អន្តរជាតិ
វៀតណាម​បង្កើន​ការទិញ​ទំនិញ​ពី​អាមេរិក​ដើម្បី​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម ហើយ​រីករាយ​នឹង​ជួយ​រៀបចំ​ជំនួប​ត្រាំ​-​គីម លើក​ទី​ពីរ
18, Jan 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក លើកឡើងថា វៀតណាម​នឹង​ព្យាយាម​បង្កើន​ការ​នាំចូល​ទំនិញ​បន្ថែម​ពី​អាមេរិក​ដើម្បី​ធានា​តុល្យភាព​ពាណិជ្ជកម្ម​ទ្វេភាគី តាម​ការចង់បាន​រប​ស់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​។ ក្រៅពី​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​ជាមួយ​អាមេរិក មេដឹកនាំ​វៀតណាម​រូបនេះ​ក៏​ប្រកាស​ត្រៀមខ្លួន​ជួយ​សម្របសម្រួល និង​រៀបចំ​កិច្ចប្រជុំ​ប្រវត្តិសាស្ត្រ​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន​ជា​លើក​ទី​ពីរ​ផងដែរ បើសិនជា​ភាគី​ជ្រើស​រើសយក​វៀតណាម​មែន​នោះ​។


 
​ក្នុង​បទសម្ភាសន៍​ថ្មី​មួយ​ជាមួយ​ទូរទស្សន៍ Bloomberg នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៧ ខែមករា នាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន សួន​ហ្វ៊ុ​ក បង្ហើប​ថា វៀតណាម​កំពុង​បន្ត​នាំចូល​កាន់តែច្រើន​នូវ​ផលិតផល​ពី​ក្រុមហ៊ុន​អាមេរិក​ដូចជា ប៊ូ​អ៊ីង ក្រុមហ៊ុន General Electric ជាដើម​នៅពេល​បច្ចុប្បន្ន​។ 
 
​នាយករដ្ឋមន្ត្រី​រូបនេះ​បន្តថា វា​ជា​ចំណាត់ការ​របស់​វៀតណាម​ក្នុងការ​ធានា​ឲ្យ​បាន​នូវ​ការកាត់បន្ថយ​គម្លាត​ទំហំ​ពាណិជ្ជកម្ម និង​ធ្វើ​ឲ្យ​មាន​តុល្យភាព​ពាណិជ្ជកម្ម តាម​ការចង់បាន​រប​ស់​ប្រធានាធិបតី​។ 
 
«​យើង​មាន​គោលដៅ​សម្រេច​ឲ្យ​បាន​នៅ​ពាណិជ្ជកម្ម​ដែលមាន​តុល្យភាព​ជាង​នេះ​ជាមួយ​អាមេរិក​។ ការបញ្ជាទិញ​ទំនិញ​បន្ថែម​នេះ​នឹង​ជួយ​ឲ្យ​មាន​តុល្យភាព និង​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​វៀតណាម​ជាមួយ​មហាអំណាច​សេដ្ឋកិច្ច​ទីមួយ​នេះ​ផង​»​។ លោក ហ្វ៊ុ​កបាន​និយាយ​ដូច្នេះ​។ 
 
​ចាប់ពី​ពេល​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ដើមឆ្នាំ ២០១៧ បញ្ហា​ឱនភាព​ពាណិជ្ជ​កម្មជាប​ញ្ហា​ធំ​ដែល​លោក ត្រាំ ចង់​ដោះស្រាយ​។ ប្រធានាធិបតី​រូបនេះ​ដាក់​សម្ពាធ​ឲ្យ​បណ្តា​ប្រទេស​ដែលមាន​ឱនភាព​ពាណិជ្ជកម្ម​ធំៗ​ជាមួយ​អាមេរិក​បង្កើន​ការបញ្ជាទិញ​ទំនិញ​ពី​អាមេរិក​ដែរ​។ 
 
​វៀតណាម​ក្លាយជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​អាមេរិក ប៉ុន្តែ​ឱនភាព​ពាណិជ្ជកម្មទ្វេភាគី​មាន​រហូតដល់ ៣៣ ​ពាន់​លាន​ដុល្លារ​ឯណោះ​គិត​ត្រឹម​រយៈពេល ១០ ខែ​នៃ​ឆ្នាំ ២០១៨​។ ជារួម​វៀតណាម​ស្ថិតនៅ​លំដាប់ថ្នាក់​ទី​ប្រាំ​មួយក្នុងចំណោម​ប្រទេស​ដែលមាន​ឱនភាព​ពាណិជ្ជកម្ម​ធំ​បំផុត​ជាមួយ​អាមេរិក​បន្ទាប់ពី ចិន​, ម៉ិ​ក​ស៊ិ​ក​, អា​លឺ្ល​ម៉​ង់​, កាណាដា និង ជប៉ុន​។ 
 
