ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ ឥសាន ថា លោក កឹម សុខា នៅមាន​ច្រកចេញ
18, Jan 2019 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ


​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បន្ត​សើចចំ​អក​ឲ្យ​អតីត​គណបក្សប្រឆាំង​។ តែ​លើក​នេះ លោក មិន​វាយប្រហារ​គណបក្សប្រឆាំង​ទាំងមូល​ទេ ដោយ​លោក និយាយ​លើកទឹកចិត្ត​ខាង​លោក កឹម សុខា និង​បន្តុះបង្អាប់​ខាង​លោក សម រង្ស៊ី​។
 
​អ្នកនាំពាក្យ​គណបក្ស​អំណាច​រូបនេះ វែកញែក​ថា ភាគី​លោក សម រង្ស៊ី មាន​អ្នកគាំទ្រ​ច្រើនជាង​ភាគី​លោក កឹម សុខា​។ ប៉ុន្តែ លោក លើកឡើងថា គុណវិបត្តិ គឺ​នៅត្រង់​លោក សម រង្ស៊ី មិន​ហ៊ាន​ចូល​ស្រុក​វិញ ដូច្នេះ ទោះ​មាន​អ្នកគាំទ្រច្រើន ក៏​គ្មាន​សំឡេង​ក្នុងការ​បោះឆ្នោត​ដែរ​។ 
 
​បន្ទាប់មក លោក ក៏​បង្ហាញ​ច្រក​សម្រាប់​លោក កឹម សុខា​។ លោក មើលឃើញថា ចំណុចខ្លាំង របស់លោក កឹម  សុខា ដែល​អាច​ចេញរួច គឺ​អំពាវនាវ​ឲ្យ​អ្នក​ជាប់​បម្រាម ដាក់សំណើ​ស្នើសុំ​នីតិសម្បទា ដើម្បី​បាន​ចូលធ្វើ​នយោបាយ​ឡើងវិញ​។​
 
​មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច បន្តទៀតថា ជំហាន​បន្ទាប់ គឺ​ពួកគេ អាចបង្កើត​គណបក្ស​ថ្មី​មួយ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត ពីព្រោះ​អ្នកគាំទ្រ​នៅតែ​ដដែល ដោយ​មិន​បាត់បង់​ទៅណា​ទេ​។ តាមរយៈ​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម លោក បាន​សរសេរ​សារ​ទៅកាន់​ក្រុមអ្នកកាសែត នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​នេះ យ៉ាង​ដូច្នេះ​ថា​៖«​ក្រឡា​លោត​របស់លោក កឹម សុខា នៅមាន តាម​ច្រក​មួយ​នេះ ទើប​អាចមាន​សង្ឃឹម​»​។​
 
​យ៉ាងណាក៏ដោយ លោក កឹម សុខា នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​នឹង​រឿង​នយោបាយ​។ ហើយ​ម្យ៉ាងទៀត ទាក់ទង​នឹង​រឿង​សុំ​សិទ្ធិ​នយោបាយ ក៏​គេ មិនទាន់​ឮ​ការ​បង្ហើប​ណាមួយ ពី​លោក កឹម សុខា ដែរ​។ 
 
​ចំណែក​លោក សម រង្ស៊ី បានប្រកាស​ពី​ក្រៅប្រទេស​ថា អតីត​គណបក្សប្រឆាំង នៅតែ​ខ្លាំង​និង​នៅតែ​សាមគ្គី​គ្នា​ដដែល​។ លើសពីនេះ លោក នៅតែ​ប្រើពាក្យ​ថា សម រង្ស៊ី​-​កឹម សុខា គឺជា​មនុស្ស​តែមួយ ដោយ​មិនអាច​បែក​គ្នា​ឡើយ​។ 
 
​មកដល់ពេលនេះ ក្នុងចំណោម​ថ្នាក់​ទាំង​១១៧​នាក់​នៃ​អតីត​គណបក្សប្រឆាំង ដែល​ត្រូវបាន​តុលាការ​កំពូល​ដកសិទ្ធិ​នយោបាយ មានតែ​លោក គង់ គាំ និង កូនប្រុស​ច្បង គឺ​លោក គង់ បូរ៉ា ប៉ុណ្ណោះ ដែល​ធ្វើ​សំណើសុំ​សិទ្ធិ​នយោបាយ​វិញ​។ ក្រោយមក ព្រះមហាក្សត្រ ក៏​ចេញ​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ ដើម្បី​ប្រោស​ព្រះរាជទាន​នូវ​នីតិសម្បទា​ជូន​ឪពុក​-​កូន​ទាំងពីរ​នេះ និង​រាជានុញ្ញាត​ឲ្យ​ពួកលោក ចូលធ្វើ​នយោបាយ​វិញ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​។ 
 
​លោក សម រង្ស៊ី បាន​អំពាវនាវ​ជា​ញឹកញាប់​ឲ្យ​ថ្នាក់ដឹកនាំ​របស់ខ្លួន​ទាំងអស់ កុំ​ឲ្យ​ធ្វើ​សំណើសុំ​សិទ្ធិ​នយោបាយ​ពី​រដ្ឋាភិបាល​។ លោក ប្រាប់​អ្នក​ទាំងនោះ ឲ្យ​បន្ត​រួមគ្នា​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា មុនគេ​បង្អស់ ហើយ​ចាំ​គិតពី​ដំណោះស្រាយ​ផ្សេង​តាម​ក្រោយ​។ 
 
​បើ​និយាយ​ពី​សំណុំរឿង​របស់លោក កឹម សុខា គឺ​បានអូសបន្លាយ​ពេល​ជិត​មួយ​ឆ្នាំកន្លះ​ហើយ​។ លោក ត្រូវបាន​ចាប់ខ្លួន​កាលពី​ពាក់​កណ្តាលអធ្រាត្រ ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧  ក្រោម​ការសង្ស័យថា បានរួម​គំនិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ 
 
​រហូតដល់​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ពោលគឺ​ក្រោយ​ការជាប់​ឃុំ​ក្នុង​ពន្ធនាគារ​បាន​មួយឆ្នាំ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​ឲ្យ​លោក រស់នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។ ប៉ុន្តែ ចៅក្រម​ស៊ើបសួរ បានដាក់​បម្រាម​យ៉ាង​តឹងរឹង​ចំពោះ​លោក ដោយ​មិន​ឲ្យ​លោក ចេញពីផ្ទះ​រហូត​ហួស​ពី​ព្រំដែន​កំណត់ មិន​ឲ្យ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង និង​មិន​ឲ្យ​ជួប​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​។ 
 
​ក្រុម​អ្នកប្រឆាំង មិន​ចាត់ទុកថា លោក កឹម សុខា រួច​ផុតពី​ការឃុំ​ឃាំង​នោះទេ​។ ពួកគេ  អះអាងថា លោក កឹម សុខា នៅតែ​ជាប់ឃុំ​ដដែល ដោយ​ចៅក្រម​ស៊ើបសួរ គ្រាន់តែ​ប្តូរ​ពី​ការឃុំ​ក្នុង​ពន្ធនាគារ ទៅជា​ការឃុំ​ក្នុងផ្ទះ​ប៉ុណ្ណោះ​៕ 

Tag:
 ​សុខ ឥសាន​
  កឹម សុខា​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com