ចប់​បរិញ្ញាបត្រ​កសិក​ម្ម លោក ពៅ សុភា មមាញឹក​​ដាំ​បន្លែ​សរីរាង្គ និង​ផ្តល់​បច្ចេកទេស​ដល់​កសិក​រ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ចប់​បរិញ្ញាបត្រ​កសិក​ម្ម លោក ពៅ សុភា មមាញឹក​​ដាំ​បន្លែ​សរីរាង្គ និង​ផ្តល់​បច្ចេកទេស​ដល់​កសិក​រ​
18, Jan 2019 , 12:25 pm        
រូបភាព
​តាកែវ​៖ លោក ពៅ សុភា បាន​ចំណាយពេល​ជាង​៧​ឆ្នាំ បណ្តុះបណ្តាល​បច្ចេកទេស​ដាំ​បន្លែ​សរីរាង្គ និង​ជំរុញ​ការផលិត​ដោយ​ផ្សារភ្ជាប់​នឹង​ទីផ្សារ​ដល់​កសិករ​តាម​សហគមន៍​នានា ដែល​ស្ថិតនៅ​ស្រុក​ត្រាំកក់ ខេត្ត​កែវ​។ រស់នៅក្នុង​កសិដ្ឋាន​ប​ន្លែ​សរីរាង្គ​ត្រពាំង​ក្រញូង អ្នកគ្រប់គ្រង​កសិដ្ឋាន រូបនេះ ព្យាយាម​ប្រើប្រាស់​ពេល​វេ​ល​, ជំនាញ និង​ចំណេះដឹង​កសិកម្ម ដែល​លោក​បាន​រៀន​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត ឲ្យ​មាន​ប្រយោជន៍​បំផុត ដើម្បី​បង្កើត​ការងារ​ឲ្យ​កសិករ​នៅតាម​ភូមិ និង​ផ្គត់ផ្គង់​អាហារ​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ​ផងដែរ​។​



​ក្រោយ​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​កសិកម្ម​នៃ​សាកលវិទ្យាល័យពុទ្ធិសាស្រ្ត លោក ពៅ សុភា បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​មួយ​របស់​អង្គការ​សេ​ដាក​រយៈពេល​៦​ខែ​។ វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឲ្យ​លោក ពៅ សុភា មានឱកាស​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​ជាមួយ​សេ​ដាក​។ ក្នុង​រយៈពេល​៧​ឆ្នាំ ដែល​លោក សុភា មក​រស់នៅក្នុង​កសិដ្ឋាន​បន្លែ​សរីរាង្គ​ត្រពាំង​ក្រញូង បានផ្ដល់​ឱកាស​ដល់​រូបលោក ក្នុងការ​អនុវត្ត​ការដាំ​ដំណាំ​បែប​សរីរាង្គ​ជាក់ស្ដែង ជាពិសេស ការគ្រប់គ្រង​ក្រុម​អ្នក​ផលិត និង​ទីផ្សារ​ផងដែរ​។​

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ពៅ សុភា កសិករ​ក្នុង​កសិដ្ឋាន​សេ​ដាក​ដូចតទៅ​៖ 
 
 
​ជា​រៀងរាល់ថ្ងៃ លោក សុភា ត្រូវ​ក្រោក​ពី​ព្រឹក​ព្រលឹម ដើម្បី​រៀបចំ​បន្លែ​សរីរាង្គ​ទៅ​ផ្គត់ផ្គង់​លើ​ទីផ្សារ​នា​ស្រុក​ត្រាំកក់ និង​ខេត្តកំពត​។ ក្រោយ​រៀបចំ​បន្លែ​ដាក់​ឲ្យ​អតិថិជន​រួចហើយ លោក សុភា មាន​តួនាទី​មួយទៀត គឺ​ចុះទៅ​បណ្ដុះបណ្ដាល​ដល់​កសិករ​របស់​អង្គការ​សេ​ដាក ទាក់ទង​នឹង​បច្ចេកទេស​ដាំ​ដុះ និង​ការផលិត​ផ្សារភ្ជាប់​ទីផ្សារ​។ ភាព​មា​ញឹក​របស់លោក សុភា នេះហើយ បានផ្ដល់​នូវ​មេរៀន​ទាំង​ការលំបាក និង​ភាពងាយស្រួល​ដល់​លោក​ជាច្រើន​។​
 
​បុរស​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង រូបនេះ តែងតែ​ចិញ្ចឹមចិត្ត លើ​ស្ទួយ​វិស័យ​កសិកម្ម​នៅក្នុង​ស្រុក ដើម្បី​រួមចំណែក​កាត់បន្ថយ​ការ​នាំចូល​បន្ថែ​ពី​បរទេស​។ នា​ថ្ងៃ​អនាគត លោក ពៅ សុភា នឹង​ត្រឡប់​ជួយ​កសិករ​នៅឯ​ស្រុកកំណើត​វិញ ដើម្បី​ឲ្យ​មាន​ភាព​រីកចម្រើន និង​បង្កើន​ប្រាក់ចំណូល​ដល់​កសិករ​៕

© រក្សាសិទ្ធិដោយ thmeythmey.com