ជាតិ
រដ្ឋាភិបាល ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ កុំ​ប្រើពាក្យ​«​របប​ក្រុងភ្នំពេញ និង​របប​លោក ហ៊ុន សែន​»
18, Jan 2019 , 4:13 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋា​ភិ​បាល ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ កុំប្រើពាក្យ​«​របប​ក្រុងភ្នំពេញ និង​របប​លោក ហ៊ុន សែន​» នៅក្នុង​អត្ថបទ​ព័ត៌មាន​របស់ខ្លួន​។ រដ្ឋាភិបាល ចាត់ទុក​ការប្រើប្រាស់​ពាក្យ​ទាំងនេះ ជាការ​ញុះញង់​ដែល​នាំ​ឲ្យ​បែកបាក់​ឯកភាព​ជាតិ និង​ប៉ះពាល់​ដល់​សន្តិភាព​ជាតិ​។​


 
«​ការប្រើប្រាស់​ពាក្យ​របប​ក្រុងភ្នំពេញ និង​របប​លោក ហ៊ុន សែន មាន​ចរិត​ជាការ​ញុះញង់ ធ្វើ​វិទ្ធង្សនា​បំបែកបំបាក់​សាមគ្គី និង​ឯកភាព​ជាតិ​របស់​កម្ពុ​ជា ដែល​បាននិងកំពុង​រស់នៅក្នុង​សង្គម​មួយ ដែលមាន​សុខដុម​នីយកម្ម និង​កំពុងប្រកាន់យក​ការអនុវត្ត​តាម​គោលការណ៍​នីតិរដ្ឋ​យ៉ាង​ម៉ឺងម៉ាត់​» ។ នេះ​ជាការ​លើកឡើង​របស់លោក ផៃ ស៊ី​ផាន ចាត់ទុកថា ការប្រើ​ពាក្យ​បែបនេះ នៅក្នុង​ប្រពន្ធ​ផ្សព្វផ្សាយ គឺ​វា​ប៉ះពាល់​ទៅដល់​ការដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​កំពុង​ការពារ និង​ពង្រឹង​ឯកភាព​ជាតិ អធិបតេយ្យភាព បូរណភាព​ទឺ​កដី តាមរយៈ​គោលនយោបាយ​បង្រួបបង្រួម​ជាតិ​។​
 
​ដោយសារ​យល់ឃើញ​បែបនេះ ទើប​ការិយាល័យ​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ និង​បណ្ដាញសារព័ត៌មាន​មួយចំនួន បញ្ឈប់​ការប្រើប្រាស់​ពាក្យ​«​របប​ក្រុងភ្នំពេញ និង​របប​លោក ហ៊ុន សែន​»​។ រដ្ឋាភិបាល យល់ថា ការប្រើប្រាស់​ពាក្យ​បែបនេះ ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​។ «​បើ​ពុំ​ដូច្នេះ​ទេ ការិយាល័យ​អ្នកនាំពាក្យ​រដ្ឋាភិបាល នឹង​សើរើ​ពិនិត្យ​ចំពោះ​ស្ថាប័ន​សារព័ត៌មាន​ណា ដែល​មិន​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​នេះ ដោយ​ការប្រើប្រាស់​ពាក្យ​ដូចដែល​បាន​លើក​មក​ខាងលើ ដែល​បង្កប​នូវ​អត្ថន័យ និង​ខ្លឹមសារ​ប្រឆាំង​និង​សុ​ឆន្ទៈ​ប្រជាជន​កម្ពុជា​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផៃ ស៊ី​ផាន​។​
 
​កាលពី​ថ្ងៃទី​១៧ មករា សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ប្រតិកម្ម​ចំពោះ​អ្នកប្រើប្រាស់​ពាក្យ​«​របប​ក្រុងភ្នំពេញ និង​របប​លោក ហ៊ុន សែន​» នេះដែរ​។ សម្ដេច ស ខេង ចាត់ទុក​អ្នកប្រើប្រាស់​ពាក្យ​នេះ គឺ​មិន​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ចេញទៅ​បោះឆ្នោត​រហូតដល់​៨៣​ភាគរយ​៕
 

Tag:
 ផៃ ស៊ី​ផាន​
  ហ៊ុន សែន​
  ព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com