អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បេក្ខជន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី តតាំង​សម្ដី​គ្នា​លើ​ឆាក​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត​
19, Jan 2019 , 9:39 am        
រូបភាព
front-លោក ចូកូ វីដូដូ និងបេក្ខភាពអនុប្រធានាធិបតីរបស់លោក (រូបភាព AFP)
front-លោក ចូកូ វីដូដូ និងបេក្ខភាពអនុប្រធានាធិបតីរបស់លោក (រូបភាព AFP)
​បេក្ខជន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​១៧ ខែមករា បានចាប់ផ្ដើម​វេទិកា​ដេញដោល​លើកទីមួយ​ដើម្បី​ប្រមូល​ការគាំទ្រ​សម្រាប់​ការបោះឆ្នោត​ខែមេសា ឆ្នាំ​២០១៩ ។ ប្រធានាធិបតី​បច្ចុប្បន្ន ចូ​កូ វី​ដូ​ដូ ដែល​ឈរឈ្មោះ​ប្រជែង​សម្រាប់​អាណត្តិ​ទី​ពីរ បាន​តតាំង​សម្ដី​គ្នា​ជាមួយ​គូប្រជែង​ស្រួចស្រាល់​លោក ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ ។ អ្នកនយោបាយ​ទាំងពីរ បាន​រិះគន់​គ្នា​ទៅមក​លើ​ប្រធានបទ​សំខាន់ៗ​ដូចជា​អំពើពុករលួយ សិទ្ធិ​ស្ត្រី និង​ការអនុវត្ត​ច្បាប់​។

 
​អតីត​ឧ​ត្ត​ម​សេនីយ៍ ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ មេទ័ព​សម័យ​មេដឹកនាំ​ផ្ដាច់ការ​ស៊ូ​ហារ​តូ បាន​ឡើង​ឆាក​ជាថ្មី​ដើម្បី​ប្រជែង​កៅអី​ប្រធានាធិបតី​ដែល​កំពុង​អង្គុយ​ដោយ​លោក ចូ​កូ វី​ដូ​ដូ​។ លោក សូ​ប៊ីយ៉ា​ន់​តូ ត្រូវបាន​លោក វី​ដូ​ដូ ផ្ដួល​ទាំង​មិន​អស់ចិត្ត​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១៤ ដែល​ធ្វើ​ឲ្យ​លោក វី​ដូ​ដូ ក្លាយជា​មេដឹកនាំ​ឥណ្ឌូណេស៊ី​ដំបូង​គេ​គ្មាន​ប្រភពពី​យោធា ឬ​សម្ព័ន្ធ​នយោបាយ​ជាន់ខ្ពស់​ណាមួយ​សោះ​។ 
 
​លោក វី​ដូ​ដូ ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា ចូ​កូ​វី និង​លោក សូ​ប៊ីយ៉ា​ន់​តូ បាន​ជួបគ្នា​ជាថ្មី​លើ​ឆាក​ដេញដោល​ពី​គោលនយោបាយ​នៅ​ថ្ងៃទី​១៧ ខែមករា​។ នេះ​ជាការ​ជជែក​តស៊ូ​មតិ​លើកទីមួយ​ក្នុងចំណោម​ប្រាំ មុន​ការបោះឆ្នោត​ថ្ងៃទី​១៧ ខែមេសា​។ 
  
លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ និងបេក្ខភាពអនុប្រធានាធិបតីរបស់លោក (រូបភាព AFP)

​ពាក់អាវ​ឈរ​ក្បែរ​បេក្ខជន​អនុ​ប្រធានាធិបតី​របស់ខ្លួន គឺ​បព្វជិត​ឥស្លាម Ma'ruf Amin នោះ លោក វី​ដូ​ដូ បាន​និយាយ​ការពារ​សមិទ្ធ​ផលរប​ស់​រដ្ឋាភិបាល​លោក និង​បាន​វាយប្រហារ​គោលនយោបាយ​គូប្រជែង​របស់ខ្លួន​។ លោក វី​ដូ​ដូ ចោទ​លោក សូ​ប៊ីយ៉ា​ន់​តូ ថា អនុញ្ញាត​ឲ្យ​អ្នកនយោបាយ​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​ឈរឈ្មោះ​ការបោះឆ្នោត​សភា និង​មិន​ផ្ដល់​តំណែង​ឲ្យ​ស្ត្រី​ក្នុង​បក្ស​របស់ខ្លួន ដែល​ផ្ទុយ​ពី​រដ្ឋាភិបាល​ដែល​បាន​ឲ្យ​ស្ត្រី​៩​នាក់​កាន់តំណែង​រដ្ឋមន្ត្រី​។ 
 
​លោក សូ​ប៊ីយ៉ា​ន់​តូ ដែល​ពាក់​អាវខ្មៅ និង​ក្រវាត់ក​ក្រហម ក៏​ឆ្លើយ​វិញ​ថា បក្ស Gerindra របស់លោក បានអនុញ្ញាត​ឲ្យ​ស្ត្រី​ជាច្រើន​ធ្វើជា​បេក្ខជន​តំណាងរាស្ត្រ និង​រិះគន់​រដ្ឋមន្ត្រី​ស្ត្រី​ក្នុងគណៈ​រដ្ឋមន្ត្រី​របស់​លោក វី​ដូ​ដូ ដែល​សម្រេចចិត្ត​មិនសូវមាន​ប្រសិទ្ធភាព​។ លើ​រឿង​ពុករលួយ អតីត​មេទ័ព​រូបនេះ​សន្យា ចាត់វិធានការ​តឹងតែង​លើ​ជនល្មើស ដោយ​យក​ពួកគេ​ទៅ​ឃុំ​នៅ​កោះដាច់​ស្រយាល ហើយ​ឲ្យ​ធ្វើការ​ងា​ធ្ងន់ៗ​ជាដើម​។ 
 
​យ៉ាងណាមិញ បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​មិនបាន​និយាយ​សោះ​ពី​ការចោទប្រកាន់​លើ​លោក សូ​ប៊ីយ៉ា​ន់​តូ ជុំវិញ​ការបំពាន​សិទ្ធិមនុស្ស​សម័យ​លោក ស៊ូ​ហារ​តូ ។ លោក សូ​ប៊ីយ៉ា​ន់​តូ ដែលជា​អតីត​មេបញ្ជាការ​កម្លាំង​ពិសេស​រង​ការ​ចោទថា ចាប់ពង្រត់ និង​ធ្វើ​ទារុណកម្ម​លើ​និស្សិត​អំឡុងពេល​បាតុកម្ម​ឆ្នាំ​១៩៩៨ ដែល​ឈានដល់​ការដួលរលំ​របប​ផ្ដាច់ការ​។ មន្ត្រី​ក្រុម​ឃោសនា​របស់លោក​និយាយ​ការពារ​ថា លោក សូ​ប៊ីយ៉ា​ន់​តូ ធ្វើតាម​បញ្ជា​ថ្នាក់លើ​ប៉ុណ្ណោះ​៕ 
 
 


Tag:
 ​ឥណ្ឌូណេស៊ី​
  ចូ​កូ វី​ដូ​ដូ​
  ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ
© រក្សាសិទ្ធិដោយ thmeythmey.com