ជាតិ
រដ្ឋមន្រី្តពាណិជ្ជកម្ម ជំរុញឲ្យមន្រី្តកាំកុងត្រូល បន្តពង្រឹងសុវត្ថិភាពម្ហូបអាហារ
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើឲ្យមន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល បន្តប្រឹងប្រែងត្រួតពិនិត្យទំនិញផ្ទុកសារធាតុគីមី ខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់ ដែលកំពុងចរាចរណ៍នៅលើទីផ្សារ ដើម្បីការពារសុខមាលភាពប្រជាជន និងភ្ញៀវទេសចរ។
លោក ប៉ាន់ សូរសក្តិ បានរំឭកឡើងវិញនូវចំណុចសំខាន់ៗ ពាក់ព័ន្ធបញ្ហាសុវត្ថិភាពម្ហូបអាហារ និងការធ្វើធុរកិច្ចដោយសមធម៌ ដែលបានចែងនៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅមន្ត្រីជំនាញ ដើម្បីធ្វើយ៉ាងណាអនុវត្តឲ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការទប់ស្កាត់ និងលុបបំបាត់អាហារខូចគុណភាព ក្នុងទិសដៅធានាសុវត្ថិភាពចំណីអាហារ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីកាំកុងត្រូល កាលពីថ្ងៃទី១៧ មករា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាននិយាយដូច្នេះថា៖«ខ្ញុំពិតជាមានការពេញចិត្ត ចំពោះស្នាដៃរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រី ដែលបានយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម។ ប៉ុន្តែយើងមិនត្រូវបញ្ឈប់សកម្មភាពត្រឹមនេះទេ ពីព្រោះបញ្ហាសុវត្ថិភាពចំណីអាហារ គឺជាអាយុជីវិតរបស់ជាតិ! ហើយតាមរយៈការមកដល់នូវរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្ងៃនេះ ខ្ញុំស្នើមន្ត្រីរបស់យើង ខិតខំបង្កើនសកម្មភាពថែមទៀត ដើម្បីការពារសុខមាលភាពជូនប្រជាជន» ។
បច្ចុប្បន្នបញ្ហាកង្វះសុវត្ថិភាពចំណីអាហារ បានក្លាយជាក្តីកង្វល់សម្រាប់ប្រជាជនកម្ពុជា និងប្រជាជនទូទាំងពិភពលោក សូម្បីតែនៅប្រទេសជឿនលឿន ដូចជាសហរដ្ឋអាមេរិកក្តី។
កាលពីឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បានបើកប្រតិបត្តិការត្រួតពិនិត្យទំនិញ និងសេវាកម្មទូទាំងប្រទេស ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងធានាការធ្វើធុរកិច្ចដោយសមធម៌។ តាមរយៈការស្កាត់ត្រួតពិនិត្យទំនិញនៅតាមមាត់ច្រកព្រំដែន និងទីផ្សារ រួមទាំងស្ថានីយប្រេងឥន្ធនៈ និងដេប៉ូចែកចាយនានា មន្ត្រីកាំកុងត្រូល បានប្រមូលទំនិញគ្មានអនុលោម មកធ្វើការដុតកំទេចចោលរហូតដល់ទៅជាង ៤៩តោន។ ចំណែកស្ថានីយ និងដេប៉ូចាក់ប្រេងចំនួន ១៧២ ក្នុងចំណោម ៤៩៩ មានកម្រិតលំអៀងផ្នែកបរិមាណ រីឯស្ថានីយចំនួន ៩ទៀត មានការលួចបន្លំគុណភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com