ជាតិ
​​​ន​យោ​បាយ​ជាតិ​
រឿង​EBA៖ អ្នកនាំពាក្យ ព្រមាន​ថា រដ្ឋាភិបាល នឹង​ចាត់វិធានការ​អ្នកបង្កើត​ព័ត៌មាន​មិន​ពិត
17, Jan 2019 , 8:19 pm        
រូបភាព
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល
ដោយ: ថ្មីៗ
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បានចេញ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ ដើម្បី​ឆ្លើយតប​នឹង​ការបកស្រាយ​ពី​ម​ជ្ឍ​ដ្ឋា​ន​នានា ជុំវិញ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។ ភាគច្រើន​នៃ​សំណេរ​ក្នុង​សេចក្តី​ថ្លែង​ការ​នោះ គឺ​រិះគន់​ចំពោះ​អ្នកបកស្រាយ ថា​ប្រើពាក្យ​មិន​ពិត បង្កើត​ទស្សនៈ​អវិជ្ជមាន និង​បង្ក​ឲ្យ​សាធារណជន មានការ​យល់ច្រឡំ​ចំពោះ​រឿងនេះ​។



តាមរយៈ​សេចក្តីថ្លែងការណ៍ លោក ផៃ ស៊ី​ផាន បានចាត់ទុក​ការបកស្រាយ​ខុស​ទាំងនោះ ថា ជា​ចេតនា​ក្នុងការ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ និង​មានបំណង​ញុះញុង​ឬ​ប្រឆាំងនឹង​ភាពជា​ដៃគូ​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប​។ អ្នកនាំពាក្យ​រូបនេះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល នឹង​ចាត់វិធានការ​ដោយ​ម៉ឺងម៉ាត់ និង​គ្រប់​រូបភាព ក្នុងការ​ថែរក្សា​សតិអារម្មណ៍​សាធារណៈ ឲ្យ​ស្ថិតក្នុង​ស្ថិរភាព និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត​»​។ ​

មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល បាន​លើកយក​ឃ្លា​មួយ គឺ «​សហភាព​អឺរ៉ុប ទុក​ច្រក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​» ដែល​​គេបាន​លើកឡើង មក​ធ្វើជា​ឧទាហរណ៍ ដើម្បី​បញ្ជាក់ថា​មិន​ត្រឹមត្រូវ​។ លោក បញ្ជាក់ថា ការប្រើ​ឃ្លា​បែបនេះ គឺ​មិន​ស្រប​នឹង​ចរិត​ការងារ​របស់​រដ្ឋាភិបាល ដែលជា​ដៃគូ​អភិវឌ្ឍ​ជាមួយ​សហភាព​អឺរ៉ុប​ឡើយ​។ 

មន្ត្រី​រដ្ឋាភិបាល​រូបនេះ ទំនងជា​ចង់​មានន័យថា សហភាព​អឺរ៉ុប​និង​កម្ពុជា គឺជា​ដៃគូ​ស្មើភាព​គ្នា ដូច្នេះ មិនអាច​ប្រើពាក្យ​ថា «​សហភាព​អឺរ៉ុប ទុក​ច្រក​ឲ្យ​កម្ពុជា​» នោះទេ​។ លោក បានបញ្ជាក់​បែបនេះ​ថា​៖«​រដ្ឋាភិបាល បាន​ពន្យល់​ជាច្រើន​សា​មកហើយ នូវ​ដំណើរ​ការវិវឌ្ឍ​នៃ​កិច្ចពិភាក្សា​ក្នុងការ​អនុវត្ត​កម្មវិធី EBA ដែល​ស្ថិតក្នុង​បរិ​សយា​កាស​ដៃគូ និង​គោរព​គ្នា​ទៅវិញទៅមក ក្នុង​ក្របខណ្ឌ​ប្រែប្រួល ដែល​ឆ្លើយតប​នឹង​ចំណូល​កើនឡើង​របស់​ពលរដ្ឋ​កម្ពុជា ហើយ​កិច្ចពិភាក្សា​នេះ នឹង​ដំណើរការ​ទៅមុខទៀ​ត រហូត​ជាង​មួយឆ្នាំ​»​។ 
 
​បន្ទាប់មក មន្ត្រី​ដដែល​នេះ ក៏​អំពាវនាវ​ក្នុងនាម​រដ្ឋាភិបាល ឲ្យ​បណ្តា​អង្គភាព​និង​បុគ្គល​ពាក់ព័ន្ធ​ទាំងអស់ គោរព​ក្រមសីលធម៌​ក្នុងការ​រក្សា​ដំណើរការ​ពិភាក្សា​នេះ ដោយ​មិនត្រូវ​បង្ក​ការភាន់ច្រឡំ​ណាមួយ ដែល​កើតចេញពី​ព័ត៌មាន​ក្លែងក្លាយ​នោះទេ​។ 
 
​បច្ចុប្បន្ន គេ កំពុង​ព្រួយ​បា​ម្ភ ចំពោះ​វិធានការ​របស់​សហភាព​អឺរ៉ុប ក្នុង​ការដក EBA ដែល​អាច​បង្ក​ផង​ប៉ះពាល់​សេដ្ឋកិច្ចកម្ពុជា​។ មកដល់ពេលនេះ មាន​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ហើយ ដែល​សហ​ភព​អឺរ៉ុប ដំណើរការ​នីតិវិធី​នៃ​ការដក EBA ។ នីតិវិធីនេះ ត្រូវ​ចំណាយពេល​មួយឆ្នាំ ហើយ​បន្ទាប់មក​ទើប​សហភាព​អឺរ៉ុប សម្រេច​ជា​ផ្លូវការ​ថា ដក​ឬ​មិន​ដ​ក។ 
 
EBA (Everything but Arms) គឺ​សំដៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​ទំនិញ​និង​ផលិតផល​សព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែល​កម្ពុជា នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយ​លើកលែងតែ​អាវុធ​ប៉ុណ្ណោះ ដែល​មិន​រាប់បញ្ចូល​។ កម្ពុជា ជា​ប្រទេសមួយ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​ស្តីពី EBA នេះ ហើយ​តែង​ទទួលបាន​ការអនុគ្រោះ​ពន្ធ​៕ 
 

Tag:
 ផៃ ស៊ី​ផាន​
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com