ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! ដោះស្រាយ​បញ្ហា​សក់​ស្ដើង ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​ទាំងនេះ​
20, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទោះបីជា​បញ្ហា​សក់​ស្ដើង ហើយ​ថែមទាំង​ជ្រុះ​តែង​កើតមាន​ធម្មតា​ចំពោះ​បុរស ប៉ុន្តែ​មនុស្ស​ស្រី​ក៏​អាច​ជួបប្រទះ​បញ្ហា​នេះ​ផងដែរ​កំឡុងពេល​មាន​ផ្ទៃពោះ​, ប្រើប្រាស់​ថ្នាំ​ណាមួយ​, តំណពូជ ឬ​បញ្ហា​សុខភាព​ណាមួយ​។ មកទល់នឹង​ពេលបច្ចុប្បន្ន​ផលិតផល​ថែរ​រក្សា​សក់​ព្យាបាល​សក់​ជ្រុះ​ស្ដើង​មាន​មិន​ខ្វះ​ឡើយ តែ​វា​មានតម្លៃ​ថ្លៃ ហើយ​មួយចំនួន​មាន​ផ្ទុក​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​។ ប៉ុន្តែ​កុំ​បារម្ភ​! មាន​រូបមន្ត​បែប​ធម្មជាតិ​ច្រើនណាស់​ជួយ​ដោះស្រាយ​បញ្ហា​សក់​ស្ដើង ហើយ​ជ្រុះ​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​។ ហើយ​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ និង​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​ដោះស្រាយ​បញ្ហា​សក់​ស្ដើង ហើយ​ជ្រុះ ៖


 
១. កាត់បន្ថយ​ការលេង​ស្ទា​យល៍​សក់​
 
 
​ស្ត្រី​ភាគច្រើន​ចូរ​ចិត្ត​លេង​ស្ទា​យល៍​សក់​ជាមួយ​ឧបករណ៍​កម្ដៅ​ផ្សេងៗ​ដូចជា ម៉ាស៊ីន​កៀប​, ម៉ាស៊ីន​ផ្លុំ​សក់ និង​មូរ​រួញ​។ កម្ដៅ​ខ្លាំង​ដែល​ចេញពី​ឧបករណ៍​ទាំងនេះ​បំផ្លាញ​សក់​គួរឱ្យ​ព្រួយបារម្ភ​ដែល​អាចធ្វើឱ្យ​ក្លាយជា​បែក​ចុង​, ផុយស្រួយ និង​ចាប់ផ្ដើម​ជ្រុះ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​កាត់បន្ថយ​ការលេង​ស្ទា​យល៍​សក់​បែប​មូរ​រួញ ឬ​កៀប​ឱ្យ​ត្រង់​មក​ត្រឹម ១ ឬ ២ ដង​បាន​ហើយ​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទុកពេល​ឱ្យ​សក់​ជួសជុល​ខ្លួនឯងបាន​ខ្លះ​។ ហើយ​គួរ​ចាំ​ក្នុង​ចិត្ត​ផងដែរ​ថា របៀប​នៃ​ការលេង​ស្ទា​យល៍​សក់​ឱ្យ​ស្អាត​មាន​ច្រើនណាស់​មិនចាំបាច់​ត្រូវតែ​ប្រើប្រាស់​ម៉ាស៊ីន​កៀប ឬ​ផ្លុំ​ឡើយ​។​

២. ម៉ាស្សា​ស្បែកក្បាល​ជាមួយ​ប្រេង​

​វិធី​ព្យាបាល​សក់​ជ្រុះ​ស្ដើង​បែប​ធម្មជាតិ​មួយទៀត គឺ​ការប្រើប្រាស់​ប្រេង​ដូចជា ប្រេង​អូ​លីវ និង​ប្រេងដូង​ម៉ាស្សា​លើ​ស្បែកក្បាល​។ ប្រេង​ទាំង ២ នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​ល្អៗ រួមទាំង​វីតាមីន និង​ជាតិ​រ៉ែ​ដែល​មិន​ត្រឹមតែ​ជួយ​ជួសជុល​សក់​ខូច​ជ្រុះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រសើរ​ចំពោះ​ស្ថានភាព​នៃ​ស្បែកក្បាល​ផងដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កម្ដៅ​ប្រេង​រហូតដល់​ក្ដៅ​ឧណ្ហៗ រួច​ចាប់ផ្ដើម​ម៉ាស្សា​វា​លើ​សក់ និង​ស្បែកក្បាល​។ ហើយ​ទុកចោល​សម្រាប់​រយៈពេល ៤៥ នាទី​សិន សឹម​កក់​សម្អាត​សក់​ជាមួយ​សាប៊ូ​ដូច​ធម្មតា​ជាការ​ស្រេច​។​

៣. ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ប្រមាណ​ជា ២ ស្លាបព្រា​កាហ្វេ មក​កិន ឬ​វឹក​រហូត​ក្លាយជា​ម៉ដ្ឋ​រលោង សឹម​ម៉ាស្សា​លើ​ស្បែកក្បាល​ដោយ​ប្រើ​ចុង​ម្រាមដៃ​សម្រាប់​រយៈពេល ៥ នាទី​។ ហើយ​ទុកចោល​សម្រាប់​រយៈពេល ២៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​

៤. លាប​ខ្ទិះដូង​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ម៉ាស្សា​ខ្ទិះដូង​លើស​ក់ និង​ស្បែកក្បាល ហើយ​ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​។ អនុវត្តន៍​រូបមន្ត​នេះ​ឱ្យបាន​យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​។​

៥. ស៊ុត​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ស៊ុត ១ គ្រាប់ ជាមួយ​ប្រេង​អូ​លីវ ១ ស្លា​ន​ព្រា​បាយ ក្នុង​ចានគោម​តូច​មួយ​រហូតដល់​ក្លាយជា​ល្បាយ​ម៉ដ្ឋ​រលោង​។ លាប​ល្បាយ​លើស​ក់ និង​ស្បែកក្បាល​រហូតដល់​សព្វ​។ គ្រប​សក់​ជាមួយ​មួក​ពាក់​ងូតទឹក ហើយ​ទុកចោល​សម្រាប់​រយៈពេល ២០ នាទី សឹម​កក់​លាង​សម្អាត​សក់​ចេញ​ជាមួយ​សាប៊ូ និង​ទឹក​ត្រជាក់​ជាការ​ស្រេច​៕

 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com