អន្តរជាតិ
បំពុល​ខ្យល់ និង​ប្រែប្រួល​អាកាសធាតុ​គ្រោះថ្នាក់​ធំ​សម្រាប់​សុខភាព​ប្រជាជន​ពិភពលោក​បច្ចុប្បន្ន​
18, Jan 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អង្គការ​សុខភាព​ពិភពលោក (WHO) បានចាត់ទុក​ការបំពុល​ខ្យល់ និង​ការប្រែប្រួល​អាកាសធាតុ​ជា​គ្រោះថ្នាក់​ធំ​បំផុត​សម្រាប់​សុខភាព​ប្រជាជន​ពិភពលោក​ឆ្នាំ ២០១៩​។ កត្តា​ចម្បង​បង្កើត​ការបំពុល​ខ្យល់​គឺ​ចេញពី​ឧ​ស្សហកម្ម​, ការដឹកជញ្ជូន​, ការដុត​បញ្ឆេះ​ប្រេងឥន្ធនៈ និង​កសិកម្ម​ផងដែរ​។​


 
​ការបំពុល​ខ្យល់​ស្ថិតក្នុង​ចំណោម​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​ធំ​បំផុត​សម្រាប់​ប្រជាជន​ពិភពលោក​សម្រាប់​ឆ្នាំ ២០១៩​។ នេះ​បើតាម​ការបញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក​។ បើសិនជា​គ្មាន​ដំណោះស្រាយ​ទេ ការស្លាប់​របស់​ប្រជាជន​នឹង​បន្ត​កើនឡើង​ខ្លាំង​នៅពេល​អនាគត​។ 
 
​បើតាម​អង្គការ​សុខភាព​ពិភពលោក ប្រជាជន​ពិភពលោក​រហូតដល់ ៩០​ភាគរយ​ដែល​ស្រូបយក​ខ្យល់​កខ្វក់​រៀងរាល់ថ្ងៃ ហើយ​ក្នុង​មួយឆ្នាំ​មនុស្ស​ប្រហែល ប្រាំ​ពីរលាន​នាក់​ឯណោះ​បាន​ស្លាប់​ដោយសារតែ​ការបំពុល​ខ្យល់​នេះ ក្នុងនោះ​មាន​កើត​ជំងឺមហារីក ជំងឺ​ផ្លូវដង្ហើម បេះដូង និង​សួត​ជាដើម​។ 
 
​អង្គការ​អន្តរជាតិ​ដដែល​នេះ​បាន​បន្ថែមថា កម្រិត​បំពុល​ខ្យល់​ខ្លាំងជាងគេ​កើតឡើង​នៅ​តំបន់​ភាគ​ខាងកើត​មេ​ឌី​ទែ​រ៉ា​ណេ និង​អាស៊ីអាគ្នេយ៍ ដោយ​កម្រិត​បំពុល​នោះ​កើនឡើង​ប្រាំ​ដង​លើ​កម្រិត​ស្តង់​កំណត់​របស់ខ្លួន​ឯណោះ​។ ចំណែក​អ្នកស្លាប់​រហូតដល់ ៩០​ភាគរយ គឺ​ស្ថិតនៅ​ក្នុងប្រទេស​ដែលមាន​ចំណូល​ទាម និង​ចំណូល​មធ្យម ដែល​រង​ការបំពុល​ដោយសារ​កំណើន​ឧស្សាហកម្ម​, ដឹកជញ្ជូន កសិកម្ម និង​ការដុត​ប្រេងឥន្ធនៈ​នៅតាម​លំនៅដ្ឋាន​នានា​ផងដែរ​។​
 
​ក្រៅ​ពៅ​ការបំពុល​ខ្យល់ ការប្រែប្រួល​អាកាសធាតុ​ក៏​ជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​សុខភាព​ប្រជាជន​ដែរ​។ ជារួម វា​មាន​ចំណុច​ទាក់ទង​គ្នា​រវាង​ការប្រែប្រួល​អាកាសធាតុ និង​ការបំពុល​ខ្យល់​។ នោះ​គឺ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ទៅកាន់​បរិយាកាស​។ ឧស្ម័ន​ផ្ទះ​កញ្ចក់​នេះ​ជា​កត្តា​ចម្បង​ធ្វើ​ឲ្យ​អាកាសធាតុ​ប្រែប្រួល​ផង និង​ជាដើម​ហេតុ​នៃ​ការបំពុល​ខ្យល់អាកាស​ផង​។​
 
​ចំណែក ការដុត​ផូស៊ីល​ឥន្ធនៈ​ដើម្បី​បង្កើត​ថាមពល ការដឹកជញ្ជូន រោងចក្រ​ឧស្សាហកម្ម​សុទ្ធសឹង​ជា​ប្រភព​សំខាន់​នៃ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ដែល​បង្កើត​ការប្រែប្រួល​អាកាសធាតុ និង​ប្រភព​ចម្បង​នៃ​ការបំពុល​ខ្យល់​នេះដែរ​។ 
 
​យ៉ាងណាក៏ដោយ ការប្រែប្រួល​អាកាសធាតុ​បង្ក​ផលប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាជន​ក្នុងស្ថានភាព​ផ្សេងគ្នា​។ ការប្រែប្រួល​អាកាសធាតុ​បង្កើត​ឲ្យ​មាន​រលក​កម្តៅ​ញឹកញាប់​, កង្វះ​អាហារូបត្ថម្ភ​, បង្កើន​ជំងឺ​ឆ្លងតាម​ភ្នាក់ងារ និង​តាម​ទឹក​ដូចជា​គ្រុនចាញ់​, គ្រុនឈាម និង​អាសន្នរោគ​ជាដើម​។  ក្នុងករណី​ដែល​គ្មាន​ដំណោះស្រាយ​ត្រឹមត្រូវ ការបន្ត​កើនឡើង​នៃ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​នឹង​ប​ង្កើ​ឲ្យ​មនុស្ស​ស្លាប់ ២៥​ម៉ឺន​នាក់​បន្ថែមទៀត​រៀងរាល់​ឆ្នាំ​ចន្លោះ​ពី​ឆ្នាំ ២០៣០​ដល់​ឆ្នាំ ២០៥០​។  
 
​កាលពី​ខែធ្នូ អង្គការ​សុខភាព​លោក (WHO) បានចេញ​ផ្សាយ​របាយការណ៍​វិទ្យាសាស្ត្រ​មួយ​នៅ​កិច្ចប្រជុំ​អាកាសធាតុ​លើក​ទី ២៤ (COP24) នៅ​ក្រុង Katowice ប្រទេស​ប៉ូឡូញ ដោយ​ផ្តល់​អនុសាសន៍​ឲ្យ​បណ្តា​ប្រទេស​លើ​ពិភពលោក​សម្រេច​ឲ្យ​បាន​នូវ​ការប្តេជ្ញាចិត្ត​ក្រោម​កិច្ចព្រមព្រៀង​ក្រុងប៉ារីស បើសិន​ចង់​ទប់ស្កាត់​ការស្លាប់​របស់​មនុ​ស្សរា​ប់​លាន​នាក់ និង​ខាតបង់​សេដ្ឋកិច្ច​ធំធេង​ដែល​បង្កឡើង​ដោយ​ការបំពុល​ខ្យល់​នេះ​ផង​។​

Tag:
 ការបំពុល​ខ្យល់​
  ការប្រែប្រួល​អាកាសធាតុ​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com