អន្តរជាតិ
លោក មហា​ធៀ ថា ស្ថិរភាព​និង​អភិបាលកិច្ច​ល្អ​ចាំបាច់​សម្រាប់​ដំណើរការ​របស់​ប្រទេស​
18, Jan 2019 , 10:19 pm        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​លើកឡើងថា​អភិបាលកិច្ច​ល្អ​និង​ស្ថិរ​ភាពជា​ធាតុ​ផ្សំ​ដ៏​សំខាន់ សម្រាប់ធ្វើ​ឲ្យ​ប្រទេស​ដំណើរការ​ទៅមុខ​បានល្អ​។ ប្រមុខ​ដឹកនាំ​ដ៏​ចំណាស់​រូបនេះ​បាន​និយាយ​បែបនេះ​នៅក្នុង​សារ​វីដេអូ​មួយ​នៅពេល​បើក​កម្មវិធី​សន្និសីទ​អន្តរជាតិ​លើក​ទី​បី​ស្តីពី​ការ​ងើបឡើង​នៃ​តំបន់​អាហ្វ្រិក​នៅ​ថ្ងៃទី​១៨ ខែមករា​។

 
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ​ចំណាស់ លោក មហា​ធៀ មហាម៉ាត់ ជឿជាក់ថា លោក​មាន​បទពិសោធ​ច្រើន​គួរសម​ក្នុងការ​ដឹកនាំ​ប្រទេស ចាក​ចេញពី​ប្រទេស​កំពុងអភិវឌ្ឍន៍​ទៅកាន់​ប្រជាជាតិ​មាន​ប្រាក់ចំណូល​មធ្យម​ខ្ពស់​មួយ​។ យោងតាម​សារព័ត៌មាន Bernama លោកនាយក​រដ្ឋមន្ត្រី​វ័យ​៩៣​ឆ្នាំ​រូបនេះ​បាន​សង្កត់ធ្ងន់ថា គ្រប់​ប្រទេស​ទាំងអស់​អាចធ្វើ​តាម​អ្វីដែល​លោក​ផ្តល់​ឲ្យ​នេះ​។​
 
«​រឿង​ដែល​សំខាន់បំផុត​ដើម្បី​អាច​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​របស់​ប្រទេសមួយ​បាន គឺ​អាស្រ័យ​លើ​ស្ថិរភាព​ក៏ដូចជា​អភិបាលកិច្ច​ល្អ​។ ហើយ​នៅពេល​វា​កើតឡើង​នោះ ប្រទេស​នឹង​ដំណើរការ​មុខ​យ៉ាង​រលូន​តែម្តង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក មហា​ធៀ ដែលជា​មេដឹកនាំ​អាស៊ី​តែ​ម្នាក់​គត់ ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូល​សន្និសីទ​អន្តរជាតិ​ខាងលើនេះ ដែល​រៀបចំឡើង​ចាប់ពី​ថ្ងៃទី ១៧ ដល់ ថ្ងៃទី ១៩ ខែមករា​។ 
 
​ក្រៅពី​ចូលរួម​ក្នុង​សន្និសីទ​នេះ លោក មហា​ធៀ ក៏បាន​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​អាហ្វ្រិក​មួយចំនួន​ផងដែរ ដូចជា ប្រធានាធិបតី​សេ​ណេ​ហ្កា​ល់  Macky Sall និង​ប្រធានាធិបតី​ម៉ាលី Ibrahim Boubacar Keita​។ ជាមួយនឹង​មូលបទ «​ការ​ងើបឡើង​, វិស័យ​ឯកជន និង​បរិ​យា​ប័ន្ន​» សន្និសីទ​នេះ​ផ្តល់ឱកាស​ដល់​លោក មហា​ធៀ ដើម្បី​បង្ហាញ​ភាពជោគជ័យ​នៃ​ភាពជា​ដៃគូ​ឯកជន​-​សាធារណៈ​ក្នុងប្រទេស​ម៉ាឡេស៊ី​ថែមទៀត​ផង​៕

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com