អន្តរជាតិ
រុស្ស៊ី រិះគន់អាមេរិកដែលលើកទឹកចិត្តក្រុមប្រឆាំងវ៉េណេស៊ុយអេឡាឲ្យងើបបះបោរ
× រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov នៅថ្ងៃទី១៦ ខែមករា បានរិះគន់អាមេរិកជុំវិញការគាំទ្រក្រុមប្រឆាំងនៅវ៉េណេស៊ុយអេឡាឲ្យងើបបះបោរប្រឆាំងប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ ដែលទើបស្បថចូលកាន់តំណែង។ លោក Lavrov បានហៅជំហរអាមេរិក ជាការលូកលាន់កិច្ចការផ្ទៃក្នុងវ៉េណេស៊ុយអេឡា និងជារឿងគួរឲ្យសោកស្ដាយ។
រដ្ឋអាមេរិកឡាទីនវ៉េណេស៊ុយអេឡា កំពុងតែផុងខ្លួនជ្រៅទៅក្នុងវិបត្តិនយោបាយរបស់ខ្លួន ដោយមានប្រធានាធិបតីដល់ទៅពីរ។ ម្ខាងគឺប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ ដែលស្បថចូលកាន់តំណែងសម្រាប់អាណត្តិទីពីរកាលពីសប្ដាហ៍មុន និងម្ខាងគឺប្រធានរដ្ឋសភាដែលគ្រប់គ្រងដោយបក្សប្រឆាំង Juan Guaido ដែលអះអាងថា ជាប្រធានាធិបតីបណ្ដោះអាសន្នរបស់វ៉េណេស៊ុយអេឡា។ ក្រុមប្រឆាំងទទួលបានការគាំទ្រការទូតពីសំណាក់អាមេរិក។
អាកប្បកិរិយាបែបនេះរបស់អាមេរិកដែលគាំទ្រក្រុមប្រឆាំង និងដាក់សម្ពាធលើរដ្ឋាភិបាលលោក ម៉ាឌុយរ៉ូ ធ្វើឲ្យរុស្ស៊ីមិនពេញចិត្តឡើយ ដោយប្រមុខការទូតរុស្ស៊ី Sergei Lavrov បានប្រាប់អាមេរិកមិនត្រូវលូកលាន់កិច្ចការផ្ទៃក្នុងរបស់វ៉េណេស៊ុយអេឡាឡើយ។ បើតាមសារព័ត៌មាន RT លោក Lavrov និយាយថា ការលើកទឹកចិត្តរបស់អាមេរិកឲ្យក្រុមប្រឆាំងងើបតវ៉ា ធ្វើឲ្យក្រុមប្រឆាំងលែងចង់ចរចាជាមួយរដ្ឋាភិបាល។
គឺអនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន តែម្ដងដែលបញ្ជាក់ការគាំទ្ររបស់អាមេរិកលើលោក Guaido តាមរយៈការជជែកគ្នាតាមទូរសព្ទ។ មន្ត្រីសេតវិមាននិយាយថា ការជជែកតាមទូរសព្ទនេះ ជាការទទួលស្គាល់រដ្ឋសភាវ៉េណេស៊ុយអេឡាជាស្ថាប័នស្របច្បាប់តែមួយគត់ ខណៈអាមេរិកចាត់ទុកលោក ម៉ាឌុយរ៉ូ ជាប្រធានាធិបតីមិនស្របច្បាប់ និងទទូចឲ្យលោកលាលែងពីតំណែងផង។
យ៉ាងណាមិញ រដ្ឋសភាដឹកនាំក្រុមប្រឆាំងមិនមានអំណាចគ្រប់គ្រាន់ដើម្បីផ្ដួលលោក ម៉ាឌុយរ៉ូ ឡើយ។ ម្យ៉ាងរដ្ឋាភិបាលនេះត្រូវបានទាត់ចោល និងជំនួសសភានីតបញ្ញត្តិដែលគាំទ្រលោក ម៉ាឌុយរ៉ូ ហើយម្យ៉ាងលោក ម៉ាឌុយរ៉ូ នៅតែទទួលបានការគាំទ្រពីសំណាក់យោធាវ៉េណេស៊ុយអេឡាដដែល។ កន្លងមក ក្រុមប្រឆាំងបានព្យាយាមអូសទាញនាយទាហានឲ្យរត់ចោលប្រធានាធិបតីបច្ចុប្បន្ន ប៉ុន្តែមិនទាន់លទ្ធផលឡើយ។
សម្រាប់ជំហររបស់រុស្ស៊ីវិញ លោក Lavrov ពន្យល់ថា ការលូកដៃរបស់អាមេរិកក្នុងកិច្ចការវ៉េណេស៊ុយអេឡា គឺជារឿងគួរឲ្យបារម្ភយ៉ាងខ្លាំង។ លោកបន្តថា ទង្វើរបស់អាមេរិកក៏បង្ហាញដែរថា គោលនយោបាយរបស់អាមេរិកក្នុងការធ្វើរង្គោះរង្គើរដ្ឋាភិបាលបរទេសដែលខ្លួនមិនពេញចិត្ត នៅតែជាអាទិភាពដដែល៕
Tag:
រុស្ស៊ី
អាមេរិក
វ៉េណេស៊ុយអេឡា
Sergei Lavrov
© រក្សាសិទ្ធិដោយ thmeythmey.com