​រដ្ឋាភិបាល​វៀតណាម​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះ និង​ព្យាយាម​បង្កើត​ទំនាក់ទំនង​ទាំង​សេដ្ឋកិច្ច និង​យោធា​ជាមួយ​អាមេរិក​ផង ដ្បិត​រដ្ឋ​អាស៊ីអាគ្នេយ៍​នេះ​ចង់​បន្ថយ​ការពឹងផ្អែក​ខ្លាំង​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ ចិន​បច្ចុប្បន្ន​នៅតែ​រក្សា​តំណែង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​វៀតណាម  ប៉ុន្តែ​ភាគី​ទាំងពីរ​នៅតែ​ប្រឈមមុខ​ដាក់គ្នា​ក្នុង​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​ដដែល​។​
 
​មេដឹកនាំ​វៀតណាម​រីករាយ​នឹង​ជួយ​រៀបចំ​ជំនួប ត្រាំ​-​គីម លើក​ទី​ពីរ​
 
​ក្រៅពី​រឿង​សេដ្ឋកិច្ច នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក ក៏បាន​លើកឡើង​ពី​គម្រោង​រៀបចំ​កិច្ចប្រជុំ​ពិសេស​រវាង​ប្រធានាធិបតី​អាមេរិក និង​កូរ៉េខាងជើង​លើ​ការរំសាយ​នុយក្លេអ៊ែរ​ដែរ​។ លោក សួន​ហ្វ៊ុ​ក បានប្រកាសថា លោក​មិន​បានដឹង​សោះ​ពី​គម្រោង​រៀបចំ​ជំនួប​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន នៅ​ហាណូយ​ឡើយ​។ ប៉ុន្តែ​តាងនាម​ឲ្យ​ប្រជាជន​វៀតណាម​លោក​ពិតជា​ស្វាគមន៍​កក់ក្តៅ និង​រីករាយ​ក្នុង​ការជួយ​រៀបចំ​ជំនួប​ប្រវត្តិសាស្ត្រ​នេះ​។ 
 
«​ខ្ញុំ​ពិតជា​មិនបាន​ដឹង​ឡើយ​ថា ភាគី​ទាំងពីរ​នឹង​សម្រេចយក​ការជួបប្រជុំគ្នា​នៅ​វៀតណាម​នោះ​។ យើង​មិន​បានដឹង​ទេពី​ការសម្រេចចិត្ត​ចុងក្រោយ​។ ប៉ុន្តែ​ប្រសិនបើ​វា​កើតឡើង​នៅទីនេះ​មែន យើង​នឹង​ប្រឹង​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​សម្របសម្រួល​ដល់​កិច្ចប្រជុំ​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ង្វៀន សួន​ហ្វ៊ុ​ក​។ 
 
​កន្លងមក​មានតែ​ការផ្សព្វផ្សាយ​ពី​កាសែត​កូរ៉េខាងត្បូង​ប៉ុណ្ណោះ​ដែល​បញ្ជាក់ថា ក្រុង​ហាណូយ​ជាទី​តាំង​នៃ​ជំនួប​លើក​ទី​ពីរ​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន​។ ប៉ុន្តែ​តាមពិត​មកដល់​បច្ចុប្បន្ន​មិនទាន់មាន​ការសម្រេច​ណាមួយ​ត្រូវបាន​ធ្វើឡើង​ឡើយ​ទាំង​កាលបរិច្ឆេទ និង​ទីតាំង​នៃ​ជំនួប​នោះ​។ មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​កំពុង​ស្ថិតនៅ​អាមេរិក​ដើម្បី​ជជែក​គ្នា​ជាមួយ​មន្ត្រី​អាមេរិក​ដើម្បី​សម្រេច​ចុងក្រោយ​៕
 

Tag:
 ​វៀតណាម​
  អាមេរិក​
  ង្វៀន សួន​ហ្វ៊ុ​ក​
  ដូ​ណា​ល់ ត្រាំ​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com