ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល ហៅ​ការយកពន្ធ​អង្ករ​កម្ពុជា ថា​ជាការ​ធ្វើឃាត​កសិករ​ក្រីក្រ និង​ត្រៀម​តវ៉ា​នឹង​អឺរ៉ុប​
17, Jan 2019 , 11:25 pm        
រូបភាព


​ក្រសួងពាណិជ្ជកម្ម  ដែលមាន​លោក ប៉ាន សូរ​ស័ក្តិ ជារដ្ឋមន្រ្តី បានចេញ​សេច​ក្តី​ថ្លែងការណ៍​ទាំងយប់ នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​នេះ ដើម្បី​ឆ្លើយតប​នឹង​សហភាព​អឺរ៉ុប ដែល​ស​ម្រេ​ច​យកពន្ធ​លើ​អង្ករ​ដែល​នាំចូល​ពី​កម្ពុជា​។ ចាប់ផ្តើម​ឃ្លា​ដំបូង​ក្នុង​សេចក្តីថ្លែងការណ៍ ក្រសួងពាណិជ្ជកម្ម បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​សេចក្តីសម្រេច​នេះ​។

អត្ថបទទាក់ទង
 
​តាមរយៈ​សេច​​ក្តី​ថ្លែងការណ៍ ក្រសួងពាណិជ្ជកម្ម បានចាត់ទុក​ការសម្រេច​របស់​សហភាព​អឺរ៉ុប ថា​មិន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ បទដ្ឋាន​បច្ចេកទេស និង​សច្ចភាព ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​កន្លង​មករ​វាង​កម្ពុជា និង​សហភាព​អឺរ៉ុប​។
 
​បន្ទាប់ពី​សម្តែង​ការសោកស្តាយ ក្រសួងពាណិជ្ជកម្ម ក៏​បង្ហាញ​ពី​ផលប៉ះពាល់ ដែលនឹងកើត​ដល់​ប្រជាកសិករ​កម្ពុជា ដោយសារតែការសម្រេច​របស់​សហភាព​អឺរ៉ុប​។ ក្រសួង បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖​«​ការសម្រេច​ដាក់​វិធានការ​ការពារ​ទីផ្សារ​ដោយ​សហភាព​អឺរ៉ុប មកលើ​អង្ករ ដែលមាន​ប្រភពដើម​មកពី​កម្ពុជា មាន​ឥ​ទិ្ធ​ពល​គ្រប់គ្រាន់ សម្រាប់​ដកហូត​ចំណូល​របស់​ប្រជាកសិករ​ក្រី​ក្រ​កម្ពុជា និង​ជា​អាវុធ​ធ្វើឃាត​ពួកគាត់ និង​ក្រុមគ្រួសារ ដែល​កំពុង​ជាប់បំណុល ជាមួយនឹង​ស្ថាប័ន​ឥណទាន ដែល​បានផ្តល់​ប្រាក់កម្ចី​ដល់​ពួកគាត់»​។ 
 
​សេចក្តីថ្លែងការណ៍​បានបញ្ជាក់​ទៀតថា​៖«​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា កំពុង​ពិនិត្យ​ផ្ទៀងផ្ទាត់​សេចក្តីសម្រេច​នេះ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ និង​វិធានការ​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​បន្ត​តវ៉ា​នឹង​សេចក្តីសម្រេច ដែល​ប្រជាជន​កម្ពុជា​យល់ថា ជា​សេចក្តីសម្រេច​ដែល​គ្មាន​សុក្រឹតភាព​និង​សច្ចភាព​សង្គម​និង​សេដ្ឋកិច្ច​»​។ 

ទោះជាប្រកាសថានឹងតវ៉ាក្តី តែក្រសួងពាណិជ្ជកម្ម នៅតែឆ្លៀតទទូចជាមុន ឲ្យសហភាពអឺរុប ពិចារណាជាថ្មី ចំពោះសេចក្តីសម្រេចនេះ។ ក្រសួងពាណិជ្ជកម្ម បានស្នើបែបនេះថា៖«ក្រសួងពាណិជ្ជកម្ម សូមចូលរួមជាមួយប្រជាជនកម្ពុជាប្រមាណ១៦លាននាក់ អំពាវនាវឲ្យគណៈកម្មការអឺរ៉ុប ពិនិត្យឡើងវិញនូវការសម្រេចរបស់ខ្លួន ដោយផ្អែកលើវិធានការពាណិជ្ជកម្មអន្តរជាតិ និងបំណងកិច្ចសហប្រតិបត្តិការល្អជាប្រពៃណីរវាងកម្ពុជានិងសហភាពអឺរ៉ុប»៕

Tag:
 អង្ករ
  EU
© រក្សាសិទ្ធិដោយ thmeythmey.com