ចម្រាញ់ខ្លាញ់​អា​ខ្វៃ​។ «​នំ​យ៉ាវឆាខ្វៃ​»  នេះ​ខ្មែរ​យើង​ភាគច្រើន​បរិភោគ​ជាមួយ​កាហ្វេ​,​បបរ ឬ​គុយទាវ ជាដើម​។ 
 
​សូមបញ្ជាក់ថា រូបចម្លាក់​ថ្ម​អា​ខ្វៃ​នោះ​មាននៅ​ប្រទេស​ចិន​ដរាប​មកដល់​សព្វថ្ងៃនេះ​។ ខ្លឹមសារ​ទាំងនេះ​ដោយ​ផ្អែក​តាម​ការបកស្រាយ​រប​ស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com