អន្តរជាតិ
ប្រមុខរបបសឹកថៃ ស្នើឲ្យគ្រូបង្រៀនណែនាំសិស្សពីការប្រយុទ្ធប្រឆាំងនឹង « Fake News » Thailand-Prayuth-Chan-ocha-Cabinet-January-9-2018
× រដ្ឋាភិបាលរបបសឹកថៃ បានស្នើឲ្យគ្រូបង្រៀនជួយណែនាំ និងជម្រុញដល់សិស្សានុសិស្សពិភាក្សាលើបញ្ហា «ព័ត៌មានក្លែងក្លាយ» នៅតាមសាលារៀន ដើម្បីជាផ្នែកមួយនៃការចូលរួមប្រយុទ្ធប្រឆាំងនឹងបញ្ហាតាមបណ្តាញសង្គមមួយនេះ។
នាឱកាសនៃការប្រារព្ធទិវាគ្រូបង្រៀននៅថ្ងៃ១៦ មករា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា បានលើកឡើងថា ក្នុងនាមជាអ្នកបង្ហាត់បង្ហាញសិស្ស គ្រូបង្រៀន ក៏ត្រូវតែជួយបង្កើតសង្គមមួយសន្តិភាព និងធានាថាកុមារទាំងអស់ប្រកាន់វិន័យបានខ្ជាប់ខ្ជួនជានិច្ច។ សម្រាប់លោកនាយករដ្ឋមន្ត្រី ការបញ្ជ្រាបគុណតម្លៃទៅលើកុមារ ងាយស្រួលជាងយុវវ័យ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ។
លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បញ្តាញផ្សព្វផ្សាយសង្គមបច្ចុប្បន្ន បានបង្កើតបរិយាសមួយគ្រោះថ្នាក់ ដែលលោក ចង់ឲ្យគ្រូនៅតាមសាលា ជួយលើកឡើងពីបញ្ហាសំខាន់ ហើយពិភាក្សា និងផ្តល់ការណែនាំជាដំណោះស្រាយ ដើម្បីធ្វើឲ្យសិស្ស មិនក្លាយជាជនរងគ្រោះនៃព័ត៌មានក្លែងក្លាយ ឬ Fake News ។
ប្រមុខរបបសឹករូបនេះ ចង់ឃើញ ការអប់រំក្រៅផ្លូវការមួយនេះ មានភាពល្អប្រសើរជាងនេះដើម្បីឆ្លើយតបទៅនឹងការវិវត្តរបស់សង្គម។ លោក ក៏បានប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រការអនុវត្តកម្មវិធីមួយនេះ ធ្វើយ៉ាងណាឲ្យសិស្សអាចមានមូលដ្ឋានក្នុងការគិតបានកាន់តែរឹងមាំ។
ក្រៅពីនេះ ជំរុញការដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយ និងគាំទ្រដល់ការបញ្ចេញមតិក្នុងចំណោមក្មេងៗថៃ លោក ប្រាយុទ្ធ ក៏បានដាស់តឿនឲ្យមានការបង្រៀនក្មេងពីព្រំដែននៃការបញ្ចេញមតិរបស់ខ្លួនដែរ។ មេដឹកនាំរូបនេះពន្យល់ថា ការឈ្លក់វង្វេងនឹងសិទ្ធិនិងសេរីភាពហួសហេតុពេក នឹងបង្កឲ្យទៅជាភាពជ្រួលច្របល់ប៉ុណ្ណោះ។
សូមជម្រាបផងដែរថា ព័ត៌មានក្លែងក្លាយ គឺជាធាតុចូលមួយ ដែលបង្កឲ្យមានការភាន់ច្រឡំពីស្ថានភាពរបស់ប្រទេស ឬរបបដឹកនាំរបស់រដ្ឋាភិបាលតាមរយៈការចែករំលែកបន្តៗគ្នា។
បញ្ហានេះ បានក្លាយជាក្តីបារម្ភរបស់ប្រទេសស្ទើរតែទាំងអស់ហើយរបស់ពិភពលោក។ រហូតដល់ប្រទេសមួយចំនួន បានបង្កើតច្បាប់សម្រាប់គ្រប់គ្រង ទប់ស្កាត់ និងប្រឆាំងបញ្ហានេះ តាមរយៈការដាក់ទោសទណ្ឌធ្ងន់ធ្ងរទៀតផង៕
Tag:
ថៃ
អាស៊ាន
Fake News
© រក្សាសិទ្ធិដោយ thmeythmey.com