ជាតិ
សង្គមជាតិ
លោក ជា សុផារ៉ា ប្រាប់​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត បោះបង្គោល​ព្រំដី​រដ្ឋ ដើម្បី​ទប់ស្កាត់​ការទន្ទ្រាន​ដី​
18, Jan 2019 , 11:01 pm        
រូបភាព
រូបពីហ្វេសប៊ុករបស់លោក ជា សុផារ៉ា
រូបពីហ្វេសប៊ុករបស់លោក ជា សុផារ៉ា
ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី ខេត្ត និង គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ ពង្រឹង​ការគ្រប់គ្រង​ថែរក្សា​ដី​រដ្ឋ និង​ការពារ​កុំ​ឲ្យ​មានការ​ទន្ទ្រាន​ពី​ក្រុម​ខិលខូច យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។

  
 
​លោក ជា សុផារ៉ា បាន​និយាយថា អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ផ្ដល់​ទិន្នន័យ​ដី​រដ្ឋ ដែល​ស្ថិតក្នុង​សមត្ថកិច្ច​កាន់កាប់​គ្រប់គ្រង​របស់ខ្លួន ដាក់បញ្ចូល​ក្នុង​ផែនទី​រួម ហើយ​រៀបចំ​បោះបង្គោល​ព្រំដី និង​រៀបចំ​ប៉ាណូ​ផ្សព្វផ្សាយ​ដល់​សាធារណៈជន សំដៅ​រួមគ្នា​ការពារ​ដី​រដ្ឋ​សម្រាប់​ទុកជា​ប្រយោជន៍​រួម​។ 
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បាន​នៅឡើយ​ទេ​។ ប៉ុន្តែ​តាមរយៈ​កិច្ច​សម្ភាស​ដល់​វិទ្យុជាតិ​កម្ពុជា លោក សេង ឡូត បាន​បញ្ជាក់ថា បច្ចុប្បន្ន​តំបន់​ដី​រដ្ឋ​មួយចំនួន​ត្រូវបាន ជនខិលខូច​រុករាន​ទន្ទ្រាន​ដោយ​ខុ​ច្បាប់​យកមក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដូចជា​ដីព្រៃ ដី​ជលផល ដី​ចំណី​ឆ្នេរ បឹង ព្រែក នឹង​ដី​ផ្សេងៗ​ទៀត​ជាច្រើន ដែល​ធ្វើ​ឲ្យ​ប៉ៈ​ពាល់​ដល់​ទ្រព្យសម្បតិ្ត​ជាតិ និង​ផលប្រយោជន៍​សាធារណៈ​។​
 
​កាលពី​ថ្ងៃទី ១៦ ខែមករា ឆ្នាំ​២០១៩ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា បាន​ប្រាប់​ទៅ​គណៈ​អភិបាល​រាជធានី ខេត្ត និង​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ ដោយ​សង្កត់ធ្ងន់ថា មិនត្រូវ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ដី​ខុសច្បាប់​ទាំង​នោះឡើយ ៕ 

Tag:
 ជា សុផារ៉
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com